(មូស្គូ)៖ វិមានក្រឹមឡាំង កាលពីថ្ងៃពុធសប្តាហ៍នេះ បានហៅការសម្រេចចិត្តរបស់ប្រទេសប៉ូឡូញ ក្នុងការប្តូរឈ្មោះហៅនៃតំបន់កាលីនីនក្រាដ (Kaliningrad) របស់រុស្ស៉ី នៅក្នុងលិខិតផ្លូវការរបស់ខ្លួន ថាជា «ទង្វើអរិភាព» ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តធ្លាក់ចុះដុនដាប ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។

តំបន់ Kaliningrad ស្ថិតនៅលើឆ្នេរសមុទ្របាល់ទិក ចម្លោះប្រទេសលីទុយអានី និងប៉ូឡូញ ហើយត្រូវបានគេស្គាល់ឈ្មោះជាភាសាអាល្លឺម៉ង់ ថាតំបន់ខូនីសបឺគ (Koenigsberg) រហូតដល់ក្រោយសង្គ្រាមលោកលើកទីពីរ មុនពេលត្រូវកាត់បញ្ចូលជាដែនដីរបស់អតីតសហភាពសូវៀត និងបានប្តូរឈ្មោះតាមអ្នកនយោបាយរុស្ស៉ី ដ៏មានឥទ្ធិពល គឺលោក មីកាអែល កាលីនីន (Mikhail Kalinin)។ ប៉ុន្តែ ទីក្រុងវ៉ាសូវី ថាការជាប់ពាក់ព័ន្ធរបស់លោក កាលីនីន ទៅនឹងការសម្លាប់រង្គាលឆ្នាំ១៩៤០ នៅពេលដែលមន្ត្រីប៉ូឡូញរាប់ពាន់នាក់ត្រូវបានប្រហារជីវិតដោយកងកម្លាំងសូវៀត មានអត្ថន័យអវិជ្ជមាន ហើយថាតំបន់មួយនេះគួរតែត្រូវបានគេហៅថាក្រូឡេវ៉ិក (Krolewiec) ដែលជាឈ្មោះនៅពេលស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះរាជាណាចក្រប៉ូឡូញ ក្នុងស.វទី ១៥ និងស.វទី ១៦។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានគូសបញ្ជាក់ថា «យើងដឹងហើយថា ដោយសារតែប្រវត្តិសាស្ត្រ បានធ្វើឲ្យគំនិតគោលគំនិត របស់ប៉ូឡូញ ធ្លាក់ចុះពីពេលមួយទៅពេលមួយ ទៅក្នុងភាពងប់ងល់នៃការស្អប់ជនជាតិរុស្ស៊ី។ ការសម្រេចចិត្តនេះ កាន់តែធ្វើឲ្យស្ថានការណ៍កាន់តែស្មុគស្មាញ»

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប៉ូឡូញ និងរុស្ស៉ីកាន់តែមានភាពតានតឹង ក្រោយពេលដែលសមាជិកអង្គការណាតូមួយនេះ ចូលរួមគាំទ្រអ៊ុយក្រែនយ៉ាងខ្លាំងក្លា បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៉ី៕