(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី បានបង្ហាញនូវការប្រុងប្រយ័ត្ន និងការត្រៀមលក្ខណៈទុកជាមុននៅមុនការរៀបចំវាយលុកនៃការវាយបក ដើម្បីដណ្តើមយកទឹកដីភាគខាងកើត និងភាគខាងត្បូងរបស់ខ្លួនទាំងអស់វិញពីទាហានរុស្ស៊ីកាន់កាប់។ បច្ចុប្បន្នទំហំទឹកដីដែលត្រូវ បានកាន់កាប់ដោយរុស្ស៊ី ត្រូវគេរាយការណ៍ថាមានទំហំ១ភាគ៥នៃទឹកដីរបស់អ៊ុយក្រែនទាំង មូល។ លោក ហ្សេឡិនស្គី ក្នុងកិច្ចសម្ភាសន៍ជាឯកជនមួយជាមួយនឹងសារព័ត៌មានប៊ីប៊ីស៊ី បានថ្លែងថា ការវាយលុកដណ្តើមយកទឹកដីពីរុស្ស៊ីមកវិញ នឹងត្រូវការពេលវេលាបន្តិចថែមទៀត។

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី បានថ្លែងថាយុទ្ធនាការវាយលុករដូវ Spring វាយ ដណ្តើមយកទឹកដីទាំងអស់ដែលទាហានរុស្ស៊ីចូលកាន់កាប់គ្រប់គ្រង នឹងត្រូវការពេលវេលា បន្តិចទៀត។ ការអះអាងពន្យាពេលបន្តិចទៀត មិនមានការបញ្ជាក់ថា តើការវាយលុកនឹងមាន នៅពេលណានិងចាប់ផ្តើមពីកន្លែងណាមួយឡើយ ខណៈដែលពិភពលោកតែងចោលក្រសែភ្នែកសម្លឹងមើលជាប់ជាប្រចាំបន្ទាប់អ៊ុយក្រែន បានអះអាងការត្រៀមវាយលុកតាំងពីរដូវ Spring មិនទាន់បានចាប់ផ្តើម និងនៅសល់តែជិត២០ថ្ងៃទៀតប៉ុណ្ណោះ រដូវ Spring នឹងកន្លង ផុតទៅទៀត។

ប៊ីប៊ីស៊ីបានធ្វើកិច្ចសម្ភាសន៍ផ្តាច់មុខមួយ ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនក្នុងក្រុងគៀវនា សប្តាហ៍នេះ ក្នុងការចង់ដឹងថា តើការវាយលុកដណ្តើមយកទឹកដី១ភាគ៥របស់ខ្លួនវិញពីរុស្ស៊ី នោះនឹងចាប់ផ្តើមនៅពេលណា។

