(យ៉េរ៉េវ៉ាន់)៖ នៅថ្ងៃព្រហស្បតិ៍នេះ អាមេនីនិងអាស៊ែបៃហ្សង់ បានបន្ទោសគ្នាទៅវិញទៅមក សម្រាប់ការវាយប្រហារឆ្លងព្រំដែន ដែលបាន​បណ្តាលឱ្យ ទាហានយ៉ាងហោច៣នាក់រងបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងការពារជាតិអាមេនីបាននិយាយថា កងទ័ពអាស៊ែបៃហ្សង់ បានធ្វើការបាញ់ផ្លោងមកលើទីតាំងកងទ័ពរបស់ខ្លួន នៅឯតំបន់ព្រំប្រទល់ ហ្កេកហាគូនីគ (Gegharkunik) ដោយប្រើប្រាស់កាំភ្លើងធំនិងការភ្លើងត្បាល់ ជាហេតុបង្កឱ្យទាហានអាមេនី២នាក់ ទទួលរងរបួស។ ចំណែកឯ ​ខាងក្រសួងការពារជាតិអាស៊ែបៃហ្សង់វិញ បានអះអាងថា ទីតាំងយោធារបស់ខ្លួនបានស្ថិតក្រោមការវាយប្រហារ នៅមុននោះ ដែលបានធ្វើឱ្យ​ទាហានអាស៊ែបៃហ្សង់ម្នាក់រងរបួស។

គួរបញ្ជាក់ថា ប្រទេសជិតខាងទាំងពីរនេះ កំពុងស្ថិតក្នុងដំណើរការពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងសន្តិភាព ដើម្បីឆ្ពោះទៅបិទបញ្ចប់ជម្លោះ​រយៈពេលរាប់ទសវត្សរ៍ជុំវិញតំបន់ ណាហ្ក័រណូ-ការ៉ាបាក់ (Nagorno-Karabakh) ដែលជាតំបន់ត្រូវបានទទួលស្គាល់ជាផ្នែកនៃទឹកដី​របស់អាស៊ែបៃហ្សង់ ប៉ុន្តែសម្បូរទៅដោយជនជាតិអាមេនីរស់នៅភាគច្រើន។ បញ្ហាតំបន់នេះហើយគឺជាដើមចមដែលបាននាំឱ្យផ្ទុះ ​ការប្រយុទ្ធគ្នាឆ្លងព្រំដែនជាញឹកញាប់រវាងទីក្រុងយ៉េរ៉េវ៉ាន់និងទីក្រុងបាគូ៕