(អ៉ីស្លាម៉ាបាដ)៖ អាជ្ញាធរប៉ាគីស្ថានបានចាប់ខ្លួន ថ្នាក់ដឹកនាំគណបក្សរបស់អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក អ៉ីមរ៉ាន់ ខាន់ (Imran Khan) ជាបន្តបន្ទាប់ ស្របពេលដែល កងទ័ពត្រូវបានដាក់ពង្រាយដើម្បីជួយបង្រ្កាបភាពវឹកវរនៃបាតុកម្ម ដែលផ្ទុះឡើងក្រោយការចាប់ខ្លួនលោក ខាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។

គិតមកទល់ពេលនេះ ថ្នាក់ដឹកនាំយ៉ាងហោច៣រូបហើយ នៃគណបក្សរបស់លោក ខាន់ ត្រូវបានអាជ្ញាធរប៉ាគីស្ថានចាប់ខ្លួន។ លោក សា ម៉ាមូដ គូរេសស៉ី (Shah Mahmood Qureshi) ដែលជាអតីតរដ្ឋមន្រ្តីការបរទេសរបស់លោក ខាន់ និងជាអនុប្រធានគណបក្ស PTI ត្រូវបាន​ចាប់ខ្លួនកាលពីព្រលឹមថ្ងៃព្រហស្បតិ៍នេះ។ ចំណែកថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស PTI ២នាក់ទៀត គឺលោក អាសាដ អ៊ូម៉ា (Asad Umra) និងលោក ហ្វាវ៉ាដ ចាវឌ្រី (Fawad Chaudhry) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ដោយលោក ចាវឌ្រី ត្រូវគេចាប់នៅក្រៅតុលាការកំពូល ប៉ុន្មាននាទីក្រោយលោកនិយាយជាមួយក្រុមអ្នកកាសែត។ គណបក្ស PTI បានដេញដោលប្រឆាំងការចាប់ខ្លួនលោក ខាន់ នៅឯតុលាការកំពូល។

គួរបញ្ជាក់ថា ភាពតានតឹងនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ក្នុងប្រទេសប៉ាគីស្ថាន ដោយកងកម្លាំងទាហាននិងប៉ូលិស ត្រូវបានដាក់ពង្រាយ​នៅតាមដងផ្លូវនៃទីក្រុងធំៗ នាថ្ងៃព្រហស្បតិ៍នេះ។ សេវាអ៉ីនធើណេតលើឧបករណ៍ចល័តនៅតែត្រូវបានផ្អាក ហើយសាលានិងក្រុមហ៊ុនត្រូវបានបិទទ្វារនៅក្នុងខេត្តចំនួន២ នៃខេត្តទាំង៤របស់ប៉ាគីស្ថាន។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមបាតុករបាននាំគ្នាសម្រុកចូលអគារយោធា, លុកលុយកន្លែងស្នាក់នៅរបស់មេទ័ពកំពូលម្នាក់ នៅឯទីក្រុងឡាហ័រ (Lahore) ភាគខាងកើត ហើយដុតបំផ្លាញអគារនិងទ្រព្យសម្បត្តិរដ្ឋ​នៅតាមទីតាំងផ្សេងៗទៀត គិតចាប់តាំងពីការចាប់ខ្លួនលោក អ៉ីមរ៉ាន់ ខាន់ ដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយប៉ាគីស្ថាន កាលពីថ្ងៃអង្គារ ពាក់ព័ន្ធសំណុំរឿងក្លែងបន្លំដីធ្លី។ មនុស្សយ៉ាងហោច៥នាក់បានស្លាប់ ក្នុងអំពើហិង្សាដែលផ្ទុះឡើង ខណៈប៉ូលិសបានចាប់ខ្លួនបាតុករជាង១,៦៥០នាក់ នៅខេត្តពុនចាប់ (Punjab) ដែលជាទឹកដីកំណើតរបស់លោក ខាន់៕