(ប៊ូអាន់ បាចូ, ឥណ្ឌូណេស៊ី)៖ មេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន នៅថ្ងៃពុធនេះបានបង្ហាញការព្រួយបារម្ភជាខ្លាំង ចំពោះអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈថ្កោលទោសការវាយប្រហារមួយកាលពីពេលថ្មីៗនេះ លើក្បួនរថយន្ដមន្ត្រីទូតអាស៊ានសម្របសម្រួលការផ្ដល់ជំនួយមនុស្សធម៌ ក្នុងប្រទេសជាសមាជិកអាស៊ានមួយនេះ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។

ភាពចលាចល និងអំពើហិង្សាដ៏បង្ហូរឈាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានក្លាយជាប្រធានបទក្ដៅមួយ នៅឯកិច្ចប្រជុំកំពូលអាស៊ាន ក្នុងប្រទេសឥណ្ឌូណេស៊ី នៅក្នុងសប្ដាហ៍នេះ ស្របពេល ប្លុកមួយនេះកំពុងប្រឈមមុខនឹងការរិះគន់ជុំវិញការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ អាស៊ានបានដឹកនាំកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយនយោបាយបញ្ចប់ជម្លោះ ប៉ុន្តែការប្រឹងប្រែងមិនទាន់សម្រេចបាននូវលទ្ធផលផ្លែផ្កា នៅឡើយទេ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ មេដឹកនាំអាស៊ាន បានគូសបញ្ជាក់ដូច្នេះថា «យើងមានការព្រួយបារម្ភជាខ្លាំងចំពោះអំពើហិង្សាកំពុងកើតឡើងនៅមីយ៉ាន់ម៉ា ហើយជំរុញឱ្យបញ្ឈប់អំពើ ហិង្សាគ្រប់ទម្រង់ទាំងអស់ រួមទាំងការប្រើប្រាស់កម្លាំងបាយ ដើម្បីបង្កើតបរិយាកាសអំណោយផលមួយសម្រាប់សុវត្ថិភាព និងសម្រួលដល់ការផ្ដល់ជំនួយមនុស្សធម៌ ក៏ដូចជាកិច្ចសន្ទនា ប្រកបដោយបរិយាបន្ន»

គួរបញ្ជាក់ថា ការដាក់សម្ពាធលើរបបសឹកមីយ៉ាន់ម៉ាពីសំណាក់អាស៊ាន បានកើនឡើងជាថ្មីកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ នៅក្រោយក្បួនរថយន្ដដឹកមន្ត្រីទូត និងក្រុមមន្ត្រីអាស៊ាន ដឹកនាំការសម្របសម្រួលផ្ដល់ជំនួយមនុស្សធម៌ ក្នុងប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើ អាស៊ានក៏បានថ្កោលទោសការវាយប្រហារនេះដែរ ហើយថាអ្នកដែលនៅពី ក្រោយការវាយប្រហារនេះនឹងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។