(កៀវ)៖ ស្ថានការណ៍បានវិវត្តន៍យ៉ាងឆាប់រហ័សនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការចោទប្រកាន់ការធ្វើឃាតមិនបានសម្រេចដាក់ទៅលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តាមរយៈការប្រើដ្រូនអត្តឃាតដែលបានផ្ទុះលើបរិវេណនៃវិមានក្រឹមឡាំងនោះមក។ រុស្ស៊ី ដែលបានរក្សាសិទ្ធិក្នុងការវាយប្រហារតបតចំពោះអ៊ុយក្រែន ត្រូវគេរាយការណ៍ថាបានប្រើអាវុធលឿនជាងសម្លេង Kinzhal ដែលជាផ្នែកមួយនៃអាវុធទំនើបៗរបស់រុស្ស៊ី ប៉ុន្តែអាវុធលឿនជាងសំឡេងនេះត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធ អាវុធការពារអាកាស Patriot របស់អាមេរិក។

អ៊ុយក្រែនបានថ្លែងថាប្រព័ន្ធអាវុធមីស៊ីលការពារដែនអាកាស Patriot ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ត្រូវបានគេប្រើប្រាស់ក្នុងការស្ទាក់ចាប់មីស៊ីលលឿនជាងសំឡេងរបស់រុស្ស៊ី ដែលបានបាញ់ដាក់មកក្នុងរដ្ឋធានី Kyiv ។ នេះគឺជាភាពវិវត្តន៍យ៉ាងឆាប់រហ័សនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែនបន្ទាប់ពីការចោទ ប្រកាន់ការធ្វើឃាតមិនបានសម្រេចដាក់ ទៅលើប្រធានាធិបតីរុស្ស៊ីលោក ពូទីន តាមរយៈការប្រើដ្រូនអត្តឃាត ដែលបានផ្ទុះលើបរិវេណនៃវិមានក្រឹមឡាំងកាលពីសប្តាហ៍មុននោះមក។ រុស្ស៊ី ដែលបានប្រកាស ការសងសឹកដាក់លើអ៊ុយក្រែនវិញ នារាត្រីថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣ បានប្រើអាវុធមីស៊ីលលឿនជាងសំឡេង Kinzhal ប៉ុន្តែអាវុធលឿនជាងសំឡេងនេះ ត្រូវបានស្ទាក់ ចាប់ដោយប្រព័ន្ធអាវុធការពារអាកាស Patriot របស់អាមេរិក។

មេបញ្ជាការកងកម្លាំងការពារអាកាសអ៊ុយក្រែន លោក Mykola Oleshchuk បានសរសេរ ក្នុងប្រព័ន្ធតេឡេក្រាមបញ្ជាក់ជុំវិញការបាញ់ទម្លាក់អាវុធមីស៊ីលលឿនជាងសំឡេង របស់រុស្ស៊ី Kinzhal នេះជាលើកដំបូង ដោយលោកបញ្ជាក់បន្ថែមថា ការបាញ់ទម្លាក់អាវុធ Kinzhal របស់រុស្ស៊ីនេះ ពិតជាបានធ្វើនារាត្រីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។

មីស៊ីលលឿនជាងសំឡេង Hypersonic Missile of Kinzhal គឺជាអាវុធអាចធ្វើដំណើរលឿនជាងសំឡេង ១០ដង និងជាអាវុធដែលរុស្ស៊ីអះអាងមុននេះថា វាមានឥទ្ធិពលខ្លាំង ក្លាដែលមិនអាចមានអាវុធទំនើបណាអាចចាប់និងបាញ់ស្ទាក់ទម្លាក់បានឡើយ។ យោងតាមក្រសួងការពារជាតិរុស្ស៊ី មីស៊ីលលឿនជាងសំឡេង Kinzhal អាចធ្វើដំណើរលឿន ក្នុងល្បឿនដល់៧ពាន់៦០០ម៉ាយល៍ក្នុងមួយម៉ោង និងអាវុធមីស៊ីលប្រភេទនេះ គឺស្ថិតក្នុងចំណោមអាវុធប្រភេទទំនើបៗបំផុតរបស់រុស្ស៊ី ប៉ុន្តែការបង្ក្រាបប្រសិទ្ធភាពអាវុធ មីស៊ីលលឿនជាងសំឡេងរបស់រុស្ស៊ីជាលើកដំបូងដោយមីស៊ីល Patriot របស់អាមេរិកនេះ ត្រូវគេរាយការណ៍ ថាបានលើកទឹកចិត្តដល់ទាហានអ៊ុយក្រែនជាខ្លាំង។

