(ឡុងដ៍)៖ ក្រុមមន្រ្តីជាន់ខ្ពស់លោកខាងលិច បានបង្ហើបឱ្យដឹងថា ចក្រភពអង់គ្លេសបានប្រគល់ឱ្យដល់ដៃអ៊ុយក្រែន នូវមីស៉ីលគ្រូស Storm Shadow ដែលជាការផ្តល់សមត្ថភាពថ្មី នៃការវាយប្រហាររយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែន មុនទីក្រុងកៀវបើកប្រតិបត្តិការវាយបកលើ​កងកម្លាំងរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។

Storm Shadow គឺជាមីស៉ីលគ្រូសរយៈចម្ងាយឆ្ងាយ ដែលសមត្ថភាពលាក់ខ្លួនពីប្រព័ន្ធរ៉ាដា ហើយត្រូវបានអភិវឌ្ឍឡើងរួមគ្នាដោយអង់គ្លេសនិងបារាំង។ មីស៉ីលនេះជាទូទៅត្រូវបាញ់ចេញពីយន្តហោះ និងអាចបាញ់បានចម្ងាយជាង២៥០គីឡូម៉ែត្រ។ ចំណុចពិសេសគឺត្រង់ថា មីស៉ីល Storm Shadow មានសមត្ថភាពវាយប្រហារបានជ្រៅទៅលើទីតាំងគ្រប់គ្រងដោយរុស្ស៉ី ដែលនៅភាគខាងកើតអ៊ុយក្រែន។ ទីក្រុងឡុងដ៍ទទួលបានការធានាពីរដ្ឋាភិបាលអ៊ុយក្រែនថា មីស៉ីលទាំងនេះនឹងត្រូវប្រើប្រាស់ តែក្នុងទឹកដីអធិបតេយ្យរបស់ចិនអ៊ុយក្រែន​ប៉ុណ្ណោះ ហើយនឹងមិនត្រូវប្រើវាយប្រហារទៅក្នុងទឹកដីរុស្ស៉ីឡើយ។

យ៉ាងណាមិញ មិនមានការបញ្ជាក់ថា មីស៉ីល Storm Shadow ចំនួនប៉ុន្មាន ដែលអង់គ្លេសបានប្រគល់ឱ្យទៅអ៊ុយក្រែននោះឡើយ។ ការប្រគល់មីស៉ីលគ្រូសរយៈចម្ងាយឆ្ងាយនេះកើតមានឡើង ខណៈដែលកងកម្លាំងរបស់ទីក្រុងកៀវ កំពុងត្រៀមបើកប្រតិបត្តិការវាយបក ដែលមានគោលដៅដណ្តើមយកមកវិញបន្ថែមទៀត នូវទឹកដីនៅភាគខាងត្បូងនិងខាងកើតអ៊ុយក្រែន ដែលបានធ្លាក់ទៅក្នុងដៃរបស់រុស្ស៉ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំមុន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនាថ្ងៃព្រហស្បតិ៍នេះថា លោកនៅត្រូវការពេលបន្តិចទៀត មុនចាប់ផ្តើម​ប្រតិបត្តិការវាយបក ដើម្បីអនុញ្ញាតឱ្យជំនួយយោធារបស់លោកខាងលិច ជាពិសេសរថក្រោះនិងរថពាសដែក មកដល់បន្ថែមទៀត។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលចក្រភពអង់គ្លេស បានបោះជំហានលើសសហរដ្ឋអាមេរិកទៅទៀត ក្នុងការផ្តល់សព្វាវុធទំនើបៗឱ្យអ៊ុយក្រែន។ អង់គ្លេសគឺជាសម្ព័ន្ធមិត្តដំបូងបង្អស់ ដែលបានប្រកាសផ្តល់រថក្រោះលោកខាងលិចស៊េរីទំនើបឱ្យទីក្រុងកៀវ ដោយកាលពីខែមករា បានសន្យាផ្តល់រថក្រោះប្រយុទ្ធ Challenger 2 របស់ខ្លួន មុនពេលអាមេរិកប្រកាសបញ្ជូនរថក្រោះ Abram ហើយអាល្លឺម៉ង់ប្រកាសបញ្ជូនរថក្រោះ Leopard 2។ រថក្រោះ Challenger ទាំងនោះ បានទៅដល់អ៊ុយក្រែន កាលពី​ខែមីនា៕