(ហ្វាំងឡង់)៖ មនុស្ស ២៧នាក់ដែលភាគច្រើនជាកុមារបានរងរបួស ក្នុងហេតុការណ៍បាក់រលំស្ពានថ្មើរជើងបណ្តោះអាសន្នមួយ ក្នុងប្រទេសហ្វាំងឡង់កាលពីថ្ងៃព្រហស្បតិ៍ (១១ឧសភា)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។

ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៩៖២០ព្រឹក (ម៉ោងក្នុងតំបន់) ក្នុងទីក្រុង Espoo ជិតរដ្ឋធានី Helsinki។

មន្ត្រីសាលាក្រុងបាននិយាយថា អ្នករងរបួសភាគច្រើនគឺជាក្មេងដែលមានអាយុចន្លោះពី១៤ ទៅ១៥ឆ្នាំ ដែលកំពុងធ្វើដំណើរទៅសាលារៀន។ គ្រូរបស់ពួកគេក៏ស្ថិតក្នុងចំណោមអ្នករបួសដែរ។

ទោះជាយ៉ាងណាមន្ទីរពេទ្យបាននិយាយថា «គ្មាននរណាម្នាក់មានរបួស ដែលគំរាមកំហែងដល់អាយុជីវិតទេ» ដោយបន្ថែមថាភាគច្រើនបានបាក់ដៃជើង៕