(កៀវ)៖ សហរដ្ឋអាមេរិក និងអង់គ្លេស បានប្រាប់ពិភពលោកនូវការបន្តជួយអ៊ុយក្រែនរហូតដល់ចប់សង្គ្រាម ខណៈដែលការប្រកាសនេះ បានធ្វើឡើងច្រើនម៉ោងបន្ទាប់ពីមេដឹកនាំ រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្តេជ្ញាយកឈ្នះអ៊ុយក្រែននៅលើសមរភូមិ។ ជាមួយនឹងការប្រកាសបន្តជួយអ៊ុយក្រែននោះ សហរដ្ឋអាមេរិកបានផ្តល់កញ្ចប់ថវិកានៃជំនួយយោធាថ្មី ១ពាន់២០០លានដុល្លារ ដល់អ៊ុយក្រែនថែមទៀត ដែលកាន់តែបន្ថែមបន្ទុកដល់រដ្ឋបាលលោកចូបៃដិនដែលកំពុងប្រឈមនឹងបញ្ហាជំពាក់បំណុលវណ្ឌក។

នៅច្រើនម៉ោងបន្ទាប់ពីមេដឹកនាំរុស្ស៊ី លោក ពូទីន បានប្តេជ្ញានឹងយកឈ្នះនៅលើសមរភូមិអ៊ុយក្រែន, សហរដ្ឋអាមេរិក និងអង់គ្លេសមិនបាននៅស្ងៀមឡើយ។ មេដឹកនាំរុស្ស៊ីក្នុងទិវា រំលឹកថ្ងៃជ័យជំនះលើសង្គ្រាមលោកលើកទី២ នៅលើទីលានក្រហម កណ្តាលរដ្ឋធានីម៉ូស្គូ ថ្ងៃទី៩ឧសភា បានបង្ហាញការប្តេជ្ញាប្រយុទ្ធយកឈ្នះនៅលើសមរភូមិអ៊ុយក្រែន…ប៉ុន្តែច្រើន ម៉ោងក្រោយពីការតាំងចិត្តរបស់រុស្ស៊ីនោះ, រដ្ឋមន្ត្រីការបរទេសអាមេរិក និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស បានថ្លែងក្នុងរដ្ឋធានីវ៉ាស៊ីនតោនព្រមគ្នាបង្ហាញប្រាប់ពិភពលោកថា សហរដ្ឋអាមេរិក និងអង់គ្លេស គឺចន្ទល់ពីខាងក្រោយខ្នងរបស់អ៊ុយក្រែនក្នុងការទប់ទល់នឹងសកម្មភាពវាយប្រហាររបស់រុស្ស៊ី។ សហរដ្ឋអាមរិកនិងប្រទេសអង់គ្លេស បានប្តេជ្ញាថានឹង ជួយអ៊ុយក្រែនរហូតទាល់តែសង្គ្រាមនឹងបញ្ចប់។

សហរដ្ឋអាមេរិក បានប្រញាប់ប្រកាសនូវកញ្ចប់ជំនួយយោធា ១ពាន់២០០ លានដុល្លារថ្មីបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន ដែលកំពុងតែត្រៀមធ្វើយុទ្ធនាការវាយលុក មួយនាពេល ខាងមុខនេះ។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បាននិយាយកាលពីថ្ងៃទី៩ ឧសភា ក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅក្នុងក្រុងវ៉ាស៊ីនតោន ជាមួយរដ្ឋមន្ត្រី ការបរទេសអាមេរិក លោក Antony Blinken ថា លទ្ធផលសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន នឹងមានផលវិបាកសម្រាប់ពិភពលោកទាំងមូល។ លោកបានបញ្ជាក់ថាចំណែកការ ត្រៀមវាយលុករបស់អ៊ុយក្រែន នាពេលខាងមុខនេះទៀត ក៏នឹង «មិនមែនជាខ្សែភាពយន្ត»ដែរ។ បណ្តាក្រុងរបស់អ៊ុយក្រែនជាពិសេសរដ្ឋធានីកៀវ បានរងនឹងការវាយប្រហារតាម ផ្លូវអាកាស ប្រមាណជាង១សប្តាហ៍មកហើយដោយគ្រាប់មីស៊ីល និងដ្រូនអត្តឃាតផលិតដោយប្រទេសអ៊ីរ៉ង់ ដែលភាពមិនទាន់រៀបចំត្រឹមត្រូវក្នុងសមរភូមិក្រោយនេះហើយ ដែលគេ ជឿថាជាផ្នែកមួយនៃការពន្យាពេលនៃយុទ្ធនាការវាយលុកទ្រង់ទ្រាយធំរបស់អ៊ុយក្រែនដាក់លើកងកម្លាំងរុស្ស៊ី។