សហរដ្ឋអាមេរិកបានសន្យាផ្តល់ប្រព័ន្ធអាវុធមីស៊ីលការពារដែនអាកាស Patriot នេះដល់អ៊ុយក្រែនកាលពីខែធ្នូឆ្នាំ២០២២ ដើម្បីការពារដែនអាកាសរដ្ឋាភិបាលក្រុងកៀវ ដែល មានការលំបាកក្នុងការទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី។ ក្រសួងការពារជាតិអាមេរិកបានថ្លែងថាគេបានជួយបង្វឹកអ៊ុយក្រែននូវការប្រើប្រាស់ប្រព័ន្ធមីស៊ីល PATRIOT នេះកាលពីខែមករាឆ្នាំ២០២៣ ដែលត្រូវការក្រុមនាវិកចំនួន៩០នាក់ដើម្បីហ្វឹកហ្វឺនរបៀបប្រើប្រាស់ប្រព័ន្ធមីស៊ីលដែលបាញ់ពីដីទៅលើអាកាសនេះ។ ប្រព័ន្ធមីស៊ីល PATRIOT ត្រូវបានដឹកមកដល់អ៊ុយក្រែនកាលពីចុងខែមេសាឆ្នាំ២០២៣។ ហើយនេះគឺជាលើក ដំបូងហើយនៃការអះអាង ជុំវិញការបាញ់ទម្លាក់អាវុធទំនើបលឿនជាងសំឡេង របស់រុស្ស៊ី Kinzhal ក្នុងអំពើវាយប្រហារមួយ កាលពីរាត្រីថ្ងៃទី៦ឧសភាឆ្នាំ២០២៣។ រុស្ស៊ីមានអាវុធមីស៊ីលលឿនជាងសម្លេងមួយចំនួនទៀតដែលស្ថិតក្នុងចង្កោមប្រភេទអាវុធ ទំនើបទាន់សម័យដូចជា Avangard hypersonic glide Vehicle, មីស៊ីលលឿនជាងសម្លេងប្រភេទ Zircon ដែលជាមីស៊ីលបាញ់ប្រឆាំងនឹងនាវា ប៉ុន្តែអាវុធមីស៊ីល ប្រភេទទំនើបទាំងនោះ នៅមិនទាន់មានសេចក្តីរាយការណ៍អំពីការប្រើប្រាស់ដាក់នៅលើសមរភូមិនោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ ស្ថានការណ៍លើសមរភូមិហាក់ដូចជាមានភាពវិវត្តន៍គួរឱ្យកត់សម្គាល់ចាប់តាំងពីរុស្ស៊ីបានចោទថាអ៊ុយក្រែនប៉ុនប៉ងសម្លាប់មេដឹកនាំរុស្ស៊ី កាលពីសប្តាហ៍មុននោះមក។ ក្រុមទាហានឯកជន Wagner របស់រុស្ស៊ី ដែលមុននេះ គម្រាមថានឹងដកកម្លាំងចេញពីក្រុងបាក់មុត បានបោះបង់ចោលនូវគំនិតនោះវិញ បន្ទាប់ពីវិមានក្រឹមឡាំងសន្យាថា នឹងផ្តល់គ្រាប់រំសេវជាច្រើនមកឱ្យក្រុមទាហានស៊ីឈ្នួលនៅទីនោះវិញ។ ឧត្តមសេនីយ៍យោធាអ៊ុយក្រែនដែលទទួលបន្ទុកការការពារ ក្នុងក្រុងបាក់មុត បានថ្លែងកាលពីយប់ថ្ងៃទី៧ ខែឧសភាថា រុស្ស៊ីបានបង្កើនការវាយប្រហារខ្លាំងក្លាក្នុងក្រុងបាក់មុតនោះ ដោយរំពឹងយកក្រុងបាក់មុតនោះ ទាំងស្រុងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅចំថ្ងៃដែលរុស្ស៊ីរំលឹកខួប៧៨ឆ្នាំដែលជាទិវាជ័យជម្នះលើសង្គ្រាមណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២។ នាយឧត្តមសេនីយ៍អ៊ុយក្រែន លោក Oleksandr Syrskyi បានថ្លែងប្តេជ្ញាថានឹងធ្វើអ្វីៗគ្រប់សព្វបែបយ៉ាងដើម្បីការពារក្រុងបាកមុតនោះ ដោយមិនឱ្យធ្លាក់ចូលក្នុងកណ្តាប់ដៃរបស់រុស្ស៊ីឡើយ។

