(ហ្សឺណែវ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ជំងឺ mpox ដែលពីមុនមកត្រូវគេស្គាល់ថា ជាជំងឺអុតស្វា ឬ monkeypox នោះ គឺលែងជាភាពអាសន្នសុខាភិបាលសកលតទៀតហើយ ពោលគឺជិតរយៈពេល១ឆ្នាំគត់ បន្ទាប់ពីជំងឺនេះបានចាប់ផ្តើមរាតត្បាតពាសពេញពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣។

ទោះជំងឺ mpox មានវត្តមានជាយូរមកហើយ នៅតាមតំបន់ភាគកណ្តាលនិងភាគខាងលិចទ្វីបអាហ្រ្វិកក៏ដោយ កាលពីខែឧសភា ឆ្នាំមុន ករណីឆ្លងនៃជំងឺនេះ ស្រាប់តែបានចាប់ផ្តើមលេចឡើងជាបន្តបន្ទាប់ នៅឯតំបន់អឺរ៉ុប អាមេរិកខាងជើង និងកន្លែងផ្សេងៗទៀត ហើយភាគច្រើនគឺក្នុងចំណោមបុរសដែល​រួមភេទជាមួយបុរសដូចគ្នា។ ពីរខែក្រោយមក គឺនៅខែកក្កដា WHO ក៏បានសម្រេចប្រកាសជំងឺ mpox ជាភាពអាសន្នសុខាភិបាលសកល ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុត សម្រាប់ការរាតត្បាតនៃជំងឺឆ្លង។

យ៉ាងណាក្តី ចាប់តាំងពីពេលនោះ ចំនួនអ្នកដែលបានឆ្លងជំងឺ mpox បានបន្តថយចុះជាលំដាប់។ បើតាម WHO កំលុងការរាតត្បាតជាសកល ករណីឆ្លងជំងឺ mpox ជាង៨៧,០០០ករណី និងស្លាប់១៤០ករណី ត្រូវបានរាយការណ៍ ចេញពីប្រទេសសរុបចំនួន១១១។ រី​ឯកំលុងរយៈពេល៣ខែចុងក្រោយនេះវិញ ករណីឆ្លងជំងឺ mpox ដែលត្រូវបានរាយការណ៍ គឺតិចករណីឆ្លង ដែលត្រូវបានរាយការណ៍កំលុងរយៈពេល៣ខែមុននោះ ដល់ទៅជិត៩០ភាគរយ។

គួរបញ្ជាក់ថា ការប្រកាសខាងលើសម្រាប់ជំងឺ mpox ធ្វើឡើង​ ត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពី WHO បានប្រកាសថា ជំងឺកូវីដ១៩ ក៏លែងជាភាពអាសន្នសុខាភិបាលសកលតទៀតដែរ ក្រោយរយៈពេល៣ឆ្នាំ៕