(ហ្កាហ្សា)៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថាអ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៣០នាក់ និង៩០នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសលើតំបន់ហ្កាហ្សា ស្រ្ទីប (Gaza Strip) ចាប់តាំងពីថ្ងៃអង្គារដើមសប្ដាហ៍នេះមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងចំណោមជនរងគ្រោះទាំងអស់ខាងលើ ក្នុងនោះរួមមានកុមារ ៦នាក់ និងស្ត្រី៣នាក់ ព្រមទាំងមេបញ្ជាការម្នាក់នៃកងកម្លាំងរ៉ុក្កែតរបស់ចលនាប៉ាឡេស្ទីនអ៉ីស្លាម ជីហាដ និងមេបញ្ជាការរងម្នាក់។ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ចលនាប៉ាឡេស្ទីនអ៉ីស្លាមជីហាដបានដឹកនាំការវាយប្រហារសងសឹក ដោយបាញ់គ្រាប់រ៉ុក្កែតលើអ៉ីស្រាអែល ដោយបានផ្ដាច់ជីវិតមនុស្សម្នាក់។ ចំណែកឯ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ក្នុងវីដេអូមួយត្រូវបានចេញផ្សាយកំលុងធ្វើទស្សនកិច្ច ទៅកាន់មូលដ្ឋានទ័ពអាកាសមួយដែរថា «យើងកំពុងធ្វើប្រតិបត្តិការទាំងការវាយលុក និងការពារខ្លួន។ នរណាក៏ដោយដែលចង់បំផ្លាញពួកយើង នឹងត្រូវសងមកវិញដោយ ឈាម»

គួរបញ្ជាក់ថា ជម្លោះរវាងអ៉ីស្រាអែល និងចលនាប៉ាឡេស្ទីនអ៉ីស្លាមជីហាដ បានឈានចូលដល់ថ្ងៃទី៣ហើយ បើទោះជាមានការសម្របសម្រួលពីអេហ្ស៉ីបក៏ដោយ ក៏គូភាគី ជម្លោះទាំង២ មិនបានបង្ហាញសញ្ញាត្រៀមខ្លួនទទួលយកបទឈប់បាញ់នៅឡើយទេ៕