(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាទីប្រឹក្សាសន្តិសុខជាតិកំពូលនៃរដ្ឋបាលលោក បៃដិន បានជួបពិភាក្សាការងារជាមួយមន្ត្រីការទូតកំពូលចិន នៅក្នុងសប្ដាហ៍នេះ ហើយបានសន្យាថានឹងបើកចំហបណ្ដាញទំនាក់ទំនង ស្របពេលទំនាក់ទំនងរវាង មហាអំណាចទាំង២ កំពុងស្គាល់ភាពតានតឹងសឹងតែគ្រប់វិស័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានឱ្យដឹងទៀតថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan និងមន្ត្រីការទូតកំពូលចិន លោក Wang Yi បានជួបគ្នានៅឯទីក្រុងវីយែន ប្រទេសអូទ្រីស កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយបានជជែកគ្នាពីសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនផងដែរ រួមទាំងបញ្ហាជាច្រើនទៀត។ សេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ថាភាគីទាំង២ បានពិភាក្សាគ្នាប្រកបដោយភាពស្មោះត្រង់ ដ៏មានតម្លៃ និងលក្ខណៈស្ថាបនា លើបញ្ហាសំខាន់ៗជាច្រើន នៅក្នុងទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងចិន បញ្ហាសន្តិសុខសកល ព្រមទាំងសន្តិសុខក្នុងតំបន់ សង្រ្គាមរបស់រុស្ស៉ីប្រឆាំង នឹងអ៊ុយក្រែន ក៏ដូចជាបញ្ហាត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ និងបញ្ហាសំខាន់ៗដទៃទៀត។

គួរបញ្ជាក់ថា ជំនួបរវាងលោក Jake Sullivan និងលោក Wang Yi គឺជាជំនួបកម្រិតខ្ពស់បំផុតមួយ ចាប់តាំងពីមានការចោទប្រកាន់ថាបាឡុងស៊ើបការណ៍របស់ ចិនបានហោះចូលក្នុងដែនអាកាសអាមេរិក កាលពីខែកុម្ភៈកន្លងទៅ ដែលបណ្ដាលឱ្យមានការសម្រេចចិត្តលុបចោលការបំពេញទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅកាន់ទីក្រុងប៉េកាំង ក្រោយទីក្រុងវ៉ាស៊ីនតោនបាញ់ទម្លាក់បាឡុងចិននៅពេលនោះ៕