(ឡុងដ៍)៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) នឹងបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ នៅសប្ដាហ៍ក្រោយ ហើយនឹងជួបពិភាក្សា ការងារជាមួយមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ ខណៈលោកស្រីកំពុងជំរុញឱ្យបណ្ដាប្រទេសលោកខាងលិចប្រកាន់ជំហរតឹងរ៉ឹងចំពោះចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣។

លោកស្រី លីស ត្រាស់ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសកាលពីខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែលោកស្រីកាន់តំណែងនេះបានមួយរយៈពេលខ្លី តែប៉ុណ្ណោះ ពោលគឺមិនដល់២ខែផង ក្រោយគោលនយោបាយសេដ្ឋកិច្ចរបស់លោកស្រីបង្កចលាចលដល់ទីផ្សារ។ ចាប់តាំងពីពេលនោះមក លោកស្រីចាប់ផ្ដើម បំពេញទស្សនកិច្ចក្នុងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ជាទីដែលលោកស្រីបានគូសបញ្ជាក់ពីភាពចាំបាច់នៃការប្រកាន់ជំហរតឹងរ៉ឹងចំពោះចិន ហើយ បើតាមការិយាល័យរបស់លោកស្រី លោកស្រី ត្រាស់ នឹងថ្លែងសុន្ទរកថាដូចគ្នានេះកំលុងបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ នៅថ្ងៃទី១៧ ខែឧសភា។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ បានព្រមានចិនប្រឆាំងនឹងការប្រើប្រាស់កម្លាំងយោធាលើតៃវ៉ាន់។ ប៉ុន្តែខាងក្រសួងការបរទេសចិន ក៏បានក្រើន រំឮកទៅវិញដែរថាការគំរាមកំហែងធំបំផុតដល់សន្តិភាព ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ គឺជាសកម្មភាពផ្ដាច់ខ្លួនរបស់ចលនាទាមទារឯករាជ្យឱ្យតៃវ៉ាន់ និងបរទេសមួយចំនួនដែលគាំទ្រចលនានេះ៕