(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអង្គារ ទី៩ ឧសភានេះថា ប្រជាជនរុស្ស៊ីរួបរួមគ្នាក្នុងសមរភូមិដ៏ពិសិដ្ឋ ប្រឆាំងនឹងលោកខាងលិចដែលនឹងបញ្ចប់ដោយជ័យជម្នះ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា បំភ្លេចជ័យជម្នះរបស់សូវៀតលើពួកណាស៊ី នៅក្នុងសង្គ្រាមលោកលើកទីពីរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣។

ថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិរុស្ស៉ី និងមេដឹកនាំនៃរដ្ឋជាអតីតសហភាពសូវៀតចំនួន៦ ដែលបានចូលរួមក្នុងទិវាជ័យទិវាជ័យជម្នះ៩ ឧសភា លោក ពូទីន បានប្រដូចសង្រ្គាមនៅអ៊ុយក្រែន ដែលលោកបានចាត់ទុកថាជាវិធានការការពារប្រឆាំងនឹងលោកខាងលិចដែលចង់បំបែករុស្ស៊ី ទៅនឹងបញ្ហាប្រឈមដែលក្រុងម៉ូស្គូបានប្រឈមនៅសម័កាល អាដុល ហ៊ីត្លែរ ឈ្លានពានសហភាពសូវៀតក្នុងឆ្នាំ១៩៤១។

ប្រធានាធិបតីវ័យ ៧០ឆ្នាំរូបនេះ បានប្រាប់អតីតយុទ្ធជន និងទាហានដែលបានប្រមូលផ្តុំគ្នានៅទីលានក្រហមសម្រាប់ក្បួនដង្ហែរទិវាជ័យជំនះប្រចាំឆ្នាំនេះយ៉ាងដូច្នេះថា «ការប្រយុទ្ធយ៉ាងម៉ឺងម៉ាត់សម្រាប់ជោគវាសនានៃមាតុភូមិរបស់យើង តែងតែក្លាយជាអ្នកស្នេហាជាតិយ៉ាងពិតប្រាកដ»

លោក​បាន​បន្តថា​ «​សង្គ្រាម​ពិត​បាន​ផ្ទុះ​ឡើង​ម្តង​ទៀត​ហើយ សម្រាប់​មាតុភូមិ​របស់​យើង»

ទន្ទឹមនឹងនោះ លោក ពូទីន ក៏បានសាទរកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែនថា ជាវីរបុរសដែលកំពុងប្រយុទ្ធដើម្បីអនាគតរបស់ប្រទេស ប្រឆាំងនឹងលោកខាងលិចដែលបានបំភ្លេចតួនាទីដ៏សំខាន់ដែលសហភាពសូវៀត បានដើតួរក្នុងការកម្ចាត់របបណាស៊ីអាល្លឺម៉ង់៕