(ស៉ីដនី)៖ រដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង (Qin Gang) គ្រោងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី នៅខែកក្កដាខាងមុខ ខណៈទំនាក់ទំនងការទូតរវាងប្រទេសជាដៃគូពាណិជ្ជកម្មទាំង២ ហាក់មានស្ថិរភាពឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣។

ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីចិនក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ South China Morning Post បានឱ្យដឹងដែរថាដំណើរទស្សនកិច្ចរបស់លោក ឈិន កាង ដែលមិនទាន់ត្រូវបានប្រកាសជាផ្លូវការ អាចនឹងត្រូវធ្វើឡើងនៅខែកក្កដាខាងមុខ។ ដោយឡែក ជុំវិញដំណើរទស្សនកិច្ចនេះដែរ លោក ជែមស៍ ឡូរិនសិន (James Laurenceson) ជានាយកវិទ្យាស្ថាន Australia-China Relations Institute (ACRI) នៃសាកលវិទ្យាល័យបច្ចេកវិទ្យាស៉ីដនី (University of Technology Sydney) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាលោកបានដឹងពីដំណើរទស្សនកិច្ចរបស់លោក ឈិន កាង នៅខែកក្កដា តែលោកមិនអាច បញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នោះទេ។ លោក ឡូរិនសិន បានបន្ថែមថា «ដំណើរទស្សនកិច្ចរបស់លោក ឈិន កាង ទៅកាន់អូស្ត្រាលី ជាព័ត៌មានមួយដ៏ធំ ហើយ លោកនឹងក្លាយជាមន្ត្រីជាន់ខ្ពស់ដំបូងបំផុតរបស់ចិន ដែលនឹងធ្វើទស្សនកិច្ចនៅអូស្ត្រាលី ចាប់តាំងពីភាពតានតឹងនៃទំនាក់ទំនងរវាងប្រទេសទាំង២ ថមថយកម្ដៅ មក»

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងអូស្ត្រាលី បានធ្លាក់ចុះដុនដាបខ្លាំង កាលពីឆ្នាំ២០២០ បន្ទាប់ពីអូស្ត្រាលីបានអំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិមួយ ដើម្បីស្វែងរកប្រភពដើមនៃជំងឺកូវីដ១៩។ ចាប់តាំងពីនោះមកដែរ ចិនបានរឹតត្បិតលើការនាំចូលទំនិញមួយចំនួនពីអូស្ត្រាលី។ តែភាពតានតឹងបានថមថយចុះ នៅបន្ទាប់ពីអូស្ត្រាលីមានរដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សពលករ ក្នុងឆ្នាំ២០២២ ហើយជាការបញ្ជាក់ពីភាពធូរស្រាលនេះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង កាលពីខែធ្នូ ឆ្នាំ២០២២ ខណៈដំណើរទស្សនកិច្ចរបស់លោក ឈិន កាងអាចនឹងធ្វើឡើងជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Wong៕