(បាងកក)៖ ប្រទេសថៃ នឹងរៀបចំការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភានេះ បន្ទាប់ពីប្រទេសជាសមាជិកអាស៊ានមួយនេះត្រូវបានដឹកនាំដោយ រដ្ឋាភិបាលកើតចេញពីរដ្ឋប្រហារធ្វើឡើងដោយយោធាដែលមានភក្ដីភាពយ៉ាងស្មោះស័្មគ្រចំពោះរបបរាជានិយមថៃ ចាប់តាំងពីឆ្នាំ២០១៤មក។ ការស្ទង់មតិជាច្រើនបានបង្ហាញថា គណបក្សប្រឆាំងភឿថៃ នឹងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនេះ ហើយវាក៏មិនមែនជារឿងចម្លែកនោះដែរ ដ្បិតនៅក្នុងការបោះឆ្នោតកន្លងមក គណបក្សប្រឆាំងតែងតែឈ្នះ។ក៏ប៉ុន្តែ ផ្អែកលើប្រព័ន្ធបោះឆ្នោតថៃសព្វថ្ងៃ ត្រូវបានកែប្រែជាបន្តបន្ទាប់ដោយរដ្ឋាភិបាលគាំទ្រដោយយោធា លទ្ធផលបោះឆ្នោតនៅថ្ងៃបោះឆ្នោត មិនអាចកំណត់បានទាំងស្រុងថាតើ គណបក្សណាអាចបង្កើតរដ្ឋាភិបាលបាន ឬក៏ថាតើនរណានឹងក្លាយជានាយករដ្ឋមន្ត្រីនោះទេ។ ដូច្នេះខាងក្រោមនេះគឺជាចំណុចសំខាន់ៗ គួរដឹងពីប្រព័ន្ធបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រថៃ៖

* ប្រព័ន្ធបោះឆ្នោត «គូសសន្លឹកឆ្នោតពីរសន្លឹក»
បើតាមគណៈកម្មការរៀបចំការបោះឆ្នោតថៃ ក្នុងការបោះឆ្នោតអាណត្តិថ្មីនេះ មានប្រជាជនថៃប្រហែល ៥២លាននាក់ នៃប្រជាជនសរុប ៦៥លាននាក់ មានសិទ្ធិបោះឆ្នោត ដោយពួកគេ មានអាយុ១៨ឆ្នាំឡើង គិតត្រឹមថ្ងៃបោះឆ្នោត។ ការបោះឆ្នោតរបស់ថៃ ធ្វើឡើងតាមប្រព័ន្ធបោះឆ្នោតចម្រុះ ដោយប្រជាជនថៃនឹងត្រូវបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្ត្រ ឬរដ្ឋសភា ឬក៏សភាជាន់ទាបចំនួន ៥០០រូបសម្រាប់អាណត្តិមានរយៈពេល៤ឆ្នាំ។ នៅក្នុងចំណោមសមាជិករដ្ឋសភាទាំង៥០០រូបនេះទៀតសោត មាន៤០០រូបត្រូវបានបោះឆ្នោត ជ្រើសរើសតាម «ប្រព័ន្ធឯកត្តនាមគិតតាមមណ្ឌលបោះឆ្នោតនីមួយៗ» ពោលគឺមណ្ឌលមួយត្រូវមានតំណាងរាស្ត្រម្នាក់។ ចំណែក ១០០រូបផ្សេងទៀតត្រូវបានបោះឆ្នោតជ្រើសរើសតាម «ប្រព័ន្ធបោះឆ្នោតសមាមាត្រ ផ្អែកលើបញ្ជីបេក្ខជនរបស់គណបក្សនយោបាយទាំងអស់» ក្រោមក្របខណ្ឌជាតិ។

នៅថ្ងៃបោះឆ្នោត អ្នកបោះឆ្នោតម្នាក់ៗនឹងត្រូវគូសលើសន្លឹកឆ្នោតចំនួន២សន្លឹក ដោយមួយសន្លឹកសម្រាប់បេក្ខជនប្រចាំមណ្ឌល និងមួយសន្លឹកទៀត សម្រាប់គណបក្សនយោបាយដែល ពួកគេពេញចិត្ត។ នៅក្នុងការបោះឆ្នោតកាលពីខែមីនា ឆ្នាំ២០១៩ អ្នកបោះឆ្នោតត្រូវគូសលើសន្លឹកឆ្នោតតែមួយប៉ុណ្ណោះ។ មែនទែនទៅ ប្រព័ន្ធបោះឆ្នោតគូសសន្លឹកឆ្នោត ២សន្លឹក ត្រូវបានយកមកប្រើជាលើកដំបូងក្នុងការបោះឆ្នោតសកលក្នុងប្រទេសថៃ នៅឆ្នាំ២០០១។ ប៉ុន្តែ នៅឆ្នាំ២០១៨ របបសឹកថៃបានកែប្រែទៅជាប្រព័ន្ធបោះឆ្នោតគូសសន្លឹកឆ្នោតតែមួយ ហើយកាលពីឆ្នាំ២០២២ ប្រព័ន្ធបោះឆ្នោតថៃត្រូវបានកែប្រែម្ដងទៀតទៅជា «ប្រព័ន្ធបោះឆ្នោតគូសសន្លឹកឆ្នោត ២សន្លឹកវិញសាជាថ្មី»។

