(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចេកោណបានទទួលស្គាល់ជាផ្លូវការថាយោធាអ៊ុយក្រែន ពិតជាបានបាញ់ទម្លាក់មីស៊ីលល្បឿនលឿងជាងសំឡេងមួយរបស់រុស្ស៉ី ដោយប្រើ ប្រព័ន្ធខែលប្រឆាំងមីស៊ីលអាមេរិក Patriot។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន The Hill នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក​ឧត្តមសេនីយ៍ត្រី Pat Ryder បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា «ខ្ញុំអាចបញ្ជាក់បានថាពួកគេពិតជាបាញ់ទម្លាក់មីស៊ីល រុស្ស៉ីមួយគ្រាប់ ដោយប្រើប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ...ហើយដូចដែលអ្នកទាំងអស់គ្នាបានដឹង ប្រព័ន្ធខែលប្រឆាំងមីស៊ីលនេះគឺជាផ្នែកមួយនៃប្រព័ន្ធការពារដែន អាកាសដ៏មានសមត្ថភាពដែលសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិបានផ្ដល់ឱ្យអ៊ុយក្រែន»

គួរបញ្ជាក់ថា យោធាអ៊ុយក្រែនកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានអះអាងថាខ្លួនបានបាញ់ទម្លាក់មីស៊ីលល្បឿនលឿនជាងសំឡេងមួយគ្រាប់របស់រុស្ស៉ីមានឈ្មោះថា Kinzhal ដោយប្រើប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot។ មីស៊ីល Kinzhal ត្រូវបានគេរាយការណ៍ថាមានល្បឿនលឿងជាងសំឡេង ១០ដង និងដែលត្រូវបានទីក្រុងមូស្គូ អួតថាគ្មានប្រព័ន្ធមីស៊ីលណាអាចស្ទាក់ចាប់បានឡើយ៕