(កៀវ)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន លោក សឺហ៉ី ម៉ាឈិនកូ (Serhiy Marchenko) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានឱ្យដឹងថាប្រទេសអ៊ុយក្រែន​ ទទួលបានជំនួយ ហិរញ្ញវត្ថុ ១៦.៧ពាន់លានដុល្លារពីបណ្ដាប្រទេសលោកខាងលិច ក្នុងឆ្នាំ២០២៣នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣។

ការឈ្លានពានរបស់រុស្ស៉ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក បានបំផ្លាញសេដ្ឋកិច្ចអ៊ុយក្រែនយ៉ាងធ្ងន់ធ្ងរ ដោយធ្វើឱ្យប្រាក់ចំណូលនៃប្រទេសមួយនេះធ្លាក់ចុះយ៉ាងគំហុក និងបង្ខំឱ្យទីក្រុងកៀវ ស្វែងរកជំនួយពីបរទេស។ បើតាមលោក ម៉ាឈិនកូ ក្នុងឆ្នាំ២០២៣ មកទល់នឹងពេលនេះ អ៊ុយក្រែនទទួលបានរួចហើយនូវជំនួយហិរញ្ញវត្ថុ ១៦.៧ពាន់លានដុល្លារពីម្ចាស់ជំនួយបរទេស និងទទួលបានការធានាផងដែរពីបណ្ដាប្រទេសដៃគូដែលបានសន្យាថានឹងបន្តផ្ដល់ការគាំទ្របន្ថែម។

គួរបញ្ជាក់ថា អ៊ុយក្រែន កំពុងប្រឈមមុខនឹងឱនភាពថវិកាជាង ៣៨ពាន់លានដុល្លារក្នុងឆ្នាំ២០២៣នេះ ហើយបច្ចុប្បន្ន រដ្ឋាភិបាលទីក្រុងកៀវបានស្នើសុំជំនួយ ១៤ពាន់លានដុល្លារ សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងវិស័យថាមពលឡើងវិញ។ កាលពីឆ្នាំ២០២២ អ៊ុយក្រែនទទួលបានជំនួយ ៣២.១៤ពាន់លានដុល្លារ ពីបរទេសដើម្បីបំពេញតម្រូវការកញ្ចប់ថវិការបស់ខ្លួន៕