លោក ហ្សេឡិនស្គី ក្នុងបទសម្ភាសន៍ពិសេសមួយជាមួយនឹងប៊ីប៊ីស៊ីដែលចង់ដឹងថាតើអ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ ឬនៅក្នុងការបើកការវាយប្រហារបកទៅលើទាហានរុស្ស៊ីវិញ? លោកហ្សេឡិនស្គីបានថ្លែងថា បើនិយាយអំពីទឹកចិត្តវិញ យើងបានត្រៀមរួចជាស្រេចក្នុង ក្របខណ្ឌទឹកចិត្តស្មារតីយោធារបស់យើង។ បើសួរថាតើយើងមានចំនួនបុគ្គលិកយោធារប​ស់យើងគ្រប់គ្រាន់ក្នុងការធ្វើសឹកនេះដែរឬទេនោះគឺយើងមានគ្រប់គ្រាន់។ ប៉ុន្តែក្នុងក្របខណ្ឌ លើសម្ភារៈនោះគឺមិនទាន់មានឧបករណ៍គ្រប់សព្វបានបញ្ជួនមកដល់ទាំងអស់ឡើយ។ នេះ ជាចម្លើយរបស់ខ្ញុំ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីដើមខែឧសភា នេះបញ្ជាក់ថា ប្រមាណ ៩៨% នៃយានយន្តប្រយុទ្ធដែលសន្យាឱ្យអ៊ុយ ក្រែនឥឡូវនេះកំពុង ស្ថិតនៅក្នុងប្រទេសអ៊ុយក្រេនហើយ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ឱ្យថាតើឧបករណ៍ យោធាសេសសល់២ភាគរយទៀតតាំងពីដើមខែឧសភានោះគឺជាអ្វីនោះឡើយ គ្រាដែលរដ្ឋមន្ត្រីក្រសួងការពារអ៊ុយក្រែនក៏បានបង្ហាញដែរថាទាហានបានដាក់ពង្រាយតាមមុខព្រួញ​របស់ខ្លួនរួចជាស្រេចរង់ចាំត្រៀមបទបញ្ជាពីលោកហ្សេឡិនស្គីតែប៉ុណ្ណោះ ប៉ុន្តែមេដឹកនាំអ៊ុយក្រែនបានបង្ហាញនូវ ការមិនទាន់ត្រៀមលក្ខណៈរួចរាល់សោះក្នុងការដាក់បញ្ជាឱ្យធ្វើការវាយ លុកនេះ។ លោក ហ្សេឡិនស្គី បានប្រាប់ប៊ីប៊ីស៊ីបន្តនូវការរង់ចាំឧបករណ៍យោធាពីក្រុមបស្ចឹមប្រទេស។

លោក ហ្សេឡិនស្គី បានថ្លែងថា គេនៅរង់ចាំឧបករណ៍ខ្លះទៀតដែលនឹងធ្វើដំណើរមកដល់ និង សម្ភារៈយោធាទាំងនោះនឹងជួយពង្រឹងលើយុទ្ធនាការវាយលុកបកប្រឆាំងទៅវិញ និងជាពិ សេសបំផុតនោះ ឧបករណ៍យោធាទាំងនោះនឹងជួយការពារពលរដ្ឋរបស់យើង។ យើងកំពុងរង់ចាំយានយន្តរថពាសដែកដែលនឹងមកដល់ទាំងច្រើនក្រុមតែម្តងដែលយើងនឹងអាចវាយ លុកទៅមុខបានដោយការប្រើឧបករណ៍យោធាទាំងនោះ​ និងខ្ញុំគិតថាយើងនឹងអាចទទួលបានជោគជ័យ ប៉ុន្តែយើងក៏នឹងអាចបាត់បង់មនុស្សជាច្រើននាក់ផងដែរ ដែលខ្ញុំគិតថាយើងនឹងមិនអាចទទួលយកបានទេ។ យើងចាំបាច់ត្រូវតែរង់ចាំសិនយើងត្រូវរង់ចាំពេលវេលាបន្តិចថែមទៀត។

