(កៀវ)៖ ស្ថាបនិកនៃក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី លោក Yevgeny Prigozhin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែឧសភាថា អ៊ុយក្រែនបានចាប់ផ្តើមការវាយលុករបស់ពួកគេ ហើយកំពុងខិតជិត Bakhmut ពីចំហៀង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។

នៅពេលសួរដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី អំពីការវាយប្រហារតបតរបស់អ៊ុយក្រែន លោក Prigozhin បាននិយាយថា ប្រតិបត្តិការរបស់អ៊ុយក្រែន «ជាអកុសល បានទទួលជោគជ័យដោយផ្នែក»។

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ីដែលដឹកនាំដោយក្រុមទាហានស៊ីឈ្នួល Wagner បាន និងកំពុងធ្វើការវាយលុកយ៉ាងបង្ហូរឈាមដើម្បីដណ្តើមយកទីក្រុង Bakhmut ក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ចាប់តាំងពីរដូវក្តៅមុន។

កាលពីថ្ងៃពុធ ទាំង លោក Prigozhin និងយោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងកៀវបានវាយប្រហារអង្គភាពទ័ពរុស្ស៊ីឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទីក្រុង Bakhmut ក្នុងការឈានទៅមុខដ៏សំខាន់សម្រាប់អ៊ុយក្រែន៕