ម្យ៉ាងទៀត ក្តីរំពឹងលើលទ្ធផលខ្លាំងពេក ក៏ជាផ្នែកមួយនៃការបារម្ភខ្លាចក្រែងមានការខកចិត្តបន្ទាប់ពីយុទ្ធនាការរដូវ Spring នោះ មិនដូចជាអ្វីដែលគេបានរំពឹងទុក។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានប្រាប់កាសែតក្នុងស្រុកអាល្លឺម៉ង់ Bild បញ្ជាក់ថាសូមកុំឱ្យសហគមន៍អន្តរជាតិគិតថាការត្រៀមវាយប្រហារទ្រង់ទ្រាយធំ របស់អ៊ុយក្រែនដាក់លើកម្លាំងទាហានរុស្ស៊ីក្នុងពេលខាងមុខនេះ គឺជាសង្គ្រាមវាយប្រហារចុងក្រោយឱ្យសោះ។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បានថ្លែងថា «នៅពេលដែលមានសង្គ្រាម ទៅហើយនោះអ្វីៗក៏វាមិនទៀងទាត់ដែរ»។ លោកបានបញ្ជាក់បន្ថែមទៀតថា «គេមិនអាចមានការធានាបានទេនៅក្នុងពេលដែលមានសង្គ្រាម» ដែល សម្តីនេះ បានទន្ទឹមនឹងសម្ភារៈយោធាផ្តល់ទៅឱ្យអ៊ុយក្រែនបានលើសពីអ្វីនៃការរំពឹងទុក។

លោក James Cleverly បានថ្លែងថា «តាមទស្សនៈរបស់ចក្រភពអង់គ្លេស យើងក៏នឹងបន្តផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាផងដែរ។ យើងមានបំណងផ្តល់ឱ្យឧបករណ៍នានាដល់ អ៊ុយក្រែនដែលពួកគេកំពុងត្រូវការដើម្បីការពារខ្លួនដោយជោគជ័យប្រឆាំងនឹងការឈ្លានពាន»។ សម្តីបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសអង់គ្លេសនេះ បានធ្វើឡើងតបចំពោះសំណួរ ដែលចង់ដឹងអំពីគម្រោងរបស់ប្រទេសអង់គ្លេសក្នុងការនិយាយយ៉ាងណាឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចាំបាច់ត្រូវតែបន្តជំនួយដល់រដ្ឋាភិបាលក្រុងកៀវ ប្រសិនណាបើកងកម្លាំង អ៊ុយក្រែនមិនអាចបង្ហាញនូវជោគជ័យដាច់ស្រឡះមួយបានទេក្នុងរយៈពេល ប៉ុន្មានខែទៅមុខទៀតនេះ។ អ៊ុយក្រែនបានប្រកាសការត្រៀមធ្វើយុទ្ធនាការវាយលុករដូវ Spring ខណៈរដូវ Spring នឹង កន្លងហួសបន្ទាប់ពីដំណាច់ខែឧសភានេះហើយ។

