(វ៉ាស៊ីនតោន)៖ នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា ប្រជាជនថៃនឹងត្រូវធ្វើការសម្រេចចិត្តរបស់ពួកគេ នៅក្នុងការបោះឆ្នោតសកលមួយដែលត្រូវបានគេមើលឃើញថាជា ការប្រកួតប្រជែងរវាង «អ្នកនយោបាយត្រកូលស៊ីណាវ៉ាត់» និង «អ្នកនយោបាយគាំទ្រដោយយោធា»។ មែនទែនទៅ នៅគ្រប់ការបោះឆ្នោតសកលថៃ ចាប់តាំងពី ឆ្នាំ២០០១មក គណបក្សដែលទទួលបានអាសនៈច្រើនជាងគេនៅក្នុងសភាជាន់ទាប ឬរដ្ឋសភា គឺជាគណបក្សដឹកនាំដោយ ឬមានទំនាក់ទំនងជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។ និន្នាការបែបនេះតែងតែកើតឡើងជារឿយៗ បើទោះជានយោបាយថៃធ្លាក់ ចូលក្នុងភាពចលាចលក៏ដោយ។

លោក ថាក់ស៊ីន ត្រូវបានយោធាថៃធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច កាលពីឆ្នាំ២០០៦ ហើយលោកត្រូវបង្ខំចិត្តរស់នៅនិរទេសខ្លួនឯង នៅឯបទេសដើម្បីគេចពីការចាប់ខ្លួនដាក់ ពន្ធនាគារ។ នៅឆ្នាំ២០០៨ រដ្ឋាភិបាលមួយដឹកនាំដោយប្អូនថ្លៃរបស់លោក ថាក់ស៊ីន គឺលោក សុមឆៃ វ៉ុងសាវ៉ាត់( Somchai Wongsawat) ត្រូវបានរំលាយចោលដោយ តុលាការធម្មនុញ្ញថៃ និងនៅឆ្នាំ២០១៤ អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវជាប្អូនស្រីបង្កើតរបស់លោក ថាក់ស៊ីន គឺលោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ ចេញពីអំណាច ហើយត្រូវរស់នៅនិរទេសខ្លួនឯងនៅបរទេសជាមួយបងប្រុស។

សព្វថ្ងៃ មេដឹកនាំដែលដឹកនាំរដ្ឋប្រហារកាលពីឆ្នាំ២០១៤ កំពុងបន្តដឹកនាំប្រទេសថៃ ហើយអ្នកនាង ផែថងថាន ស៊ីណាវ៉ាត់ មានអាយុ៣៦ឆ្នាំ ជាកូនស្រីពៅរបស់លោក ថាក់ស៊ីន រំពឹងថាអាចនឹងដឹកនាំគណបក្សភឿថៃ ដែលមានសម្ព័ន្ធភាពនឹងឪពុករបស់អ្នកនាង យកជ័យជម្នះនៅក្នុងការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភា។ ប៉ុន្តែដូចសព្វដង «វាមិនមែនជា បញ្ហាចោទនោះទេ ថាតើគណបក្សណា ឬនរណាដែលទទួលបានជ័យជម្នះជាក់ស្ដែងនៅក្នុងការបោះឆ្នោត។ ផ្ទុយទៅវិញអ្វីដែលជាបញ្ហាចោទ នោះគឺថាតើនឹងមានរឿងអ្វីកើតឡើង នៅក្រោយការបោះឆ្នោត»?​ អនាគតនាយករដ្ឋមន្ត្រីថៃ នឹងត្រូវបានជ្រើសរើសដោយសមាជិកសភាជាន់ទាប ៥០០នាក់ និងសមាជិកព្រឹទ្ធសភា ២៥០នាក់ ដែលត្រូវបានចាប់ដាក់ ឱ្យអង្គុយកៅអីព្រឹទ្ធសភាដោយយោធាថៃ ក្រោយរដ្ឋប្រហារកាលពីឆ្នាំ២០១៤។

