(អ៉ីស្លាម៉ាបាដ)៖ តុលាការជាន់ខ្ពស់នៃទីក្រុងអ៉ីស្លាម៉ាបាដ នៅថ្ងៃសុក្រនេះ បានបង្គាប់ឱ្យអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក អ៉ីមរ៉ាន់ ខាន់ (Imran Khan) ត្រូវបានដោះលែងឱ្យនៅក្រៅឃុំសម្រាប់រយៈពេល២សប្តាហ៍ ក្រោយមានការចាប់ខ្លួនរូបលោកពាក់ព័ន្ធសំណុំរឿងពុករលួយ ដែលបានបង្កឱ្យផ្ទុះភាពវឹកវរយ៉ាងកក្រើក នៅក្នុង​ប្រទេសអាស៉ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣។

ការចាប់ខ្លួនលោក ខាន់ ដែលបានកើតឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ ត្រូវបានតុលាការកំពូលប៉ាគីស្ថាន សម្រេចកាលពីថ្ងៃព្រហស្បតិ៍ថា ជាទង្វើមិនមានសុពលភាពនិងខុសច្បាប់។ នៅថ្ងៃសុក្រនេះ លោកអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានធ្វើដំណើរទៅបង្ហាញខ្លួននៅតុលាការ ក្នុងទីក្រុងអ៉ីស្លាម៉ាបាដ ក្រោមសន្តិសុខយ៉ាងតឹងរ៉ឹង ខណៈដែលក្រុមអ្នកគាំទ្ររបស់លោក បានប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅតាមកន្លែងផ្សេងៗទៀត ក្នុងរដ្ឋធានីរបស់ប៉ាគីស្ថាន។ មេធាវីរបស់លោក បាននិយាយដូច្នេះថា «តុលាការបានអនុញ្ញាតឱ្យនៅក្រៅឃុំរយៈពេល២សប្តាហ៍»

គួរបញ្ជាក់ថា មនុស្សសរុបខ្ទង់២,០០០នាក់ត្រូវបានចាប់ខ្លួន សម្រាប់អំពើហិង្សាដែលបានផ្ទុះឡើង ចាប់តាំងពីការចាប់ខ្លួនលោក ខាន់ ហើយយ៉ាង​ហោចណាស់១១នាក់ បានបាត់បង់ជីវិត និងរាប់សិបនាក់ទៀតបានរងរបួស ក្នុងការប៉ះទង្គិចគ្នា។ កងទ័ពត្រូវបានដាក់ពង្រាយនៅតាមទីក្រុងធំៗ ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ។ លោក អ៉ីមរ៉ាន់ ខាន់ ត្រូវបានទម្លាក់ចេញពីអំណាច កាលពីខែមេសា ឆ្នាំ២០២២ តាមរយៈការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅក្នុងសភា៕