(ប្រាក)៖ ប្រធានាធិបតីនៃសាធារណរដ្ឋឆែក លោក ប៉េត្រឺ ប៉ាវែល (Petr Pavel) ត្រូវបានដកស្រង់សម្តីដែលនិយាយកាលពីថ្ងៃពុធ សប្តាហ៍នេះថា សាធារណរដ្ឋឆែកអាចផ្តល់ឲ្យអ៊ុយក្រែននូវយន្តហោះចម្បាំង L-159 របស់ខ្លួនមួយចំនួន ដើម្បីគាំទ្រប្រតិបត្តិការវាយបកលើរុស្ស៉ី ដែលបានគ្រោងទុក។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។

L-159 គឺជាយន្តហោះចម្បាំងធុនស្រាល ល្បឿនក្រោមល្បឿនសំឡេង ផលិតដោយប្រទេសឆែក និងត្រូវបានរចនាឡើងសម្រាប់ការគាំទ្រ តាមអាកាសដល់កងកម្លាំងជើងគោក ការឈ្លបយកការណ៍ ហើយវាក៏អាចប្រើសម្រាប់បេសកកម្មប្រយុទ្ធតាមផ្លូវអាកាស ក្នុងកម្រិតមួយ​ផងដែរ។

លោក ប៉ាវែល បានគូសបញ្ជាក់ថា «យើងគួរពិចារណាថា តើអាចផ្តល់ឲ្យអ៊ុយក្រែននូវយន្តហោះ L-159 បានដែរឬទេ។ យន្តហោះប្រភេទេនេះ ក៏អាចជួយអ៊ុយក្រែនយ៉ាងមានប្រសិទ្ធភាព ក្នុងប្រតិបត្តិការវាយបកផងដែរ»។ បើតាម លោក ប៉ាវែល អ៊ុយក្រែនក៏កំពុងស្ថិតក្នុងដំណើរការទទួលបានប្រព័ន្ធការពារដែនអាកាស Kub ចំនួនពីរគ្រឿងពីសាធារណរដ្ឋឆែក ថែមទៀតផង។

គួរបញ្ជាក់ថា សាធារណរដ្ឋឆែកស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់អ៊ុយក្រែន ចាប់តាំងពីការផ្ទុះឡើងនៃការឈ្លានពានរបស់រុស្ស៊ី កាលពីខែកុម្ភៈកន្លងទៅ ដោយធ្លាប់បានផ្តល់សម្ភារជាច្រើន រាប់ចាប់តាំងពីគ្រាប់រំសេវ រហូតដល់រថក្រោះដែលមានតម្លៃ រាប់ពាន់លានដុល្លារ៕