(អឺរ៉ុប)៖ ទីភ្នាក់ងារសេវាកម្មខាងក្រៅរបស់សហភាពអឺរ៉ុប បានដាក់ចេញនូវផែនការដើម្បីកែសម្រួលគោលនយោបាយរបស់ប្លុកចំពោះចិន ក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃការពឹងផ្អែកសេដ្ឋកិច្ចលើទីក្រុងប៉េកាំង ខណៈបន្តកិច្ចសហប្រតិបត្តិការលើបញ្ហាពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣។

ទីភ្នាក់ងារសេវាកម្មខាងក្រៅរបស់សហភាពអឺរ៉ុប បានបង្ហាញសំណើនេះនៅក្នុងឯកសារចំនួន ៧ទំព័រ ដែលបានផ្ញើទៅកាន់រដ្ឋាភិបាលនៃបណ្តាប្រទេសសហភាពអឺរ៉ុប មុនពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់ពួកគេ ធ្វើឡើងក្នុងទីក្រុងស្តុកខុល (Stockholm) នាថ្ងៃសុក្រនេះ។ សំណើនេះបង្ហាញថា ការធ្វើកិច្ចសហប្រតិបត្តិការ លក្ខខណ្ឌនៃការប្រកួតប្រជែង នឹងបន្តស្ថិតនៅចំកណ្តាលនៃគោលនយោបាយរបស់សហភាពអឺរ៉ុបចំពោះចិន ទោះបីជាកម្រិតអាចប្រែប្រួលទៅតាមអាកប្បកិរិយារបស់ប្រទេសចិនក៏ដោយ។ ឯកសារនេះ ក៏បានបញ្ជាក់ដែរថា ការសម្របសម្រួលរវាងសហភាពអឺរ៉ុបជាមួយសហរដ្ឋអាមេរិក «នៅតែមានសារៈសំខាន់»។ ប៉ុន្តែ EU មិនគួរក្លាយជាចំណុចកណ្តាលនៃការប្រកួតប្រជែងរបស់មហាអំណាចទាំងពីរនោះទេ។

ក្នុងលិខិតអមជាមួយសំណើនេះ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក ចូសេព បូរ៉ែល (Josep Borrell) បាននិយាយថា មានហេតុផលយ៉ាងតិច ៣សម្រាប់ «ការកែសម្រួលឡើងវិញ» លើគោលនយោបាយចំពោះចិន។ នេះជាចំណាត់ការដើម្បីផ្លាស់ប្តូរការកើនឡើងនូវមនោគមវិជ្ជានៃអ្នកជាតិនិយមចិន ក៏ដូចជាការពង្រឹងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិនដែលបានប៉ះពាល់ដល់គ្រប់វិស័យ រួមទាំងការពិតដែលថាប្រទេសចិនគឺជាតួអង្គសំខាន់ក្នុងបញ្ហាតំបន់ និងពិភពលោក»។

គួរបញ្ជាក់ថា ឯកសារគោលនយោបាយនេះគឺជាការចំណាត់ការថ្មីរបស់សហភាពអឺរ៉ុប ក្នុងការធ្វើឲ្យមានតុល្យភាពទំនាក់ទំនងនៃប្រទេសសមាជិកទាំង ២៧របស់ខ្លួន និងបំណងប្រាថ្នាដើម្បីរក្សាវិធីសាស្រ្តពិសេសរបស់សហភាពអឺរ៉ុបចំពោះទីក្រុងប៉េកាំង ខណៈដែលកំពុងរក្សាភាពជាដៃគូជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក៕