(ប៉េកាំង)៖ យោងតាមទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយចិននៅថ្ងៃទី៩ ខែឧសភាបង្ហាញឱ្យឃើញថា ការនាំចេញរបស់ប្រទេសចិនក្នុងខែមេសាមានចំនួន២.០២ទ្រីលានយន់ប្រាក់ចិន ដែលកើនឡើង១៦.៨ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំ២០២២។ បើគិតតាមដុល្លារអាមេរិក ល្បឿនកើនឡើងបានឈានដល់៨.៥ភាគរយ។ នៅលើមូលដ្ឋាននៃការនាំចេញ យ៉ាងខ្លាំងនៅខែមីនា ទិន្នន័យនាំចេញនៅខែមេសា បាន "លើសពីការព្យាករណ៍" ជាថ្មីម្តងទៀត។ ទីភ្នាក់ងារសារព័ត៌មានAPអាមេរិកបានអះអាងថា ទោះបីជាតម្រូវការសកលបានធ្លាក់ចុះក៏ដោយ ក៏ប៉ុន្តែការនាំចេញរបស់ប្រទេសចិនបានបង្ហាញ ពីកម្លាំងចលករយ៉ាងខ្លាំងដែល"នឹកស្មានមិនដល់"។

នៅប៉ុន្មានថ្ងៃមុន ពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន(ពិព័រណ៍Canton)លើកទី១៣៣បានបិទបញ្ចប់ ។ ទំហំតាំងពិព័រណ៍សរុប ចំនួនសហគ្រាសដែលចូលរួមក្នុងការតាំងពិព័រណ៍តាមអហ្វអនឡាញនិងចំនួនអ្នកចូលទស្សនាពិព័រណ៍Cantonលើកនេះ សុទ្ធតែបានបំបែកកំណត់ត្រាខ្ពស់ថ្មីក្នុងប្រវត្តិសាស្ត្រ។ ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៣ ទំហំនាំចេញនាំចូលសរុបរបស់ប្រទេសចិនមានចំនួន ១៣.៣២ទ្រីលានយន់ប្រាក់ចិន ដែលកើនឡើង៥.៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២២។ ក្នុងនោះការនាំចេញកើនឡើង១០,៦ភាគរយ ការនាំចូលកើនឡើង០,០២ភាគរយ។

បើមើលពីទិន្នន័យពាណិជ្ជកម្មបរទេសនៃរយៈពេល៤ខែដំបូងឆ្នាំ២០២៣ រចនាសម្ព័ន្ធពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន បានត្រូវកែលំអជាបន្តបន្ទាប់។ ឧទាហរណ៍ ការនាំចេញរថយន្តបានក្លាយជាកម្លាំងចលករសំខាន់មួយ សម្រាប់ជំរុញការនាំចេញម្តងទៀត។ បើមើលពីតួរអង្គសំខាន់ៗក្នុងទីផ្សារ សហគ្រាសពាណិជ្ជកម្មបរទេសឯកជនទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ ក្នុងរយៈពេល៤ខែដំបូង ការនាំចេញនាំចូលរបស់សហគ្រាសឯកជនបានកើនឡើង១៥.៨ភាគរយ ខ្ពស់ជាងល្បឿនកើនឡើងជាទូទៅ ត្រូវជា៥២.៩ភាគរយនៃទំហំសរុបនៃពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន បានកើនឡើង៤.៦ភាគរយបើកប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២២ ដែលបន្តរក្សាឋានៈជាតួរអង្គធំជាងគេនៃពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន។

ហេតុអ្វីបានជាពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន អាចត្រួសត្រាយកម្លាំងចលករយ៉ាងខ្លាំងដែល "នឹកស្មានមិនដល់"?នេះគឺមិនអាចឃ្លាតពីការបន្តជំរុញការបើកចំហ ប្រកបដោយកម្រិតខ្ពស់និងដាក់ចេញវិធានការលំនឹង ពាណិជ្ជកម្មបរទេសជាបន្តបន្ទាប់របស់រដ្ឋាភិបាលចិននោះឡើយ។ចាប់តាំងពីដើមឆ្នាំ២០២៣មក រដ្ឋបាលតំបន់នានាបាននាំគ្នាដាក់ចេញ វិធានការសម្រាប់ជំរុញការអភិវឌ្ឍពាណិជ្ជកម្មបរទេស ហើយសហគ្រាសចិនបាន"បង្កើតជាក្រុមទៅបរទេស" ដើម្បីប្រជែងជាមួយពេលវេលាក្នុងការទទួលបានការបញ្ជាទិញ។

នៅចុងខែមេសា រដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយមួយចំនួន ដែលបូករួមទាំងការជំរុញឱ្យពិព័រណ៍តាមអហ្វអនឡាញ ក្នុងស្រុកស្តារឡើងវិញដោយគ្រប់ជ្រុងជ្រោយ ការរៀបចំសហគ្រាសរថយន្តនិងសហគ្រាសដឹកជញ្ជូននាវាចរណ៍ ទាក់ទងអតិថិជនដោយផ្ទាល់ និងការគាំទ្រសហគ្រាសពាណិជ្ជកម្មបរទេសឱ្យត្រួសត្រាយ វិធីសាស្ត្រលក់ដូរតាមរយៈទម្រង់ថ្មី ដូចជាធុរកិច្ចអេឡិចត្រូនិកឆ្លងដែនជាដើម គោលនយោបាយទាំងនេះមានលក្ខណៈចំគោលដៅ និងភាពងាយស្រួលក្នុងការអនុវត្តយ៉ាងខ្លាំង ដែលបង្កើតលំហអភិវឌ្ឍន៍ថ្មីសម្រាប់សហគ្រាសពាណិជ្ជកម្មបរទេស។

ពេលបច្ចុប្បន្ននេះ ឱកាសថ្មីកំពុងលេចចេញឥតឈប់ឈរ។ នៅថ្ងៃទី២ខែមិថុនា"កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់"(RCEP) នឹងមានចូលជាធរមានដោយគ្រប់ជ្រុងជ្រោយ នៅរដ្ឋសមាជិកចំនួន១៥ ហើយវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញនៃ RCEPត្រូវបានស្វាគមន៍ពីសហគ្រាសកាន់តែច្រើនឡើងៗ។ នេះនឹងនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនដល់ "ទៅក្រៅប្រទេស" នៃសហគ្រាសពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន។

យើងជឿជាក់ថា ស្របពេលដែលពិព័រណ៍មួយចំនួនក្នុងស្រុកបានប្រារពធ្វើ ការប្រាស្រ័យទៅមករវាងប្រជាជន កាន់តែមានភាពងាយស្រួល និងការឆ្នៃប្រឌិតថ្មីផ្នែកពាណិជ្ជកម្មបន្តធ្វើឱ្យស៊ីជម្រៅជាដើម ពាណិជ្ជកម្មបរទេសរបស់ប្រទេសចិននឹង "ត្រួសត្រាយ" កម្លាំងចលករកាន់តែច្រើន ក៏ដូចជាបញ្ជូនសញ្ញាកាន់តែខ្លាំងទៅកាន់ពិភពលោកថា សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងបង្កើនល្បឿនងើបឡើងវិញ៕

វិទ្យុមិត្តភាពកម្ពុជាចិន