លោក James Cleverly បានថ្លែងបន្តថា «ហើយយើងត្រូវបន្តគាំទ្រពួកគេ ដោយមិនគិតពីថាតើការវាយលុកនាពេលខាងមុខនេះវានឹងបង្កើត នូវលទ្ធផលឈ្នះប៉ុណ្ណាលើមរភូមិនោះទេ ពីព្រោះយើងនឹងជួយរហូតដល់ជម្លោះនេះត្រូវបានដោះស្រាយ និងដោះស្រាយបានត្រឹមត្រូវថែមទៀត។ វាមិនទាន់ចប់នោះទេ»។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានរៀនយ៉ាងឆាប់រហ័ស និងបានរៀននូវរបៀបការពារប្រកបដោយប្រសិទ្ធភាពថែមទៀត។ លោកបានថ្លែងបញ្ជាក់នូវសារៈសំខាន់នៃការឆ្លើយតបរបស់ លោកខាងលិចយ៉ាងច្បាស់លាស់ចំពោះអ៊ុយក្រែន ដែលកំពុងតែធ្វើការទប់ទល់នឹងអំពើឈ្លានពានរបស់រុស្ស៊ី។

លោកបានមានប្រសាសន៍បន្តថា «ក្រសែភ្នែករបស់ពិភពលោកកំពុងមើលអំពីរបៀបណា ដែលយើងនឹងត្រូវជួយអ៊ុយក្រែនដើម្បីប្រឈមនឹងអំពើឈ្លានពានរបស់រុស្ស៊ី»។ លោកបាន បន្ថែមថារឿងសំខាន់នោះគឺសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ក៏ត្រូវតែបង្ហាញការប្តេជ្ញាចិត្ត និងភាពស្វិតស្វាញជាយុទ្ធសាស្ត្រ រហូតទាល់តែទទួលបានជោគជ័យ។ ការបញ្ជាក់ភាពប្តេជ្ញាចិត្ត បន្តជួយប្រទេសអ៊ុយក្រែន បានទន្ទឹមនឹងចំណោទនៃវិបត្តិហិរញ្ញវត្ថុ បាន និងកំពុងកើតឡើងក្នុងសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការជំពាក់បំណុលវណ្ឌករបស់រដ្ឋបាលលោក ចូ បៃដិន។ ចំណោទនៃវិបត្តិហិរញ្ញវត្ថុបាននាំឱ្យក្តីបារម្ភថាជំនួយរបស់សហរដ្ឋអាមេរិក នាអនាគតចំពោះអ៊ុយក្រែននឹងត្រូវធ្លាក់ចុះ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken មិនបានយល់ស្របនឹងគំនិតដែលនិយាយថា ការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែននឹងមានការធ្លាក់ចុះនោះឡើយ។ លោក Blinken បានលើកឡើងនូវសម្តីរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោក Kevin McCarthy កាលពីថ្ងៃទី១ ឧសភា បញ្ជាក់នូវជំហររបស់សហរដ្ឋអាមេរិកគាំទ្រដល់អ៊ុយក្រែន ដែលសម្តីនោះគឺ ជាការឆ្លើយតបចំពោះអ្នកកាសែតរុស្ស៊ីម្នាក់ចង់ដឹងអំពីជំហររបស់សហរដ្ឋអាមេរិក ជុំវិញការបន្តលក់អាវុធដល់ប្រទេសអ៊ុយក្រែន។ លោក Anthony Blinken បាននិយាយផងដែរថាលោកបានយល់ព្រមជាមួយនឹងសម្តីគាំទ្ររបស់លោក Cleverly លើប្រទេសអ៊ុយក្រែន ដែលវាស្របតាមផលប្រយោជន៍របស់បណ្តាប្រទេសលោកខាងលិច។ លោកបាននិយាយបន្តថា អ៊ុយក្រែននឹងទទួលបានអ្វីដែលកំពុងត្រូវការដើម្បី «បន្តទទួលបានជោគជ័យក្នុងការវាយដណ្តើមយកទឹកដីដែលត្រូវបានរឹបអូស ដោយរុស្ស៊ីក្នុង រយៈពេល ១៤ខែកន្លងមកនេះ»

