(ប៉េកាំង)៖ នាថ្ងៃសុក្រនេះ ទីក្រុងប៉េកាំងបានប្រកាសថា ចិននឹងបញ្ជូនបេសកជនពិសេសម្នាក់ទៅកាន់អ៊ុយក្រែន រុស្ស៉ី ព្រមទាំងប្រទេសអឺរ៉ុបមួយចំនួនទៀត ចាប់ពីថ្ងៃចន្ទដើមសប្តាហ៍ក្រោយ ខណៈបេសកជនរូបនោះ នឹងក្លាយជាមន្រ្តីការទូតជាន់ខ្ពស់បំផុតរបស់ចិន ដែលទៅទស្សនកិច្ច​នៅអ៊ុយក្រែនដែលកំពុងហែកហួរដោយសង្រ្គាម ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី កាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃយ៉ាងដូច្នេះថា «ចាប់ពីថ្ងៃទី១៥ ខែឧសភា ឯកអគ្គរដ្ឋទូតលោក លី ហួយ (Li Hui) អ្នកតំណាងពិសេសរបស់រដ្ឋាភិបាលចិន ទទួលបន្ទុកកិច្ចការតំបន់អឺរ៉ាស៉ី នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែន ប៉ូឡូញ បារាំង អាល្លឺម៉ង់ និងរុស្ស៉ី ដើម្បីធ្វើទំនាក់ទំនងជាមួយភាគីទាំងអស់ ស្តីពីការស្វែងរក​ដំណោះស្រាយផ្នែកនយោបាយ សម្រាប់វិបត្តិអ៊ុយក្រែន»

លោក វ៉ាង បានបន្តថា ដំណើរទស្សនកិច្ចរបស់លោក លី បង្ហាញពីការប្តេជ្ញារបស់ចិន ក្នុងការលើកកម្ពស់សន្តិភាពនិងកិច្ចចរចាដោយសន្តិវិធី ហើយ​វាក៏បង្ហាញយ៉ាងពេញលេញផងដែរថា ចិនឈរដោយរឹងមាំនៅខាងសន្តិភាព។ លោក វ៉ាង បានបន្ថែមដូច្នេះថា «ចិនស្ម័គ្រចិត្តបន្តដើរតួនាទីស្ថាបនាក្នុងការកសាងបន្ថែមទៀត នូវការយល់ស្របជារួមរបស់អន្តរជាតិជុំវិញបទឈប់បាញ់ ការបើកទ្វារសម្រាប់កិច្ចពិភាក្សាសន្តិភាព ការចៀសវាងធ្វើឱ្យស្ថានការណ៍កាន់តែកើនឡើងកម្តៅ និងការបិទបញ្ចប់សង្រ្គាម»

គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី តាមទូរស័ព្ទកាលពីខែមុន ដែលជាលើកដំបូងបំផុត គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ និងបន្ទាប់ពីលោក ស៉ី បានទៅបំពេញ​ទស្សនកិច្ចនៅទីក្រុងមូស្គូ ហើយជួបប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីខែមីនា៕