(ឡុងដ៏)៖ ក្រុមប្រទេសអឺរ៉ុបដែលដឹកនាំដោយអង់គ្លេស មានដូចជាន័រវែស ហូឡង់ ដាណឺម៉ាក និងស៊ុយអែត បានស្នើឲ្យក្រុមហ៊ុនឯកជននានាបង្ហាញចំណាប់អារម្មណ៍ លើការផ្គត់ផ្គង់មីស៊ីលដែលមានរយៈចម្ងាយរហូតដល់ ៣០០គីឡូម៉ែត្រសម្រាប់អ៊ុយក្រែន ដែលចំណាត់ការនេះនឹងក្លាយជាការបង្កើនការគាំទ្រផ្នែកយោធាសម្រាប់ទីក្រុងកៀវ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។

ការអំពាវនាវនេះធ្វើឡើងក្រោមជំនួយនៃមូលនិធិអន្តរជាតិសម្រាប់អ៊ុយក្រែន។ ក្រសួងការពារជាតិអង់គ្លេសដែលជាអ្នកគ្រប់គ្រងមូលនិធិនេះ បានស្នើឲ្យក្រុមហ៊ុនផ្តល់ការទាក់ទងទៅកាន់ខ្លួន ប្រសិនបើពួកគេអាចផ្តល់មីស៊ីលដែលអាចបាញ់ចេញពីដី សមុទ្រ ឬអាកាស ជាមួយនឹងទម្ងន់ចាប់ពី ២០គីឡូក្រាមទៅ ៤៩០គីឡូក្រាម ហើយក៏មានការបញ្ជាក់ពីលក្ខខណ្ឌចង់បានផងដែរ។ ក្រុមហ៊ុនដែលបានឆ្លើយតប នឹងត្រូវទាក់ទងទៅចាប់ពីថ្ងៃទី៥ ខែមិថុនា។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត បានបង្កើនការសន្យាផ្តល់ជំនួយយោធាសម្រាប់អ៊ុយក្រែន នៅឆ្នាំ២០២៣នេះ។ កាលពីខែមករា អង់គ្លេសបានប្រកាសថានឹងបញ្ជូនរថក្រោះប្រយុទ្ធ Challenger 2 ចំនួន ១៤គ្រឿងទៅកាន់អ៊ុយក្រែន ខណៈប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានប្តេជ្ញាចិត្តជាបន្តបន្ទាប់ ក្នុងការផ្គត់ផ្គង់រថក្រោះ៕