ក្នុងអំឡុងទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly, សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ជំនួយសន្តិសុខថ្មីចំនួន ១ពាន់២០០លានដុល្លារសម្រាប់ អ៊ុយក្រែន ដើម្បីបង្កើនលើការការពារដែនអាកាសរបស់អ៊ុយក្រែន និងការផ្តល់គ្រាប់រំសេវកាំភ្លើងធំបន្ថែមទៀត។ យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ ក្រសួងការពារជាតិអាមេរិក កញ្ចប់ជំនួយយោធាថ្មី ១ពាន់២០០លានដុល្លារទៀតនេះ បានគូសបញ្ជាក់ពីការបន្តការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន ដោយការប្តេជ្ញាចិត្តបង្កើនសមត្ថភាពដូចជា ប្រព័ន្ធការពារអាកាស និងគ្រាប់រំសេវ ក៏ដូចជាការកសាងសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនដើម្បីមានលទ្ធភាពការពារទឹកដីរបស់ខ្លួន និងសមត្ថភាពរារាំងការឈ្លានពាន របស់រុស្ស៊ីក្នុងរយៈ ពេលវែង។ កញ្ចប់ជំនួយយោធាថ្មីចុងក្រោយនេះរួមមានគ្រាប់រំសេវសម្រាប់ប្រព័ន្ធនានាដែលត្រូវទប់ស្កាត់ការគំរាមកំហែងដ្រូននិងគ្រាប់កាំភ្លើងត្បាល់ ១៥៥មីលីម៉ែត្រ ដែលសុទ្ធតែជាសម្ភារៈជំនួយអាវុធសំខាន់សម្រាប់សេចក្តីត្រូវការរបស់កងកម្លាំងអ៊ុយក្រែននាពេលនេះ។

មន្ត្រីនាំពាក្យក្រសួងការពារជាតិអាមេរិកលោកឧត្តមសេនីយ៍ត្រី Pat Ryder បានថ្លែងបញ្ជាក់ម្តងទៀតតាមរយៈសន្និសីទកាសែតថា កញ្ចប់ជំនួយយោធានេះមានសារុបដល់១ពាន់ ២០០លានដុល្លារ ត្រូវបានផ្តល់ក្រោមការផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន។ លោកបានបន្តថាកញ្ចប់នៃការផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន UAI គឺជាការបញ្ជាក់នូវការប្តេជ្ញាជា បន្តរបស់សហរដ្ឋអាមេរិកដើម្បីឆ្លើយតបនឹងការចង់បានជាបន្ទាន់បំផុតរបស់អ៊ុយក្រែន ដោយការប្តេជ្ញាចិត្តជួយបង្កើនសមត្ថភាពដូចជាប្រព័ន្ធការពារអាកាស និងគ្រាប់រំសេវ ក៏ដូចជា ការកសាងសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនដើម្បីមានលទ្ធភាពការពារទឹកដីរបស់ខ្លួន និងសមត្ថភាពរារាំងការឈ្លានពានរបស់រុស្ស៊ីក្នុងរយៈពេលវែង។

សេចក្តីរាយការណ៍បានបង្ហាញថាទោះជាយ៉ាងណាក៏ដោយ ជំនួយនេះត្រូវតែទទួលបានពីក្រុមហ៊ុនផលិតអាវុធ ដោយសារតែការយកអាវុធចេញពីឃ្លាំងរបស់សហរដ្ឋអាមេរិក បានផ្ទុយនឹងច្បាប់របស់សហរដ្ឋអាមេរិក ដែលមានន័យថាជំនួយនៃគ្រឿងសព្វាវុធរបស់អាមេរិកសន្យាឱ្យអ៊ុយក្រែនទាំងនេះនឹងមានការពន្យាពេលមួយ មុនពេលដែលវានឹងត្រូវបញ្ជូន ទៅដល់ក្នុងសមរភូមិ។ បើគិតទាំងជំនួយ១ពាន់២០០លានដុល្លារនេះទៀត ជំនួយយោធាសរុបរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនចាប់តាំងពីរុស្ស៊ីបានឈ្លានពាន ប្រទេសក្នុង ខែកុម្ភៈ ឆ្នាំ២០២២នោះមក បានកើនដល់ជាង ៣៦ពាន់លានដុល្លារហើយ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានសាទរចំពោះជំនួយថ្មីនេះ ដោយនិយាយនៅលើប្រព័ន្ធ Twitter របស់លោកថា «យើងដឹងគុណចំពោះសញ្ញានៃ សាមគ្គីភាពជាមួយអ៊ុយក្រែន ដែលបានបង្ហាញក្នុងថ្ងៃនៃនិមិត្តរូបសម្រាប់យើង គឺទិវាអឺរ៉ុប និងទិវាជ័យជម្នះលើពួកណាស៊ីក្នុងសង្គ្រាមលោកលើកទី២។ លោកបានសរសេរបន្តថា យើងធ្វើដំណើរជាមួយគ្នាសំដៅទៅរកជ័យជម្នះថ្មី!។ ទោះជាយ៉ាងណាក្តីជំនួយសម្រុកផ្តល់ទៅប្រទេសអ៊ុយក្រែននេះ បានធ្វើឡើងខណៈដែលប្រទេសទាំង២កំពុងរងនឹងចំណោទ វិបត្តិហិរញ្ញវត្ថុ។ ចំណោទនៃវិបត្តិហិរញ្ញវត្ថុនេះ កំពុងតែបង្កើត នូវការចរចាគ្នាយ៉ាងតឹងតែង ជាពិសេសក្នុងសហរដ្ឋអាមេរិកដែលកំពុងតែមានចំណោទនៃការជំពាក់បំណុលវណ្ឌក ដល់កម្រិតពិដានរបស់ខ្លួន ខណៈដែលចក្រភពអង់គ្លេសនោះវិញ កំពុងប្រឈមនឹងវិបត្តិនៃទំនិញឡើងថ្លៃដែលពលរដ្ឋស្ទើរមិនអាចទប់ទល់រួច។

