(អ៉ីស្លាម៉ាបាដ)៖ តុលាការកំពូលរបស់ប្រទេសប៉ាគីស្ថាន ចាត់ទុកការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី លោក អ៉ីមរ៉ាំ ខាន់ (Imran Khan) ថាជារឿងខុសច្បាប់ ហើយបានបញ្ជាឲ្យដោះលែងរូបលោក ពីរថ្ងៃបន្ទាប់ពីការចាប់ឃុំខ្លួនលើការចោទប្រកាន់ពីបទពុករលួយ ដែលបានបង្កឲ្យមានការតវ៉ាដោយហិង្សានៅទូទាំងប្រទេស។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣។

បន្ទាប់ពីមានសេចក្តីសម្រេចរបស់តុលាការកំពូល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អំពើហិង្សាហាក់ដូចជាមានភាពធូរស្រាល ទោះបីជាការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រលោក ខាន់ និងក្រុមមន្រ្តីប៉ូលិសបានផ្ទុះឡើងរយៈពេលខ្លី នៅជិតទីស្នាក់ការតុលាការកំពូលក៏ដោយ។ យ៉ាងណានេះក្តី រដ្ឋាភិបាលប៉ាគីស្ថានបានរិះគន់សេចក្តីសម្រេចនោះ ហើយប្តេជ្ញាថានឹងការស្វែងរកមធ្យោបាយផ្លូវច្បាប់ផ្សេងទៀត ដើម្បីចាប់ខ្លួនមេដឹកនាំគណបក្ស PTI របស់ប៉ាគីស្ថានរូបនេះ។

ប្រធានតុលាការកំពូល លោក អ៊ូម៉ារ អាតា បាន់ដាឌៀល (Umar Ata Bandial) បានស្នើឲ្យ លោក ខាន់ បង្ហាញខ្លួនក្នុងតុលាការជាន់ខ្ពស់នៃទីក្រុងអ៉ីស្លាម៉ាបាដ (Islamabad) នាថ្ងៃសុក្រនេះ ដើម្បីពិចារណាឡើងវិញជុំវិញការចាប់ខ្លួនរូបលោក។ លោក ខាន់ ក៏អាចស្នើសុំឲ្យតុលាការការពារពីការចាប់ខ្លួននាពេលអនាគត លើបទចោទប្រកាន់ពីអំពើពុករលួយនេះផងដែរ។ គេមិនទាន់ដឹងច្បាស់ទេថា តើលោក ខាន់ អាចត្រឡប់មកផ្ទះវិញបាននៅពេលណានោះ។

គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានរូបនេះ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ ដោយអាជ្ញាធរក្នុងអំឡុងពេលបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលបង្កឲ្យមានការតវ៉ាដោយហិង្សានៅទូទាំងប្រទេស និងជំរុញឲ្យរដ្ឋាភិបាលអំពាវនាវដល់កងទ័ពឲ្យជួយស្ដារសណ្តាប់ធ្នាប់ឡើងវិញ។ មនុស្សជាង ២,០០០នាក់ត្រូវបានចាប់ខ្លួន ខណៈមនុស្សចំនួន ១១នាក់ផ្សេងទៀតបានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការប៉ះទង្គិចគ្នា៕