(មូស្គូ)៖ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner ដែលកំពុងដឹកនាំការធ្វើសង្គ្រាមនៅក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះ លោកត្រូវបានគេប្រាប់ថារូបលោកផ្ទាល់ និងទាហានរបស់លោកអាចនឹងត្រូវបានចាត់ទុកជាជនក្បត់ ប្រសិនបើបោះបង់ចោលទីតាំងរបស់ខ្លួន ឬដកថយចេញពីក្នុងទីក្រុងបាកមូត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។

ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក យេវហ្កេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) កាលពីប៉ុន្មានថ្ងៃមុននេះ បានព្រមានបោះបង់ចោលសមរភូមិក្នុងទីក្រុង បាកមូត ប្រសិនបើមិនបានទទួលគ្រាប់រំសេវដែលពួកគេត្រូវការដើម្បីបន្តតស៊ូប្រយុទ្ធទៀតទេនោះ។ ចំណែកឯ ក្រសួងការពារជាតិរុស្ស៉ីបានសន្យាថានឹងផ្ដល់គ្រាប់រំសេវឱ្យទាហាន ស៊ីឈ្នួលរុស្ស៉ី តែលោក ព្រីហ្គោហ្ស៉ីនអះអាងថានៅតែមិនទាន់ទទួលបានគ្រាប់រំសេវតាមការសន្យានោះទេ។

ជាថ្មីម្ដងទៀត នៅក្នុងសារជាសំឡេងមួយបង្ហោះបណ្ដាញតេឡេក្រាម នៅថ្ងៃអង្គារសប្ដាហ៍នេះ ចំថ្ងៃដែលរុស្ស៉ីប្រារព្ធទិវាជ័យជម្នះ ៩ ឧសភា លោក ព្រីហ្គោហ្ស៉ីន បានគូសបញ្ជាក់ ដូច្នេះថា «បទបញ្ជាប្រយុទ្ធកាលពីម្សិលមិញ (ថ្ងៃចន្ទ) បានបញ្ជាក់យ៉ាងច្បាស់ថាប្រសិនបើពួកយើងបោះបង់ចោលទីតាំងរបស់យើង (ក្នុងទីក្រុងបាកមូត) នោះយើងនឹងត្រូវបាន ចាត់ទុកថាជាជនក្បត់ប្រឆាំងនឹងប្រទេសកំណើតខ្លួនឯង»។ លោកបន្ថែមថា «ប៉ុន្តែចុះបើគ្មានគ្រាប់រំសេវ ហើយបង្ខំឱ្យយើងបោះបង់ចោលទីតាំងរបស់យើង នោះសួរថាតើនរណា ជាជនក្បត់ពិតប្រាកដ។ ជនក្បត់ជាតិ នោះគឺជាមនុស្សដែលបានចុះហត្ថលេខាលើបទបញ្ជាផ្គត់ផ្គង់គ្រាប់រំសេវមិនគ្រប់គ្រាន់»

គួរបញ្ជាក់ថា លោក ព្រីហ្គោហ្ស៉ីន ធ្លាប់បានចោទប្រកាន់ក្រសួងការពារជាតិរុស្ស៉ីថាមានចេតនាកាត់ផ្ដាច់ការផ្គត់ផ្គង់គ្រាប់រំសេវឱ្យទាហានរបស់លោក តែខាងក្រសួងបានឆ្លើយតប ទៅវិញថាខ្លួនកំពុងធ្វើការងារនេះហើយ ដើម្បីធានាថាទាហានរុស្ស៉ីនឹងទទួលបាននូវអ្វីដែលពួកគេត្រូវការ ដើម្បីប្រយុទ្ធនៅសមរភូមិ ចំពោះមុខការត្រៀមលក្ខណៈ បើកប្រតិបត្តិការវាយបក របស់អ៊ុយក្រែនឆាប់ៗនេះ៕