នៅលើសមរភូមិនោះវិញ, ខណៈដែលសង្គ្រាមបានឈានចូលដល់ថ្ងៃទី៤៤១ថ្ងៃមកនេះ, សេចក្តីរាយការណ៍បានបង្ហាញថាអ្នកកាសែត AFP ម្នាក់ឈ្មោះ Arman Soldin បានបាត់បង់ជីវិត ដោយសារគ្រាប់រ៉ុក្កែតបាញ់របស់រុស្ស៊ីនៅលើសមរភូមិក្បែរក្រុង Charsiv Yar នាភាគខាងកើតប្រទេស។ ការស្លាប់របស់អ្នកកាសែត AFP អាយុ៣២ឆ្នាំនេះ គឺជាការស្លាប់លើកទី១៥ហើយ របស់អ្នកកាសែតដែលបានបាត់បង់ជីវិតដោយសារចុះយកព័ត៌មានក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ កាសែត The Guadian បានរាយការណ៍ នៅថ្ងៃនេះដកស្រង់សម្តីនាយឧត្តមសេនីយ៍អ៊ុយក្រែនលោកឧត្តមសេនីយ៍ Oleksadr Syrski បាននិយាយថាក្នុងការវាយលុកមួយរបស់អ៊ុយក្រែនក្នុងក្រុងបាក់មុត កងកម្លាំងរុស្ស៊ី បានទន់ដៃនិងបានដកថយចម្ងាយប្រមាណ ២គីឡូម៉ែត្រក្នុងតំបន់ខ្លះ។

នៅជាមួយគ្នានេះផងដែរ ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី បានដកស្រង់សម្តីមន្ត្រីនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ដែលនិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រតិបត្តិការយោធារុស្ស៊ីប្រឆាំងអ៊ុយក្រែនមានការលំបាក ប៉ុន្តែតាមគោលដៅខ្លះបានទទួលជោគជ័យ។ មន្ត្រីរុស្ស៊ីដដែលបានថ្លែងថាគេបានបំផ្លាញគ្រឿងម៉ាស៊ីន យន្តយោធា Military Machine របស់អ៊ុយក្រែនខ្លះថែមទៀត ខណៈអ៊ុយក្រែនបានអះអាងមកវិញថា កងកម្លាំងរបស់ខ្លួនបានធ្វើឱ្យកងពលលេខ៧២របស់រុស្ស៊ីក្បែរក្រុងបាក់មុតខូចខាត ជាច្រើន ប៉ុន្តែ បានទទួលស្គាល់ថាស្ថានភាពវាយប្រហារនៅតែមានការលំបាកនៅឡើយទេនៅ ក្នុងក្រុងបាក់មុតនោះ៕