(សេអ៊ូល)៖ អស់រយៈពេលរាប់សិបឆ្នាំមកហើយ កត្តាប្រវត្តិសាស្ត្រគឺជាបញ្ហាស្មុគស្មាញចាក់ស្រែះនៅក្នុងទំនាក់ទំនងការទូតដែលតែងតែធ្វើឱ្យកូរ៉េខាងត្បូង និងជប៉ុន ពាក់មុខយក្សដាក់គ្នា បើទោះជាមានការសម្របសម្រួលពីសហរដ្ឋអាមេរិក ជាសម្ព័ន្ធមិត្តដ៏សំខាន់មិនអាចខ្វះបានសម្រាប់ប្រទេសទាំង២ ក៏ដោយ។ ប្រជាជនកូរ៉េខាងត្បូង បាននិយាយថាជប៉ុនមិនដែលទទួលស្គាល់កំហុស និងសូមទោសជាផ្លូវការម្ដងណាឡើយចំពោះអើពើឃោរឃៅ ដែលទាហានរបស់ខ្លួន បានប្រព្រឹត្តអំឡុងកាន់កាប់ឧបទ្វីបកូរ៉េ ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥។

ចំណែកឯ សម្រាប់ប្រជាជនជប៉ុនវិញ កូរ៉េខាងត្បូងជាអ្នកជិតខាងមួយមិនអាចទុកចិត្តបាន និងបានក្បត់ពាក្យសន្យាជាច្រើន ក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀងមាន គោលដៅដំណោះស្រាយជម្លោះប្រវត្តិសាស្ត្ររវាងប្រទេសទាំង២។ ប៉ុន្តែ នៅក្រោមការដឹកនាំដោយរដ្ឋាភិបាលលោកប្រធានាធិបតី លោក យូន ស៊ុកយុល និងរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ្វូមីអុ គីស៉ីដា ទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ មានភាពរីកចម្រើនយ៉ាងលឿនគួរឱ្យកត់សម្គាល់ បើទោះជាក្រុមអ្នកវិភាគខ្លះ យល់ថារាត្រីទឹកឃ្មុំរវាងអតីតគូសត្រូវប្រវត្តិសាស្ត្រទាំង២ នឹងមិនគង់វង្សយូរអង្វែងក៏ដោយ។

កាលពីខែមីនាកន្លងទៅ កូរ៉េខាងត្បូង និងជប៉ុនបានចាប់ផ្ដើមបើកកិច្ចភាក្សាដោះស្រាយបញ្ហាជម្លោះប្រវត្តិសាស្ត្រ។ នៅខែមេសា កូរ៉េខាងត្បូងបានសម្រេចចិត្តផ្ដល់ឋានៈ ជាដៃគូពាណិជ្ជកម្មពិសេសដល់ទីក្រុងតូក្យូវិញ ដែលបានផ្ដល់ឋានៈដូចគ្នានេះដល់ទីក្រុងសេអ៊ូល នៅក្រោយការបំពេញទស្សនកិច្ចរបស់លោក យូន ស៊ុកយុល ទៅកាន់ ទីក្រុង តូក្យូ ក្នុងខែដដែលនោះ។ កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោក គីស៊ីដា ក៏បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលវិញដែរ ជាការឆ្លើយតបទៅនឹង ទស្សនកិច្ចរបស់លោក យូន។ បើតាមលោក យូន បញ្ហាប្រវត្តិសាស្ត្រជាង១០០ឆ្នាំមុន មិនគួរយកមកធ្វើជារនាំរារាំងដល់ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងជប៉ុននោះទេ ជាពិសេសក្នុងបរិបទស្ថានការណ៍ភូមិសាស្ត្រនយោបាយកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។ ប៉ុន្តែ តើមានមូលហេតុអ្វីដលជំរុញឱ្យជប៉ុន និងកូរ៉េខាងត្បូង​ខិតជិតគ្នា ដោយទុកគំនុំប្រវត្តិសាស្ត្រមួយឡែកសិន?