សេចក្តីរាយការណ៍បង្ហាញថា មុននេះអ៊ុយក្រែនបានស្នើរកការបំពាក់ដល់យន្តហោះF16 ​ រប​ស់អាមេរិកក្នុងកងកម្លាំងអាកាសអ៊ុយក្រែនបន្ថែមទៀតដើម្បីធ្វើការវាយលុករដូវ Spring។ លោក ហ្សេឡិនស្គី បានថ្លែងកាលពីដើមខែឧសភានេះបញ្ជាក់ដែរថា រហូតមកទល់នឹងពេលនេះ មានប្រទេសជាច្រើនដែលមានយន្តហោះ F16 ឬក្រុមប្រទេសលោកខាងលិចដែលមាន យន្តហោះចម្បាំងរបស់គេនិងថាពួកគេចង់ប្រគល់មកឱ្យអ៊ុយក្រែន។ សេចក្តីរាយការណ៍បានឱ្យដឹងមុននេះដែរថាប្រទេសប៉ូឡូញនិងស្លូវ៉ាគីដែលជាសមាជិករបស់អង្គការណាតូ បានផ្តល់យន្តហោះចម្បាំង Mig-29 មកឱ្យប្រទេសអ៊ុយក្រែន។ ប្រទេសប៉ូឡូញបានថ្លែងថាយន្ត ហោះបួនគ្រឿងនៃសម័យអតីតសហភាពសូវៀត ត្រូវបានបញ្ជូនមកឱ្យអ៊ុយក្រែនជាមុនសិន ចំណែកប្រទេសស្លូវ៉ាគីនឹងបញ្ជួនយន្តហោះចម្បាំង Mig-29 នោះចំនួន១៣គ្រឿងមកឱ្យអ៊ុយក្រែនផងដែរ។
ការប៉ុនប៉ងប្រើប្រាស់យុទ្ធនាការវាយបកដណ្តើមយកទឹកដីពីរុស្ស៊ីវិញមិនមែនជារឿងសាមញ្ញ ដូចអ្វីដែលអ៊ុយក្រែនធ្លាប់បានធ្វើកាលពីក្នុងខែកញ្ញាឆ្នាំ២០២២នោះឡើយ។ ការវាយបកក្នុង ពេលនោះបានធ្វើឡើងក្នុងពេលដែលរុស្ស៊ីមិនបានត្រៀមទប់ទល់ទុកជាមុនដូចក្នុងពេលនេះឡើយ។ ការបង្ហើបនូវគម្រោងវាយបករដូវ Spring បានប្រញាប់ឱ្យរុស្ស៊ីបានត្រៀមលក្ខណៈការពារជាច្រើនខែទុកជាមុន សូម្បីតែការបង្ខំចិត្តត្រូវបោះបង់ចោលទីក្រុង Kherson ភាគខាងកើត ទន្លេ Dnipro កាលពីខែ វិច្ឆិកាឆ្នាំ២០២២កន្លងមក ក៏រុស្ស៊ីត្រូវតែដកកម្លាំងចេញមកដែរ ក្នុងការ ត្រូវរៀបចំខ្សែបន្ទាត់ទប់ទល់ជាមួយអ៊ុយ ក្រែន។

សេចក្តីរាយការណ៍បានបង្ហាញថា ពីក្នុងតំបន់ភាគខាងកើតនិងខាងត្បូងនៃទឹកដីរុស្ស៊ីបានគ្រប់គ្រងនោះវិញ ក្នុងពេលដែលមានសេចក្តីរាយការណ៍និយាយថាអ៊ុយក្រែនបានត្រៀមលក្ខណៈ ធ្វើការវាយប្រហាររដូវ Spring នោះ ទាហានរុស្ស៊ីបានត្រៀមលក្ខណៈទប់ទល់ទុកជាមុនរួចជាស្រេច។ ទាហានរុស្សី បានប្រើពេលវេលាជិត៥ខែរួចមកហើយក្នុងការរៀបចំគ្រឹះយុទ្ធសាស្ត្រនិងយុទ្ធវិធីសម្រាប់ទប់ទល់ការវាយប្រហារ ដោយបានជីកលេណដ្ឋាន និងអន្ទាក់ជា យុទ្ធសាស្ត្ររង់ចាំត្រៀមស្វាគមន៍ការវាយលុកទាហានអ៊ុយក្រែន។ ដូច្នេះការវាយលុកណាមួយដើម្បីចង់ទម្លុះឬ ឆ្លងកាត់ទីលេណដ្ឋានត្រៀមរបស់រុស្ស៊ីដែលបានរៀបចំប្រមាណជិត៥ខែ មកនេះនឹងរំពឹងត្រូវប្រឈមជាមួយឧបសគ្គខ្លាំងណាស់។

