(មូស្គូ)៖ ក្រុមសិទ្ធិមនុស្ស OVD-Info បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា ទាហានរុស្ស៉ី២នាក់មកពីឧបទ្វីបកាំឆាត់កា (Kamchatka) ដែលនៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់រយៈពេល២ឆ្នាំកន្លះ សម្រាប់ការបដិសេធចូលរួមប្រយុទ្ធក្នុង​សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។

ទាហានរុស្ស៉ីទាំង២នាក់នោះ មានឈ្មោះថា អាឡិចសាន់ដឺ ស្ទេប៉ានូវ (Alexander Stepanov) និងអាន់ឌ្រៃ មីខៃឡូវ (Andrei Mikhailov) ត្រូវបានតុលាការយោធារុស្ស៉ី រកឃើញថាពិតជាមានមានទោស ពីបទប្រឆាំងបញ្ជាឱ្យទៅចូលរួមប្រយុទ្ធកំលុងពេលសង្រ្គាម។ ការប្រកាសផ្តន្ទាទោសអ្នកទាំងពីរ ត្រូវបានធ្វើឡើងតាំងតែពីថ្ងៃទី២៥ និងថ្ងៃទី២៧ ខែមេសាកន្លងទៅនេះ ប៉ុន្តែពួកគេមិនទាន់ត្រូវបានបញ្ជូន​ទៅកាន់ពន្ធនាគារនៅឡើយទេ ហើយមានជម្រើសអាចប្តឹងឧទ្ធរណ៍បាន។ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានធ្វើការកែសម្រួលក្រម​ព្រហ្មទណ្ឌកាលពីឆ្នាំមុន ដើម្បីរួមបញ្ចូលនូវការដាក់ពន្ធនាគាររហូតដល់៣ឆ្នាំ សម្រាប់បទល្មើសដូចជាទាហានរុស្ស៉ីទាំង២នាក់ខាងលើ។

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២២ លោក ពូទីន បានចេញបញ្ជាឱ្យកែនកងកម្លាំងសរុប ៣០០,០០០បន្ថែម ដើម្បីយកទៅជួយពង្រឹង​សង្រ្គាមរបស់លោកនៅអ៊ុយក្រែន ជាទីដែលកងកម្លាំងរុស្ស៉ីបានទទួលរងការខាតបង់ធ្ងន់ធ្ងរ។ បទបញ្ជានោះ ដែលមិនធ្លាប់មានគិតចាប់តាំង​តែពីសម័យសង្រ្គាមលោកលើកទី២ បានជំរុញឱ្យបុរសរាប់ម៉ឺននាក់ នៅក្នុងប្រទេសរុស្ស៉ី នាំគ្នារត់ចេញទៅក្រៅប្រទេស ដើម្បីគេចវេះពីការកែនទ័ព៕