(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបាននិយាយថា លោកបានអនុម័តផែនការមួយដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធអនុវត្តច្បាប់និងប្រព័ន្ធព្រហ្មទណ្ឌ ដែលជាធាតុដ៏សំខាន់មួយ នៅក្នុងផែនការដើម្បីអាចទទួលបាន សមាជិកភាពក្នុងសហភាពអឺរ៉ុបកាន់តែឆាប់រហ័ស។ នេះបើតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣។

ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «យើងត្រូវតែផ្តល់នូវប្រព័ន្ធមួយដែលធានាបានយុត្តិធម៌ និងនីតិរដ្ឋនៅក្នុងប្រទេសរបស់យើង ដែលសមស្របនឹងគោលបំណងរបស់យើង ក្នុងការចូលជាសមាជិករបស់សហភាពអឺរ៉ុប បានយ៉ាងឆាប់រហ័ស។ វានឹងក្លាយជាផ្នែកមួយនៃកិច្ចសន្យាថ្មីក្នុងសង្គម ដែលធានាថាប្រជាជនមានសុវត្ថិភាព និងទទួលបានការការពារ»។ លោក ហ្សេលេនស្គី បានបន្ថែមថា «ការជឿទុកចិត្តមកលើរដ្ឋ គឺផ្អែកលើការជឿទុកចិត្តលើអ្នកដែលធ្វើសកម្មភាពតំណាងឲ្យរដ្ឋ។ ការអនុវត្តច្បាប់ និងប្រព័ន្ធអយ្យការគឺជាគន្លឹះនៃរឿងនេះ រួមជាមួយមនុស្សគ្រប់រូបដែលបម្រើការឲ្យរដ្ឋ»

គួរបញ្ជាក់ថា អ៊ុយក្រែនដែលកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី បានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុប ជាផ្លូវការរួចហើយ។ ប៉ុន្តែសហភាពអឺរ៉ុបមើលឃើញថា ការបិទបញ្ចប់នៃអំពើពុករលួយ ការធ្វើឲ្យប្រសើរឡើងនូវច្បាប់ និងការកែលម្អប្រព័ន្ធតុលាការ គឺអ្វីដែលអ៊ុយក្រែនចាំបាច់ត្រូវធ្វើដើម្បីអាចក្លាយជាសមាជិករបស់ខ្លួន។

ជាទូទៅ ដំណើរការចូលជាសមាជិក EU ត្រូវចំណាយពេលច្រើនឆ្នាំ ដើម្បីបញ្ចប់ភាពស្មុគស្មាញនៃការធ្វើឲ្យច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសបេក្ខជន មានភាពសមស្របតាមច្បាប់ដែលអនុវត្តដោយប្លុកនេះ។ ប៉ុន្តែ លោក ហ្សេលេនស្គី ចង់ឲ្យការចរចាស្តីពីសមាជិកភាពចាប់ផ្តើមនៅឆ្នាំ ២០២៣នេះ ខណៈរដ្ឋាភិបាលរបស់លោកបានកែប្រែច្បាប់រួចហើយ និងបានដាក់ចេញនូវវិធានការដើម្បីផ្តល់ការគាំទ្រដល់ស្ថាប័នសំខាន់ៗរបស់ប្រទេស ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរដើម្បីទទួលបានហិរញ្ញប្បទាន ពីស្ថាប័នដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ ជាដើម៕