នៅថ្ងៃទី១៤ ខែឧសភា គណបក្សភឿថៃសង្ឃឹមថាអាចនឹងទទួលបានអាសនៈភាគច្រើនភ្លូកទឹកភ្លូកដីគ្រាប់គ្រាន់នឹងបង្កើតរដ្ឋាភិបាលដោយខ្លួនឯង ឬអាចបង្កើតរដ្ឋាភិបាលចម្រុះ មួយដែលមានអ្នកនាង ផែថងថានជានាយករដ្ឋមន្ត្រី។ ក៏ប៉ុន្តែ ជ័យជម្នះលើសលប់ពេករបស់គណបក្សភឿថៃ នឹងធ្វើឱ្យក្រុមអ្នកនយោបាយអភិរក្សនិយមថៃ នោះគឺក្រុមមេដឹកនាំ យោធាថៃ និងអ្នកមានភក្ដីភាពចំពោះរបបរាជានិយមថៃ មានអារម្មណ៍ថាអំណាចរបស់ពួកគេរងការគំរាមកំហែង ដែលនេះអាចបង្កើនហានិភ័យនៃការធ្វើរដ្ឋប្រហារសាជាថ្មី ណាមួយ។ រដ្ឋប្រហារយោធា កាលពីឆ្នាំ២០០៦ និងឆ្នាំ២០១៤ កើតមានឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីផ្ទុះបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយត្រកូលស៊ីណាវ៉ាត់ ពីសំណាក់ «ក្រុមអាវលឿង» ដែលមានភក្ដីភាព ទៅនឹងរាជានិយមថៃ។ បើតាមក្រុមអ្នកវិភាគ គណបក្សភឿថៃ​ អាចបញ្ចៀសកុំឱ្យសេណារីយ៉ូបែបនេះកើតឡើង តាមរយៈការធ្វើ ការសម្រុះសម្រួលជាមួយគណបក្សណាមួយដែលមានសម្ព័ន្ធភាពជាមួយយោធា។ តែការធ្វើបែបនេះ ក៏ប្រថុយធ្វើឱ្យក្រុមអ្នកគាំទ្ររបស់ខ្លួនខកចិត្តផងដែរ។ អ្នកនយោបាយត្រកូល ស៊ីណាវ៉ាត់ នៅតែមានឥទ្ធិពលនៅលើឆាកនយោបាយថៃ បើទោះជាយោធាប្រើប្រាស់គ្រប់មធ្យោបាយដើម្បីកម្ចាត់ឥទ្ធិពលនេះក៏ដោយ ហើយប្រជាប្រិយភាពទាំងនេះ បន្សល់ទុក ដោយគោលនយោបាយសេដ្ឋកិច្ច និងសុខាភិបាលរបស់លោក ថាក់ស៊ីន កាលនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ដែលបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ដោយទទួលបាន ការគំាទ្រពីប្រជាជនថៃរស់នៅតាមទីជនបទ ជាពិសេសគឺតំបន់ភាគខាងជើងប្រទេសថៃតែម្ដង ឬគេស្គាល់ជាទូទៅថា «ក្រុមអាវក្រហម»។

កាលពីឆ្នាំ២០២២ នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក បា្រយុទ្ធ ចាន់អូចា បានចូលរួមក្នុងគណបក្សថ្មីមួយមានឈ្មោះថាគណបក្សថៃរួបរួមជាតិ (United Thai Nation) ដោយទុកឱ្យ ក្លើរបស់លោក គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាវីត វ៉ុងស៊ូវ៉ាន់ (Prawit Wongsuwan) គ្រប់គ្រងគណបក្ស Palang Pracharath។ ក្រុមអ្នកវិភាគខ្លះយល់ថាការផ្ដាច់ខ្លួនរបស់លោក ប្រាយុទ្ធ ចេញពីគណបក្ស Palang Pracharath អាចនឹងបង្កឱ្យមានការបែកបាក់គ្នានៅក្នុងចំណោមសមាជិកព្រឹទ្ធសភាថាតើ «ពួកគេត្រូវគាំទ្រលោក ប្រាយុទ្ធ ឬលោក ប្រាវីត?»។ តែលោក Titipol Phakdeewanich ជាព្រឹទ្ធបុរសនៃមហាវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យ Ubon Ratchathani University មិនគិតដូច្នេះនោះទេ។ លោក Titipol បានកត់សម្គាល់ដូច្នេះថា «ខ្ញុំមិនគិតនោះទេថាព្រឹទ្ធសភានឹងបែកបាក់គ្នាពិតប្រាកដ។ ទាំងលោក ប្រាយុទ និងលោក ប្រាវីត សុទ្ធតែចង់រក្សាអំណាច ដូច្នេះនៅទីបញ្ចប់ ពួកគេនឹង សម្រុះសម្រួលគ្នា ហើយធ្វើសហការគ្នា»។