* ភាពតានតឹងជាមួយចិន និងរុស្ស៉ី
ទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល កាន់តែបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ខណៈចិនកំពុងជំរុញចក្ខុវិស័យនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយ ដែលអាមេរិក ត្រូវបានមើលឃើញថាជាមហាអំណាចថយចុះឥទ្ធិពល ហើយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បាន និងកំពុងបង្កឱ្យមានការព្រួយបារម្ភពីការរត់ប្រណាំងសព្វាវុធ ក៏ដូចជាបង្កើតជាយុគសម័យថ្មីមួយនៃការធ្វើយោធូបនីយកម្ម។ ទាំងជប៉ុន និងកូរ៉េខាងត្បូង សុទ្ធតែបង្ហាញការគាំទ្រដល់ចក្ខុវិស័យ «ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ» របស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ព្រមទាំងត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូល NATO កាលពីរដូវក្ដៅឆ្នាំ២០២២ ជាពេលដែលមេដឹកនាំនៃប្រទេសទាំង២ បានថ្កោលទោសសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន និងបង្ហាញពីការព្រួយបារម្ភពីការកើនឡើងឥទ្ធិពលចិន ដែលបណ្ដាប្រទេសលោកខាងលិចយល់ថាជាការគំរាមកំហែង ដល់សណ្ដាប់ធ្នាប់អន្តរជាតិសព្វថ្ងៃ។

តាមរយៈការចូលរួមក្នុងកិច្ចប្រជុំកំពូល NATO ជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានគេមើលឃើញថាចាប់ផ្ដើមទទួលដឹងពីការប្រែប្រួលបរិយាកាសភូមិសាស្ត្រនយោបាយ បង្កើត ជាបញ្ហាប្រឈមជាច្រើន ដែលពួកគេមិនអាចដោះស្រាយតែម្នាក់ឯងបាននោះឡើយ។ សកម្មភាពយន្ដហោះចម្បាំងរួមគ្នារវាងរុស្ស៉ី និងចិន នៅក្បែរដែនអាកាសកូរ៉េខាងត្បូង និងជប៉ុន នារយៈពេលប៉ុន្មានឆ្នាំក្រោយនេះ ក៏កាន់តែពង្រឹងទស្សនៈយល់ឃើញបែបនេះរបស់ប្រទេសទាំង២។ លោក គីស៊ីដា បានហៅកូរ៉េខាងត្បូងថាជាអ្នកជិតខាងមួយ ដ៏សំខាន់ដែលត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយ រីឯលោក យូន បានជំរុញឱ្យប្រជាជនកូរ៉េខាងត្បូងបញ្ឈប់ការចាត់ទុកជប៉ុនជាចក្រពត្តិយោធានិយមឈ្លានពានតទៅទៀត តែគឺជាដៃគូមួយដែលមើលឃើញពីសារៈសំខាន់នៃគុណតម្លៃជាសកលដូចគ្នា។

* ការកើនឡើងឃ្លាំងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង
ភាពរីកចម្រើន និងការកើនឡើងឃ្លាំងអាវុធនុយក្លេអ៊ែរ រួមទាំងមីស៊ីលរបស់កូរ៉េខាងជើង ក៏ជាកត្តាមួយជំរុញឱ្យទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល ទទួលស្គាល់ដែរថាការពង្រឹង ទំនាក់ទំនងត្រីភាគីជាមួយសហរដ្ឋអាមេរិក គឺជារឿងចាំបាច់បំផុតមួយ។ ប៉ុន្មានខែចុងក្រោយនេះ កូរ៉េខាងជើងមិនត្រឹមតែបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ហោះរំលងជប៉ុនប៉ុណ្ណោះទេ តែក៏បានព្រមានប្រើអាវុធនុយក្លេអ៊ែរកម្ទេចកូរ៉េខាងត្បូងផងដែរ។ កូរ៉េខាងត្បូង មិនដែលមានសម្ព័ន្ធភាពផ្លូវការជាមួយជប៉ុននោះទេ ហើយ ជារឿយៗតែងតែស្ទាក់ស្ទើរក្នុងការធ្វើកិច្ចសហប្រតិបត្តិការយោធា ដោយបានត្រឹមតែសហការគ្នាលើបេសកកម្មមនុស្សធម៌ប៉ុណ្ណោះ។ ប៉ុន្តែ បច្ចុប្បន្នប្រទេសទាំង២ បានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការយោធា ក៏ព្រោះតែកូរ៉េខាងជើងដែរ។