សន្លឹកឆ្នោតសម្រាប់បេក្ខជន នឹងត្រូវយកទៅរាប់ដើម្បីកំណត់អ្នកឈ្នះនៅតាមមណ្ឌលនីមួយៗ ដោយបេក្ខជនដែលមានសំឡេងគាំទ្រច្រើនជាងគេគឺជាអ្នកឈ្នះ។ ចំណែក សន្លឹកឆ្នោត សម្រាប់គណបក្សវិញ នឹងត្រូវយកទៅរាប់បូកបញ្ចូលជាមួយមណ្ឌលផ្សេងទៀត ដើម្បីកំណត់សំឡេងសរុបរបស់គណបក្សនីមួយៗនៅទូទាំងប្រទេស។ សំឡេងសរុបនេះហើយ នឹងត្រូវ យកទៅគណនាបែងចែកអាសនៈទាំង១០០ ទៅឱ្យគណបក្សនយោបាយដែលបានដាក់បេក្ខជនឈរឈ្មោះដែលជាការគណនាមួយមានភាពស្មុគស្មាញ និងពិបាកយល់។

* ការបង្កើតរដ្ឋាភិបាល និងការជ្រើសរើសនាយករដ្ឋមន្ត្រី
ដូចបានរៀបរាប់ខាងលើ លទ្ធផលនៅថ្ងៃបោះឆ្នោតមិនអាចកំណត់បានទាំងស្រុងថាតើគណបក្សណាអាចបង្កើតរដ្ឋាភិបាលបាន ឬក៏ថាតើនរណានឹងក្លាយជានាយករដ្ឋមន្ត្រីនោះទេ។ ដ្បិត រដ្ឋធម្មនុញ្ញថៃបច្ចុប្បន្ន ដែលត្រូវបានធ្វើវិសោធនកម្មដោយរបបសឹកបានចែងថាការតែងតាំងនាយករដ្ឋមន្ត្រី ត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតនៅក្នុងសភាទាំង២របស់ថៃ ដែលមាន «រដ្ឋសភា និងព្រឹទ្ធសភា»។ គណបក្សដែលទទួលបានអាសនៈចំនួន២៥ ឡើងទៅ អាចតែងតាំងបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតនៅក្នុងសភាទាំង២ ដែលអាចនឹងធ្វើឡើង ក្នុងខែសីហា។

សមាជិករដ្ឋសភាត្រូវបានជ្រើសរើសនៅថ្ងៃបោះឆ្នោត តែសមាជិកព្រឹទ្ធសភាទាំង២៥០រូបវិញសុទ្ធតែជាមនុស្សរបស់យោធាបានតែងតាំង។ បញ្ហាសំខាន់គឺនៅត្រង់ព្រឹទ្ធសភានេះឯង ហើយ គេក៏អាចស្មានទុកជាមុនបានដែរថាសមាជិកព្រឹទ្ធសភាទាំង ២៥០រូបនេះ អាចនឹងបោះឆ្នោតគាំទ្របេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សគាំទ្រដោយយោធាដូចជាលោក ប្រាយុទ្ធ ចាន់អូចា ឬក៏លោក ប្រាវីត វ៉ុងស៊ូវ៉ាន់។ បានន័យថាទោះបីជាគណបក្សរបស់លោក ប្រាយុទ្ធ ឬលោក ប្រាវីត មិនបានទទួលសន្លឹកឆ្នោតភាគច្រើនក៏ដោយ ក៏នៅតែអាចមានសង្ឃឹមជាប់ ជានាយករដ្ឋមន្ត្រីដែរ។ ពីព្រោះបើរាប់សំឡេង ២៥០អាសនៈដែលត្រៀមទុកជាសម្រេចសម្រាប់បេក្ខជននាយករដ្ឋមន្ត្រីគាំទ្រដោយយោធា លោក ប្រាយុទ្ធ ឬលោក ប្រាវីត ត្រូវការអាសនៈ តែ ១២៦ទៀតប៉ុណ្ណោះនៅថ្ងៃបោះឆ្នោត ដើម្បីបង្រ្គប់សំឡេង ៣៧៦ដែលជាសំឡេងភាគច្រើនគ្រប់គ្រាន់ក្លាយជានាយករដ្ឋមន្ត្រី។ រីឯបេក្ខជនមកពីគណបក្សប្រឆាំងវិញ ត្រូវការសំឡេង ដល់ទៅ ៣៧៦ស្រស់ៗឯណោះ។