រូបភាពពីផ្កាយរណបចែករំលែកដោយក្រុមហ៊ុន Maxar Technologies បានបង្ហាញពីការត្រៀម លក្ខណៈទុកជាមុនរបស់ទាហានរុស្ស៊ី ដែលមានការរៀបចំផ្នែកការពារជាច្រើននាភាគខាង ត្បូងអ៊ុយក្រែនដូចជាការជីកស្រទាប់ដីនៃរណ្តៅប្រឆាំងរថក្រោះ ការបង្កើតឧបសគ្គស្អេកស្កះ ការបង្កើតវាលចំការមីននិងរណ្តៅលេណដ្ឋានច្រើនខ្វាត់ខ្វែង។

រូបភាពពីផ្កាយរណបបានបង្ហាញនូវទីតាំងការពាររបស់រុស្ស៊ី មានវែងច្រើនរយគីឡូម៉ែត្រឆ្លងកាត់ផ្លូវរៀបចំបត់បែនខ្វាត់ខ្វែងនៃ សមរភូមិមុខដែលសុទ្ធតែជាកន្លែងទាហានអ៊ុយក្រែនត្រូវ ឆ្លងកាត់់ក្នុងពេលបើកការវាយប្រហារប៉ុនប៉ងចង់ទម្លុះរបាំងឧបសគ្គ ដើម្បីដណ្តើមទឹកដែលដី រុស្ស៊ីបានចូលគ្រប់គ្រងនោះមកវិញ។ បញ្ហាប្រឈមសម្រាប់អ៊ុយក្រែនគឺការឆ្លងកាត់ ឬការកម្ទេចឧបសគ្គទាំងនេះត្រូវធ្វើក្នុងល្បឿនលឿនបំផុតដើម្បីធ្វើឱ្យការបញ្ជានិងការគ្រប់គ្រងរបស់រុស្ស៊ី មិនអាចដំណើរការបានក្នុងពេលដែលមានការវាយលុកនោះ។ សំណួរដែលចោទ មកវិញនោះ គឺថាបើសិនជាអ៊ុយក្រែនមិនអាចធ្វើបានសម្រេចនោះទេ តើនឹងមានអ្វីកើតឡើង ចំពោះប្រទេសអ៊ុយក្រែនមកវិញ? តើអ៊ុយក្រែននឹងត្រូវសហគមន៍អន្តរជាតិបន្តការផ្តល់អាវុធ គ្រាប់រំសេវ និងជំនួយហិរញ្ញវត្ថុ បន្តការធ្វើសង្គ្រាមរ៉ាំរ៉ៃនេះ បានរយៈពេលយូរប៉ុណ្ណាខណៈវិបត្តិ នៃសង្គ្រាមអ៊ុយក្រែននេះ កំពុងតែបង្កចំណោទបញ្ហាសេដ្ឋកិច្ចដល់ប្រទេសអឺរ៉ុប និងសូម្បីតែ សហរដ្ឋអាមេរិកក៏កំពុងប្រឈមនឹងបំណុលវណ្ឌកមិនទាន់អាចដោះស្រាយបាននាពេល នេះទៀត?

