(អង់ការ៉ា)៖ រដ្ឋមន្ត្រីការបរទេសតួកគី ស៊ីរី រុស្ស៊ី និងអ៊ីរ៉ង់ នៅថ្ងៃពុធនេះបានជួបប្រជុំគ្នានៅទីក្រុងមូស្គូ ក្នុងការចរចាកម្រិតខ្ពស់បំផុតរហូតមកដល់ពេលនេះ ស្តីពីការកសាងឡើងវិញនូវទំនាក់ទំនងរវាងទីក្រុងអង់ការ៉ា និងក្រុងដាម៉ាស បន្ទាប់ពីមានជម្លោះជាច្រើនឆ្នាំក្នុងអំឡុងសង្គ្រាមស៊ីវិលស៊ីរី។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងសារ Twitter រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយថាលោកបានសង្កត់ធ្ងន់ក្នុងអំឡុងពេលកិច្ចប្រជុំខាងលើ អំពីតម្រូវការចាំបាច់សម្រាប់ «កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងធ្វើការរួមគ្នាដើម្បីបង្កើតមូលដ្ឋានសម្រាប់ការវិលត្រឡប់របស់ប្រជាជនស៊ីរី»។

លោក Cavusoglu បានបន្តថា ការជំរុញដំណើរការនយោបាយនៅក្នុងប្រទេសស៊ីរី និងការការពារបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ក៏ជារៀបវារៈផ្សេងទៀតដែលត្រូវបានពិភាក្សាផងដែរ។

គួរបញ្ជាក់ថា តួកគីដែលសមាជិកអង្គការណាតូ បានគាំទ្រក្រុមប្រឆាំងនឹងរបបលោកប្រធានាធិបតីស៊ីរី Bashar al-Assad ក្នុងអំឡុងពេលសង្គ្រាមស៊ីវិលរយៈពេល ១២ឆ្នាំ ហើយបានបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ភាគខាងជើងរបស់ប្រទេស។

គេ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​ការ​ប្រជុំ​ចរចាក្នុងកម្រិតខ្ពស់ខាងលើ​បាន​ចេញ​លទ្ធផល​ជាក់​លាក់ ​ឬ​យ៉ាង​ណា​នោះ​ទេ។ រដ្ឋមន្ត្រីការពារជាតិស៊ីរី និងតួកគីបានជួបពិភាក្សាគ្នាម្តងរួមមកហើយ នៅទីក្រុងមូស្គូក្នុងកាលពីធ្នូកន្លងទៅ។

ទីក្រុងមូស្គូគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ លោក Assad ហើយរុស្ស៊ីបានលើកទឹកចិត្តឱ្យមានការផ្សះផ្សាជាមួយទីក្រុងអង់ការ៉ា។ ប៉ុន្តែ​ក្រុង​ដាម៉ាស​ទាមទារ​ឱ្យ​ដក​ទ័ព​តួកគី​ចេញ​ទាំងស្រុង​ដើម្បី​ឱ្យ​ទំនាក់ទំនង​ត្រូវ​បាន​ស្តារឡើងវិញ៕