(ឡាប៉ាស)៖ ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីនៃប្រទេសបូលីវី លោក ល្វីស អាកសេ (Luis Arce) បានបង្ហាញពីការបើកចំហចំពោះការប្រើប្រាស់ប្រាក់យ៉ន់ចិន សម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិ ដោយលើកឡើងពី វិធីសាស្រ្តស្រដៀងគ្នានេះរបស់ប្រទេសអាហ្សង់ទីន និងប្រេស៉ីល ដែលបានប្រើប្រាស់រូបិយប័ណ្ណអាស៉ីមួយនេះ ដើម្បីធ្វើប្រតិបត្តិការទូទាត់ជាមួយចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។

ការធ្វើប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ ជាធម្មតាតែងនិយមគិតតម្លៃជាប្រាក់ដុល្លារអាមេរិក ជាពិសេសសម្រាប់ទីផ្សារទំនិញសំខាន់ៗ ដូចជាថាមពល និងគ្រាប់ធញ្ញជាតិ និងត្រូវបានធ្វើឡើងរាប់ទសវត្សរ៍មកហើយ។ លោក អាកសេ បានគូសបញ្ជាក់ថា «ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅអាមេរិកខាងត្បូង កំពុងធ្វើពាណិជ្ជកម្មជាប្រាក់យ៉ន់រួចហើយ ក្រោមកិច្ចព្រមព្រៀងជាមួយប្រទេសចិន ហើយវាប្រាកដនឹងក្លាយជានិន្នាការនៅក្នុងតំបន់ ដូច្នេះបូលីវីត្រូវដើរឱ្យទាន់គេដែរ»។

គួរបញ្ជាក់ថា រដ្ឋាភិបាលអាហ្សង់ទីន បានប្រកាសកាលពីខែមុនថានឹងចាប់ផ្តើមទូទាត់ប្រាក់លើការនាំចូលរបស់ចិន ជាប្រាក់យ៉ន់ជាជាងប្រាក់ដុល្លារអាមេរិក ដោយមួយផ្នែកធំគឺដើម្បីការពារប្រាក់បម្រុងជាដុល្លារ ដែលធ្លាក់ចុះរបស់ធនាគារកណ្តាល ដែលត្រូវការដើម្បីទូទាត់បំណុលក៏ដូចជាផ្តល់ហិរញ្ញប្បទានដល់ការនាំចូល។

ដោយឡែក កាលពីដើមឆ្នាំ ២០២៣នេះ ប្រទេសចិន និងប្រេស៉ីល បានចាប់ដៃគ្នាដើម្បីបន្ថយភាពគ្របដណ្តប់នៃលុយដុល្លារអាមេរិក ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីរៀបចំយន្តការទូទាត់ថវិកាជាប្រាក់យ៉ន់ ដែលអាចជួយសម្រួលដល់ ពាណិជ្ជកម្មទ្វេភាគី៕