នៅក្នុងក្រុងបាក់មុត ដដែលនោះ អ៊ុយក្រែនកាលពីថ្ងៃសុក្រសប្តាហ៍មុនបានចោទថារុស្ស៊ី បានប្រើអាវុធគ្រាប់បាញ់ហ្វូសហ្វ័រពណ៌ស White Phosphorus Bombs ដែលបណ្តាលឱ្យមានការឆាបឆេះយ៉ាងសន្ធោរសន្ធៅ។ គ្រាប់បែកហ្វូសហ្វ័រ ពណ៌ស គឺជាប្រភេទអាវុធ មិនត្រូវបានគេហាមឃាត់ក្នុងការប្រើសម្លាប់ទាហានដូចគ្នាលើសមរភូមិ នោះឡើយ ប៉ុន្តែការប្រើអាវុធនេះដាក់លើតំបន់ដែលប្រជាពលរដ្ឋរស់នៅ ត្រូវបានគេចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាម។ ហ្វូសស្វ័រពណ៌សគឺជាសារធាតុស្រដៀងនឹងក្រមួន ដែលឆេះនៅសីតុណ្ហភាព 800អង្សាសេ ហើយសារធាតុនេះត្រូវបានឆេះនៅពេលមានទំនាក់ទំនងជាមួយអុកស៊ីហ៊្សែន និងបង្កើត បានជាផ្សែងមានពន្លឺ។ រូបថតបង្ហាញ ការវាយប្រហារដោយគ្រាប់បែកហ្វូសហ្វ័រ នេះគឺជារូបភាពដែលគេជឿថាបានថតដោយដ្រូនរបស់អ៊ុយក្រែនដែលបង្ហាញនូវការឆាបឆេះដ៏សន្ធោរសន្ធៅលើអគារខ្ពស់ៗ ប៉ុន្តែ មិនមានការបញ្ជាក់ច្បាស់ថាតើការវាយប្រហារនេះ បានកើតឡើងនៅពេលណាមួយនោះឡើយ បើទោះបីជាមានសេចក្តីរាយការណ៍បង្ហាញថាការវាយប្រហារនេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីមេបញ្ជាការក្រុម Wagner របស់ទាហានស៊ីឈ្នូលរុស្ស៊ីគម្រាមការដកកម្លាំង របស់ខ្លួនចេញពីក្រុងបាក់មុតបើសិនជាវិមានក្រឹមឡាំងផ្តល់អាវុធដល់ពួកគេនោះទេ។

ក្រុម Wagner មុននេះ បានគំរាមថានឹងដកកម្លាំងរបស់ខ្លួនចេញពីក្រុងបាក់មុតនោះ នៅថ្ងៃទី១០ ខែឧសភា ប៉ុន្តែបានបោះបង់ចោលគម្រោងនោះវិញ ក្រោយរុស្ស៊ីបានសន្យា ផ្តល់អាវុធគ្រប់គ្រាន់ មកឱ្យវិញ។ វីដេអូបង្ហាញការវាយប្រហារដោយគ្រាប់បែកហ្វូសហ្វ័រ នេះត្រូវបានបង្ហោះចែកចាយតាមប្រព័ន្ធបណ្តាញសង្គម និងរួបបង្ហោះខ្លះទៀតបានបង្ហាញ នូវភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅនៅលើដីថែមទៀតបង្ហាញភាពក្រហមឆ្អៅលើផ្ទៃអាកាសនា ពេលយប់។ រុស្ស៊ីធ្លាប់ត្រូវបានគេចោទប្រកាន់លើការប្រើប្រាស់ គ្រាប់បែកហ្វូសហ្វ័រ ក្នុងទឹកដីអ៊ុយក្រែនជាពិ សេសក្នុងពេលដែលមានការឡោមព័ទ្ធក្រុងម៉ារីយូប៉ូលគ្រាដែលសង្គ្រាមបានចាប់ផ្តើមមកនោះ។ រដ្ឋាភិបាលក្រុងម៉ូស្គូតែងបដិសេធមិនទទួលស្គាល់ លើការចោទប្រកាន់ប្រើអាវុធគ្រាប់បែកហ្វូសហ្វ័រនោះឡើយ។ មន្ត្រីនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានថ្លែងកាល ពីឆ្នាំមុនបញ្ជាក់ថា រុស្ស៊ីមិនដែលបំពានលើ ច្បាប់អន្តរជាតិឡើយ។

សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី៤៣៨ថ្ងៃហើយ។ អ៊ុយក្រែនបានប្តេជ្ញាថានឹងវាយដណ្តើមយកមកវិញនូវទឹកដីភាគខាងកើតរបស់ខ្លួនពីរុស្ស៊ី តាមរយៈ ការបើកយុទ្ធនាការវាយលុករដូវ Spring ដែលគិតរហូតមកទល់នឹងពេលនេះ នៅមិនទាន់ប្រកាសការចាប់ផ្តើមនៅឡើយនោះទេ។ ប៉ុន្តែនៅទន្ទឹមនឹងអ្វីដែលអ៊ុយក្រែន បានប្រកាសថានឹងធ្វើការវាយលុកនាពេលខាងមុខបន្តិចទៀតនេះ រុស្ស៊ីហាក់បីដូចជាត្រៀមរង់ចាំជាស្រេចរួមទាំងការវាយលុកជាច្រើនថែមទៀតដាក់មកលើគោលដៅអ៊ុយក្រែន និងការវាយប្រហារតាមផ្លូវអាកាសដាក់មកលើបណ្តាក្រុងអ៊ុយក្រែនរួមទាំងរដ្ឋធានីគៀវផងទៀត។ សេចក្តីរាយការណ៍នៅថ្ងៃចន្ទ ទី៨ ខែឧសភានេះបង្ហាញថាការវាយប្រហារ ដោយដ្រូនអត្តឃាតរបស់រុស្ស៊ីដាក់លើក្រុងកៀវបាន បណ្តាលឱ្យមានមនុស្ស៥នាក់បានរងរបួស។

នៅទន្ទឹមនឹងនេះដែរ ហេតុការណ៍ផ្ទុះជាច្រើនកើតឡើងក្នុងតំបន់គ្រីមៀរដែលរុស្ស៊ីគ្រប់គ្រង និងស្នូរផ្ទុះដ៏ធំមួយទៀតបានកើតឡើងក្នុងក្រុងកំពង់ផៃសមុទ្ទខ្មៅ Odesa។ មន្ត្រី រុស្ស៊ីគ្រប់គ្រងតំបន់គ្រីមៀរ លោក Mikhail Razvozhayev បានថ្លែងចោទថាអ៊ុយក្រែនបានប្រើដ្រូនអត្តឃាត ជាង១០គ្រឿងរបស់ខ្លួននៅក្នុងការវាយប្រហារដាក់ មកលើតំបន់គ្រីមៀរនោះ។ ក្រសួងការពារជាតិរុស្ស៊ី បានថ្លែងថាកម្លាំងការពារអាកាសរបស់គេបានបាញ់កម្ទេចដ្រូនរបស់អ៊ុយក្រែនចំនួន ២២គ្រឿងធ្លាក់នៅក្នុងសមុទ្ទខ្មៅ ក្នុងការវាយប្រហារតែមួយយប់កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមកនេះ។

សេចក្តីរាយការណ៍ពីតំបន់ Zaporiszhzhia នោះវិញ, នៅក្នុងតំបន់ដែលរុស្ស៊ីបានគ្រប់គ្រងក្បែររោងចក្រថាមពលនុយក្លេអ៊ែរ Zaporiszhzhia នោះ, រុស្ស៊ីបានចាប់ផ្តើមជម្លៀស ពលរដ្ឋប្រមាណ១ពាន់៦៧៩នាក់ក្នុងនោះ រួមមានកុមារ៦៦០នាក់ ចាកចេញពីតំបន់ក្បែររោងចក្រនុយក្លេអ៊ែរ Zaporiszhzhia។ មន្ត្រីអង្គការសហប្រជាជាតិ លោក Rafael Grossi បានថ្លែងព្រមានថាស្ថានការនៅជុំវិញរោងចក្រនុយក្លេអ៊ែរ នោះនឹងអាចមានគ្រោះថ្នាក់ធំកើតឡើងខណៈដែល មានក្តីបារម្ភថាអ៊ុយក្រែនត្រៀមចាប់ផ្តើមយុទ្ធនាការរដូវ Spring របស់ខ្លួននាពេលខាងមុខបន្តិចទៀតនេះ ដែលក្នុងនោះការវាយលុកនឹងមានក្នុងតំបន់ហ្សាប៉ូរីហ្សៀផងដែរ៕