(កៀវ)៖ ក្នុងបទសម្ភាសមួយដែលចេញផ្សាយនាថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនកំពុងរង់ចាំទទួល រថពាសដែកនិងរថក្រោះបន្ថែមទៀតពីលោកខាងលិច មុនពេលចាប់ផ្តើមបើកប្រតិបត្តិការវាយបក ដើម្បីបន្តដណ្តើមយក​មកវិញ នូវទឹកដីរបស់ខ្លួនដែលបានធ្លាក់ទៅក្នុងដៃរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានអង់គ្លេស BBC លោក ហ្សេលេនស្គី បានលើកឡើងយ៉ាងដូច្នេះថា «យើងនៅត្រូវការពេលបន្តិចទៀត»។ លោកប្រធានាធិបតីអ៊ុយក្រែន បានគូសបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែនទទួលបាន សម្ភារយោធាគ្រប់គ្រាន់ហើយពីសម្ព័ន្ធមិត្តលោកខាងលិច សម្រាប់យុទ្ធនាការវាយបក ប៉ុន្តែរថពាសដែកនិងរថក្រោះមួយចំនួន ដែលត្រូវបានសន្យា កំពុងស្ថិតក្រោមដំណើរការបញ្ជូនមកនៅឡើយ។ ការ​រង់ចាំពួកវាយូរបន្តិចទៀត នឹងជួយកាត់បន្ថយការបាត់បង់ជីវិតរបស់កងទ័ព។ លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «ជាមួយអ្វីដែល​យើងមាននាពេលនេះ គឺយើងអាចចាប់ផ្តើមហើយទទួលបានជោគជ័យ ប៉ុន្តែយើងនឹងត្រូវបាត់បង់មនុស្សច្រើន។ ខ្ញុំគិតថាបែបនោះហាក់​មិនអាចទទួលយកបានទេ»។

គួរបញ្ជាក់ថា សង្រ្គាមអ៊ុយក្រែន កំពុងស្ថិតនៅចំណុចប្រសព្វមួយនៃការប្រែប្រួលដ៏សំខាន់ ខណៈដែលទីក្រុងកៀវត្រូវគេរំពឹងជាយូរមកហើយថា នឹងបើកប្រតិបត្តិការវាយបកសាជាថ្មី ក្រោយចំណាយពេលប្រមាណជា៦ខែ ស្ថិតក្នុងស្ថានភាពរង់ចាំការពារទប់ទល់ ចាប់តាំងពីពេលរុស្ស៉ីបើកការវាយ​លុកអំលុងរដូវរងា ដែលបរាជ័យក្នុងការដណ្តើមកាន់កាប់ ទឹកដីសំខាន់ៗបន្ថែមទៀតរបស់អ៊ុយក្រែន។ គោលដៅចម្បងរបស់ទីក្រុងមូស្គូ ​សម្រាប់រយៈពេលជាច្រើនខែមកនេះគឺ បាកមូត (Bakhmut) ជាក្រុងតូចមួយនៅភាគខាងកើតអ៊ុយក្រែន ដែលរុស្ស៉ីពុំទាន់អាចវាយយក​ដាច់នៅឡើយទេ។ រីឯក្រុមលោកខាងលិចវិញ បាននិងកំពុងបញ្ជូនរថក្រោះនិងរថពាសដែករាប់រយគ្រឿង ឱ្យអ៊ុយក្រែន សម្រាប់ប្រតិបត្តិការវាយបក ហើយក៏បានផ្តល់ការហ្វឹកហាត់ដល់ ទាហានអ៊ុយក្រែនរាប់រយនាក់ នៅតាមប្រទេសអឺរ៉ុបមួយចំនួនផងដែ៕