(ខាទុំ)៖ ក្រុមមន្ត្រីអាមេរិកបាននិយាយថា ភាគីជម្លោះដែលកំពុងធ្វើសង្រ្គាមនៅស៊ូដង់ នៅព្រឹកថ្ងៃសុក្រនេះបានប្តេជ្ញាការពារជនស៊ីវិល និងដំណើរការផ្តល់ជំនួយមនុស្សធម៌ ប៉ុន្តែការយល់ព្រមលើបទឈប់បាញ់ ហាក់មានភាពស្រពិចស្រពិលនៅឡើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣។

បន្ទាប់ពីកិច្ចពិភាក្សារយៈពេលមួយសប្តាហ៍ នៅក្នុងកំពង់ផែជេដដា (Jeddah) របស់ប្រទេសអារ៉ាប៊ីសាអូឌីត ខាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF) បានចុះហត្ថលេខាលើសេចក្តីប្រកាសថា ពួកគេនឹងធ្វើការដើម្បីឆ្ពោះទៅរកបទឈប់បាញ់រយៈពេលខ្លី ក្នុងកិច្ចពិភាក្សាបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ និងការស្ដារឡើងវិញនូវសេវាសំខាន់ៗ។
ចំណែកក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា ភាគីនានានឹងផ្តោតលើការឈានដល់បទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព ដែលមានសុពលភាពប្រហែល ១០ថ្ងៃ។ យ៉ាងនេះក្តី មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកមួយរូប បានបង្ហើបឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ភាគីទាំងពីរហាក់នៅឆ្ងាយពីការផ្សះផ្សាគ្នានៅឡើយ»។

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នាបានធ្វើឲ្យកក្រើកតំបន់ហាល់ហ្វាយ៉ា (Halfaya) ដែលជាចំណុចចូលទៅកាន់រដ្ឋធានីខាទុំ (Khartoum) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ជាមួយគ្នានេះ ភាគីទាំងសងខាងមិនបានបង្ហាញសញ្ញាណាមួយ ពីការខ្លួនត្រៀមខ្លួនក្នុងការបញ្ចប់ជម្លោះនៅឡើយទេ ជាហេតុធ្វើឲ្យស៊ូដង់ស្ថិតក្នុងការគំរាមកំហែង ពីការធ្លាក់ចូលទៅក្នុងសង្រ្គាមស៉ីវិល ដែលបានសម្លាប់មនុស្សរាប់រយនាក់ និងបង្កឲ្យមានវិបត្តិមនុស្សធម៌៕