នៅពេលលោក យូន និងលោក គីស៊ីដា រួមទាំងលោក ចូ បៃដិន បានជួបប្រជុំគ្នាក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២ មេដឹកនាំទាំង៣ បានឯកភាពគ្នា ថានឹងចែករំលែកគ្នាទៅវិញទៅមកនូវទិន្នន័យពាក់ព័ន្ធនឹងការព្រមាន ឬចាប់សញ្ញាពីការធ្វើតេស្ដមីស៊ីលដោយកូរ៉េខាងជើង ពង្រីកប្រព័ន្ធការពារមីស៊ីលត្រីភាគី និងការធ្វើសមយុទ្ធយោធារួមគ្នាជាដើម។ លើសពីនេះទៅទៀត កូរ៉េខាងត្បូង និងជប៉ុនក៏បានបោះជំហានដ៏សំខាន់មួយដែរ នោះគឺយល់ព្រមស្ដារឡើងវិញនូវកិច្ចព្រមព្រៀង​ចែករំលែកព័ត៌មានសម្ងាត់យោធា ដើម្បីទប់ទល់នឹងកូរ៉េខាងជើង ក្រោយកិច្ចព្រមព្រៀងនេះត្រូវបានលុបចោលកាលពីឆ្នាំ២០១៩ ដោយសារភាពតានតឹងនៃជម្លោះ ប្រវត្តិសាស្ត្រ។

* ភាពទន់ខ្សោយនៃខ្សែចង្វាក់ផ្គត់ផ្គង់សកល
ក្នុងឆ្នាំ២០១៩ ជប៉ុនបានដាក់ចេញការរឹតត្បិតលើការនាំចេញសារធាតុគីមីសំខាន់ៗ ដែលឧស្សាហកម្មសឺមីកុឌុចទ័ររបស់កូរ៉េខាងត្បូងត្រូវការជាចាំបាច់។ ទីក្រុងសេអ៊ូល វិញ បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងជប៉ុន ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក រហូតដល់ជំរុញឱ្យប្រទេសទាំង២ លុបចោលការផ្ដល់ឋានៈជាដៃគូពាណិជ្ជកម្មពិសេសឱ្យគ្នា ទៅវិញទៅមក។ ប៉ុន្តែ ក្រោយការយល់ព្រមផ្សះផ្សារទំនាក់ទំនងគ្នាឡើងវិញ ទីក្រុងតូក្យូបានយល់ព្រមលុបចោលការរឹតត្បិតលើការនាំចេញ ខណៈកូរ៉េខាងត្បូងយល់ព្រមដក ពាក្យបណ្ដឹងវិញ ហើយកូរ៉េខាងត្បូង និងជប៉ុនថែមទាំងបានឯកភាពគ្នាលើការចាប់ផ្ដើមកិច្ចសន្ទនាភាពជាដៃគូសន្តិសុខសេដ្ឋកិច្ចទៀតផង ដើម្បីពិភាក្សាគ្នាពីបច្ចេកវិទ្យា​សំខាន់ៗ និងខ្សែចង្វាក់ផ្គត់ផ្គង់។