ម្យ៉ាងវិញទៀត ដោយសារតែប្រព័ន្ធបោះឆ្នោតថៃសព្វថ្ងៃផ្ដល់អត្ថាប្រយោជន៍ច្រើនទៅឱ្យយោធាថៃទៅហើយនោះ វាជារឿងពិបាកជាទីបំផុតដែលគណបក្សភឿថៃ និងគណបក្សប្រឆាំងដទៃ ចង់ឈ្នះបានអាសនៈ៣៧៦ នៅក្នុងចំណោមអាសន​ៈរដ្ឋសភាទាំង៥០០ ដើម្បីបង្កើតរដ្ឋាភិបាលតែម្នាក់ឯងដោយមិនចាំបាច់មានក្រុមចម្រុះ។ ម្លោះហើយនៅក្នុងករណីដែលបក្សភឿថៃ មិនអាចទទួលបានអាសនៈភាគច្រើនភ្លូកទឹកភ្លូកដីទេ នោះមានតែផ្លូវស្វែងរកដៃគូបង្កើតរដ្ឋាភិបាលចម្រុះដែលតម្រូវឱ្យមានអាសនៈ២៥១ ក្នុងចំណោមអាសនៈ ទាំង៥០០នៃរដ្ឋសភា។ កាលពីឆ្នាំ២០២២ នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក បា្រយុទ្ធ ចាន់អូចា បានចូលរួមក្នុងគណបក្សថ្មីមួយមានឈ្មោះថាគណបក្សថៃរួបរួមជាតិ (United Thai Nation) ដោយទុកឱ្យក្លើ របស់លោក គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាវីត វ៉ុងស៊ូវ៉ាន់ (Prawit Wongsuwan) គ្រប់គ្រងគណបក្ស Palang Pracharath។

នៅត្រង់នេះបើគណបក្សភឿថៃស្វែងរកគណបក្សជាដៃគូ ខាងគណបក្សរបស់លោក ប្រាយុទ្ធ ឬលោក បា្រវីត ក៏អាចដើរស្វែងរកដៃគូបានដូចគ្នាដែរ ហើយដោយសារតែមានសំឡេង ២៥០ ពីសមាជិកព្រឹទ្ធសភាត្រៀមជាស្រេច នោះលោក បា្រយុទ្ធ ឬលោក ប្រាវីត នៅតែមានប្រៀបជាងបេក្ខជនមកពីគណបក្សភឿថៃ ដោយត្រូវការសំឡេងត្រឹមតែ ១២៦អាសនៈប៉ុណ្ណោះ ដើម្បី បង្រ្គប់សំឡេង ៣៧៦អាសនៈ ខណៈភឿថៃត្រូវប្រមូលឱ្យបាន ៣៧៦អាសនៈ។

គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៩ គណបក្សភឿថៃទទួលបានអាសនៈ១៣៦ រីឯគណបក្ស Palang Pracharath របស់លោក ប្រាយុទ្ធ ទទួលបាន១១៥អាសនៈ ប៉ុណ្ណោះ។ តែបក្សភឿថៃមិនអាចរកសំឡេងបានគ្រប់គ្រាន់ទេ ហើយនៅទីបំផុត បក្សលោក ប្រាយុទ្ធ អាចប្រមូលបាន ១៣៩អាសនៈពីគណបក្សជាដៃគូចំនួន១៨ ដែលគ្រប់គ្រាន់ដើម្បី បង្កើតរដ្ឋាភិបាលចម្រុះ។ បើតាមគណៈកម្មការរៀបចំការបោះឆ្នោតថៃ ការបោះឆ្នោតនៅថ្ងៃអាទិត្យ នឹងចាប់ផ្ដើមនៅម៉ោង ៨ព្រឹក ហើយនឹងត្រូវបិទបញ្ចប់នៅម៉ោង ៥ល្ងាច។លទ្ធផលក្រៅផ្លូវការអាចនឹងត្រូវបានប្រកាស នៅម៉ោងប្រហែលជា១០យប់ថ្ងៃដដែល។ ការបង្កើតរដ្ឋាភិបាល ឬជ្រើសរើសនាយករដ្ឋមន្ត្រីអាចនឹងត្រូវចំណាយពេលច្រើនសប្ដាហ៍ ឬច្រើនខែក៏ថាបាន រីឯការប្រកាសពីលទ្ធផល បោះឆ្នោតជាផ្លូវការ មិនអាចលើសពី៦០ថ្ងៃនោះទេ ក្រោយថ្ងៃបោះឆ្នោត៕