(ប៉េកាំង)៖ យោធាចិននាថ្ងៃពុធនេះ បានឱ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំង សានទុន (Shandong) បានវិលត្រឡប់ចូលកំពង់ផែរបស់ខ្លួនវិញហើយ នៅខេត្តហៃណាន (Hainan) កាលពីប៉ុន្មានថ្ងៃមុននេះ ក្រោយការចល័តរយៈពេលប្រមាណជា១ខែ ដែលរួមមានទាំងការ​ធ្វើដំណើរឆ្លងកាត់ក្បែរកោះតៃវ៉ាន់ ដើម្បីចូលរួមសមយុទ្ធ និងការដំឡើងសាច់ដុំនៅឆ្ងាយពីឆ្នេរសមុទ្រប្រទេសចិន រហូតដល់តំបន់ប៉ាស៉ីហ្វិក​ខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។

ក្នុងឆ្នាំនេះ នាវាផ្ទុកយន្តហោះចម្បាំង សានទុង ត្រូវបានប្រទះឃើញនៅច្រកសមុទ្រតៃវ៉ាន់, ច្រកសមុទ្រប៉ាស៉ី (Bashi) ដែលនៅចន្លោះ​តៃវ៉ាន់និងហ្វីលីពីន និងនៅក្បែរកោះហ្កាំរបស់សហរដ្ឋអាមេរិក​។ កាលពីខែមេសាកន្លងទៅ នាវា សានទុង បានចូលរួមក្នុងសមយុទ្ធយោធា ដែលផ្តោតលើការហ្វឹកហាត់វាយប្រហារ ពីសំណាក់ក្រុមយន្តហោះចម្បាំង ដែលហោះចេញពីនាវាផ្ទុកយន្តហោះចម្បាំង ទៅលើកោះតៃវ៉ាន់​ជាលើកដំបូង។

ការដំឡើងសាច់ដុំយោធារបស់ចិនកើតមានឡើង បន្ទាប់ពីមេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing Wen) បានជួបជាមួយ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាក់ខាធី (Kevin McCarthy) ដែលជាទង្វើបានធ្វើឱ្យទីក្រុងប៉េកាំងមានការខឹងសម្បារខ្លាំង ដ្បិតចិនចាត់ទុកជំនួបនោះ ជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន និងជាការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអត្តសញ្ញាណដាច់ដោយ​ឡែករបស់តៃវ៉ាន់ ពីប្រទេសចិន។

គួរបញ្ជាក់ថា នាវាផ្ទុកយន្តហោះចម្បាំង សានទុង ដែលត្រូវបានដាក់ដំណើរការជាផ្លូវការ កាលពីឆ្នាំ២០១៩ ស្ថិតក្នុងចំណោមនាវាផ្ទុក​យន្តហោះចម្បាំងចំនួន ២របស់ចិន ដែលកំពុងធ្វើប្រតិបត្តិការ។ ចិននៅមាននាវាផ្ទុកយន្តហោះចម្បាំងមួយទៀត ឈ្មោះថា ហ្វូជាន (Fujian) ប៉ុន្តែវាកំពុងស្ថិតក្រោមការធ្វើតេស្តសាកល្បងផ្សេងៗនៅឡើយ៕