(ដាម៉ាស)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អារ៉ាប៊ីសាអូឌីត ដែលជាមហាអំណាចនៅមជ្ឈិមបូព៌ា និងជាអ្នកដែលគាំទ្រក្រុមប្រឆាំងនៅស៉ីរី ជាយូរមកហើយនោះ បានប្រកាសថា ខ្លួននឹងបើកបេសកកម្មការទូតឡើងវិញ នៅក្នុងប្រទេសស៉ីរី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។

ការប្រកាសខាងលើកើតមានឡើង នៅរយៈពេលប្រមាណជាង១ទសវត្សរ៍ បន្ទាប់ពីទីក្រុងរីយ៉ាដបានសម្រេចដកតំណាងរបស់ខ្លួនកំលុង​សង្រ្គាមស៉ីវិលនៅស៉ីរី និងរយៈពេល២ថ្ងៃ បន្ទាប់ពីស៉ីរីត្រូវបានទទួលស្វាគមន៍ ឱ្យចូលរួមក្នុងសម្ព័ន្ធអារ៉ាប់ឡើងវិញ។ សេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត បាននិយាយថា ព្រះរាជាណាចក្រអារ៉ាប់មួយនេះ បានសម្រេចបន្តការងារ​នៃបេសកកម្មការទូតរបស់ខ្លួនឡើងវិញហើយ នៅឯប្រទេសស៉ីរី។ ចំណែក ទីភ្នាក់ងារព័ត៌មាន SANA របស់ស៉ីរី ក៏បានរាយការណ៍ដោយផ្អែកលើ ប្រភព​ពីក្រសួងការបរទេសស៉ីរីផងដែរថា ទីក្រុងដាម៉ាសបានសម្រេចចិត្ត បន្តការងារបេសកកម្មការទូតរបស់ខ្លួនឡើងវិញដូចគ្នា នៅអារ៉ាប៊ីសាអូឌីត។

គួរបញ្ជាក់ថា ប្រធានាធិបតីស៉ីរី លោក បាស្សារ អាល់ អាស្សាដ (Bashar al-Assad) បានស្ថិតក្រោមស្ថានភាពឯកោផ្នែកនយោបាយនៅក្នុងតំបន់ ចាប់តាំងពីសង្រ្គាមស៉ីរីចាប់ផ្តើមឡើង ក៏ប៉ុន្តែសកម្មភាពការទូតជាបន្តបន្ទាប់ បានរីកផុសផុលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ កន្លងទៅនេះ បន្ទាប់ពីការសម្រេចចិត្ត ដោយអារ៉ាប៊ីសាអូឌីតនិងអ៉ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងដាម៉ាស ស្តីពីការស្តារទំនាក់​ទំនងឡើងវិញ បានធ្វើឱ្យស្ថានភាពនយោបាយក្នុងតំបន់ មានការប្រែប្រួល៕