រុស្ស៊ីក្នុងពេលដែលបានត្រៀមលក្ខណៈទុកជាមុនសម្រាប់ការទប់ទល់វាយប្រហាររបស់អ៊ុយ ក្រែន ត្រូវគេឃើញថាមិនបានរង់ចាំឱ្យអ៊ុយក្រែនធ្វើការវាយប្រហារជាមុននោះឡើយ។ រុស្ស៊ី បានវាយប្រហារតាមផ្លូវអាកាសដោយការប្រើដ្រូន, បាញ់គ្រាប់មីស៊ីលដាក់មកលើបណ្តាក្រុង អ៊ុយក្រែនស្ទើរគ្មានថ្ងៃលោះ ជាពិសេសរយៈពេលជាងមួយសប្តាហ៍មកនេះ ការវាយលុកតាម ផ្លូវអាកាសបានបង្កើនជាខ្លាំងក្លា នោះគឺមិនមែនតែការវាយលុកត្រឹមតែនៅលើសមរភូមិ ប៉ុណ្ណោះទេ និងការវាយប្រហារតាមផ្លូវអាកាសនោះ បានបំផ្លាញទីតាំងរបស់អ៊ុយក្រែនមួយ ចំនួនថែមទៀត។ ការវាយប្រហារតាមផ្លូវអាកាសនេះ ត្រូវក្រុមអ្នកវិភាគកិច្ចការយោ ធាបាន និយាយថាគឺជាយុទ្ធសាស្ត្ររបស់រុស្ស៊ីដើម្បីការរឹតដង្ហើមរបស់អ៊ុយក្រែនឱ្យប្រឈមនឹងការលំបាកសព្វបែបយ៉ាង។ ក្រុមអ្នកវិភាគយោធាបានមើលឃើញថាការពន្យាពេលក្នុងការវាយ លុករបស់អ៊ុយក្រែន កំពុងតែផ្តល់ជាប្រយោជន៍ចំពោះរុស្ស៊ីនោះទៅវិញដោយរុស្ស៊ីនឹងអាច មានលទ្ធភាពរៀបចំកាន់តែគ្រប់គ្រាន់ថែមទៀតក្នុងការទប់ទល់នឹងការវាយលុកនាពេលខាង មុខរបស់ទាហានអ៊ុយក្រែន។

ក្នុងកិច្ចសម្ភាសន៍ជាមួយប៊ីប៊ីស៊ីក្នុងសប្តាហ៍នេះផងដែរ លោក ហ្សេឡិនស្គី បានសម្តែងក្តីបារម្ភ ជុំវិញការដាក់សម្ពាធពីសហគមន៍អន្តរជាតិមកលើប្រទេសអ៊ុយក្រែនប្រសិនណាបើការវាយលុកក្នុងពេលខាងមុខនេះ នឹងមិនទទួលបានជោគជ័យដូចតាមការរំពឹងទុក។ លោក ហ្សេឡិនស្គីបានមើលឃើញថា បើសិនជាការវាយលុកនឹងត្រូវធ្វើភ្លាមៗខណៈរុស្ស៊ីបានត្រៀមរួចជាស្រេចក្នុងការវាយលុកនោះ កងកម្លាំងរបស់លោកនឹងត្រូវប្រឈមគ្រោះថ្នាក់ជាច្រើន និងការវាយលុកនឹងមិនរំពឹងជោគជ័យដូចតាមការគ្រោងទុកនោះទេ។
ដូច្នេះសម្ពាធដែលអ៊ុយក្រែនបារម្ភនោះ គឺការត្រូវទទួលយកកិច្ចពិភាក្សាបញ្ចប់សង្គ្រាមតាមរយៈការចរចាដែលអ៊ុយក្រែនបារម្ភថាសហគមន៍អន្តរជាតិនឹងបង្ខំឱ្យរដ្ឋាភិបាលក្រុងគៀវត្រូវប្រគល់ទឹកដី១ភាគ ៥ដែលរុស្ស៊ីកំពុងគ្រប់គ្រងនោះក្លាយជាទឹកដីរណបស្របច្បាប់របស់ រុស្ស៊ី បើសិនជាការវាយលុកនោះនឹងមិនទទួលបានជោគជ័យដូចតាមការរំពឹងទុកនោះឡើយ។ លោក ហ្សេឡិនស្គី បានប្រាប់ប៊ីប៊ីស៊ីថា អ៊ុយក្រែនមិនព្រមទទួលយកនូវការធ្វើសម្បទានប្រគល់ទឹកដីឱ្យរុស្ស៊ីឡើយ។ លោកបាននិយាយថាចុះហេតុអ្វីបានជាប្រទេសនីមួយៗ ទាំងនោះមិនប្រគល់ឱ្យទឹកដី របស់ខ្លួនទៅឱ្យលោកពូទីនផងទៅ?