(វ៉ាស៉ីនតោន)៖ ក្រុមសមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យបានណែនាំសេចក្តីព្រាងច្បាប់មួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលមានបំណងរារាំងរដ្ឋាភិបាលពីការទទួលស្គាល់ លោក បាសារ អាល់អាសាដ (Bashar al-Assad) ជាប្រធានាធិបតីស៉ីរី និងដើម្បីបង្កើនសមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការដាក់ទណ្ឌកម្ម ដែលជាការព្រមានដល់ប្រទេសផ្សេងទៀត ជុំវិញការធ្វើប្រក្រតីកម្មទំនាក់ទំនងជាមួយលោក អាសាដ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣។

សេចក្តីព្រាងច្បាប់នេះ នឹងហាមឃាត់រដ្ឋាភិបាលពីការទទួលស្គាល់ ឬការធ្វើឲ្យមានប្រក្រតីភាពនៃទំនាក់ទំនងជាមួយរដ្ឋាភិបាលស៉ីរី ដឹកនាំដោយ លោក អាសាដ ដែលជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងពង្រីកបន្ថែមលើការកំណត់ទណ្ឌកម្ម ដែលបានដាក់យ៉ាងតឹងរ៉ឹងលើប្រទេសស៉ីរី កាលពីឆ្នាំ២០២០។ លោក ចូ វីលសុន (Joe Wilson) ប្រធានអនុគណៈកម្មាធិការទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង និងអាស៊ីកណ្តាល បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «បណ្តាប្រទេសដែលជ្រើសរើស ធ្វើឲ្យមានទំនាក់ទំនងធម្មតាជាមួយមេឃាតក និងជាអ្នកជួញដូរគ្រឿងញៀន ដូចជាលោក អាសាដ នោះ គឺកំពុងដើរលើផ្លូវខុសហើយ»

បើតាមមន្រ្តីជាន់ខ្ពស់របស់សភា នេះគឺជាការព្រមានដល់ប្រទេសតួកគី និងប្រទេសផ្សេងទៀតនៃតំបន់អារ៉ាប់ថា ប្រសិនបើពួកគេទាក់ទង ជាមួយរដ្ឋាភិបាលរបស់លោក អាសាដ នោះពួកគេអាចប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ។ សេចក្តីព្រាងច្បាប់នេះ ក៏នឹងត្រួសត្រាយផ្លូវ សម្រាប់ការដាក់ទណ្ឌកម្មលើអាកាសយានដ្ឋានទាំងឡាយណា ដែលទទួលឱ្យមានការចុះចតពីក្រុមហ៊ុនដូចជា អាកាសចរណ៍ Syrian Arab Airlines និង Cham Wings ថែមទៀត។ ក្រសួងការបរទេសអាមេរិក កំពុងពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ។

គួរបញ្ជាក់ថា ប្រសិនបើត្រូវបានអនុម័ត ច្បាប់នេះក៏នឹងតម្រូវឲ្យមានការពិនិត្យជុំវិញប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ រួមទាំងការបរិច្ចាគជាងថវិកាលើស ពី៥០,០០០ដុល្លារ ទៅក្នុងតំបន់នៃប្រទេសស៉ីរី ដែលគ្រប់គ្រងដោយរដ្ឋាភិបាលរបស់លោក អាសាដ ពីសំណាក់បុគ្គលណាម្នាក់ នៅប្រទេសតួកគី អេមីរ៉ាត់អារ៉ាប់រួម អេហ្ស៉ីប ក៏ដូចជាប្រទេសមួយចំនួនទៀត។ វាបានកើតឡើងចំពេលដែលប្រទេសនៅអារ៉ាប់មួយចំនួន បានស្វាគមន៍ប្រទេសស៉ីរី ចូលក្នុងសម្ព័ន្ធអារ៉ាប់ឡើងវិញ បើទោះបីជាលោកខាងលិចនៅតែបន្តមិនទទួលស្គាល់រូបលោក ក្រោយសង្គ្រាមស៉ីវិល អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ៕