គណបក្សភឿថៃ ក៏បានអះអាងដែរថាខ្លួននឹងមិនសហការជាមួយគណបក្សរបស់លោក ប្រាវីត ឡើយ។ តែបើភឿថៃពិតជាទទួលបានជ័យជម្នះភ្លូតទឹកភ្លូកដី ឬទទួលបានអាសនៈ ភាគច្រើនលើសលប់នៅក្នុងសភាជាន់ទាប ជាមួយការសហការជាមួយគណបក្ស Palang Pracharath និងលោក ប្រាវីដ នោះសម្ព័ន្ធភាពបែបនេះអាចនឹងទទួលបានការគំាទ្រពី ព្រឹទ្ធសភា ខណៈកាត់បន្ថយហានិភ័យនៃការផ្ទុះរដ្ឋប្រហារ។ ក្នុងន័យនេះ ក្រុមអ្នកវិភាគបានលើកឡើងពីសេណារីយ៉ូ ដែលបើគណបក្សភឿថៃទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ពិតមែន នោះយោធា និងព្រះមហាក្សត្រថៃទំនងជានឹងមិនអនុញ្ញាតឱ្យគណបក្សប្រឆាំងកាច់ចង្កូចដឹកនាំប្រទេសបាននោះទេ។ តាមរយៈការប្រើប្រាស់សំឡេងនៅឯព្រឹទ្ធសភា ពួកគេ អាចនឹងព្យាយាមរារាំងគណបក្សប្រឆាំងមិនឱ្យទទួលបានអាសនៈចំនួន ៣៧៦ ដែលចាំបាច់សម្រាប់បង្កើតរដ្ឋាភិបាល ឬអាចនឹងបង្ខំឱ្យគណបក្សភឿថៃយល់ព្រមសហការ ដោយទទួលស្គាល់លោក ប្រាវីត ជានាយករដ្ឋមន្ត្រី។ ក្នុងសេណារីយ៉ូនេះដែរ លោក ប្រាវីដ នឹងធ្វើជានាយករដ្ឋមន្ត្រីរយៈពេល២ឆ្នាំ ហើយនាយករដ្ឋមន្ត្រីមកពីបក្សភឿថៃ កាន់អំណាច ២ឆ្នាំបន្តទៀត។ សេណារីយ៉ូមួយទៀត គឺប្រព័ន្ធតុលាការ តួយ៉ាងតុលាការធម្មនុញ្ញថៃអាចនឹងរិះរកគ្រប់មធ្យោបាយ ដើម្បីរារាំង ឬប្រកាសថាបេក្ខជននាយករដ្ឋមន្ត្រីមកពី គណបក្សប្រឆាំង ឬគណបក្សប្រឆាំងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមផ្លូវច្បាប់ដើម្បីដឹកនាំប្រទេសនោះទេ។

សេណារីយ៉ូកាន់តែអាក្រក់ទៅទៀត នោះគឺបើយោធាថៃមើលឃើញថាខ្លួនគ្មានជម្រើស ពួកគេអាចធ្វើរដ្ឋប្រហារមួយសាជាថ្មី ដោយទំនងជានឹងមានការយល់ព្រមពីព្រះមហាក្សត្រថ្ងៃ Vajiralongkorn។ ការធ្វើរដ្ឋប្រហារមិនមែនជារឿងភ្ញាក់ផ្អើលអ្វីទេ ដោយយោធាថៃធ្លាប់បានធ្វើរដ្ឋប្រហារដណ្ដើមអំណាចដោយជោគជ័យចំនួន១៣លើករួចមកហើយ នៅក្នុងយុគសម័យទំនើបរបស់ខ្លួន៕