រដ្ឋាភិបាលកូរ៉េខាងត្បូង នាពេលថ្មីៗនេះបានបង្ហាញក្ដីសង្ឃឹមថានឹងអាចទាក់ទាញក្រុមហ៊ុនជប៉ុន ឱ្យចូលរួមផែនការមានទំហំទឹកប្រាក់ ២២៨ពាន់លានដុល្លារ លើការអភិវឌ្ឍវិស័យសឺមីកុងឌុចទ័ររបស់កូរ៉េខាងត្បូង នៅឆ្នាំ២០៤២។ កូរ៉េខាងត្បូងគឺជាអ្នកផលិតឈានមុខគេខាងបន្ទះឈីបអង្គចងចាំ ឬ Memory Chips ហើយជប៉ុនជា អ្នកផ្គត់ផ្គង់នូវឧបករណ៍ និងវត្ថុធាតុដើមសម្រាប់ផលិតបន្ទះឈីប។ កាលពីឆ្នាំ២០២២ ទីក្រុងវ៉ាស៊ីនតោនបានលើកឡើងនូវផែនការបង្កើនសម្ព័ន្ធភាពមួយមានឈ្មោះថា «សម្ព័ន្ធភាព Chip 4» ជាមួយកូរ៉េខាងត្បូង ជប៉ុន និងតៃវ៉ាន់ ក្នុងគោលបំណងទប់ស្កាត់កុំឱ្យចិនអាចចូលទៅកាន់បច្ចេកវិទ្យាទំនើបៗ តួយ៉ាងគឺបន្ទះឈីប ឬសឺមីកុងឌុចទ័រ តែម្ដង។

* ការកើនឡើងការព្រួយបារម្ភចំពោះតៃវ៉ាន់
ទីក្រុងសេអ៊ូល តូក្យូ និងទីក្រុងវ៉ាស៊ីនតោន មានផលប្រយោជន៍រួមគ្នា ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ ក្រុមអ្នកវិភាគលោកខាងលិចជាច្រើន បានបង្ហាញការព្រួយបារម្ភថាចិនអាចនឹងព្យាយាមប្រើប្រាស់កម្លាំងយោធាគ្រប់គ្រងតៃវ៉ាន់ ដូចគ្នាទៅនឹងអ្វីដែលរុស្ស៉ីកំពុងធ្វើនៅអ៊ុយក្រែន។ មួយវិញទៀត ប្រសិនបើរឿងបែបនេះ កើតឡើងពិតមែន នោះកូរ៉េខាងជើងអាចនឹងឆ្លៀតឱកាសធ្វើសង្រ្គាមលើឧបទ្វីបកូរ៉េ ដើម្បីដណ្ដើមគ្រប់គ្រងទឹកដីបន្ថែមទៀត ហើយដែលនេះនឹងបង្កើតជាសមរភូមិ២ក្នុងពេលតែ មួយសម្រាប់សហរដ្ឋអាមេរិកនៅក្នុងតំបន់។

លោក Kim Han Kwon ជាសាស្ត្រាចារ្យម្នាក់មកពីវិទ្យាស្ថានកិច្ចការការបរទេស និងសន្តិសុខជាតិក្នុងទីក្រុងសេអ៊ូល ធ្លាប់បានលើកឡើងថា «ប្រសិនបើជម្លោះ ឬសង្រ្គាមតៃវ៉ាន់ ផ្ទុះឡើង សហរដ្ឋអាមេរិកចាំបាច់ត្រូវការសហការជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូទាំងអស់របស់ខ្លួននៅក្នុងតំបន់ ហើយការចូលរួមពីជប៉ុន និងកូរ៉េខាងត្បូង ជាគឺរឿងចាំបាច់ និងជាយុទ្ធសាស្ត្រគន្លឹះមួយមិនអាចខ្វះបានជាដាច់ខាត»។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងជប៉ុន មានលទ្ធភាពជំរុញកំណើនសេដ្ឋកិច្ចទៅបាន មានមួយផ្នែកធំគឺដោយសារតែសន្តិសុខផ្ដល់ដោយសហរដ្ឋអាមេរិក និងវត្តមានកងទ័ពអាមេរិក នៅក្នុងប្រទេសរបស់ពួកគេ។ បច្ចុប្បន្ន សហរដ្ឋអាមេរិកត្រូវការឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាកូរ៉េខាងត្បូង និងជប៉ុនបង្កើនតួនាទីយ៉ាងសកម្មក្នុងតំបន់ ស្របពេលទីក្រុងវ៉ាស៊ីនតោន បានពង្រឹងទំនាក់ទំនងជាមួយអូស្ត្រាលី ឥណ្ឌា និងហ្វីលីពីន សំដៅខ្ទប់ការកើនឡើងឥទ្ធិពលចិន និងកែលម្អសមត្ថភាពការពារកោះតៃវ៉ាន់ ក្នុងករណីបន្ទាន់ណាមួយ៕