(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) នៅថ្ងៃអង្គារនេះ បាននិយាយថា សហភាពអឺរ៉ុប (EU) មិនត្រូវ​មានការខ្លាចញញើតដោយសារតែអំណាចយោធារបស់ទីក្រុងមូស្គូឡើយ ប៉ុន្តែត្រូវបន្តប្រកាន់ជំហរឱ្យរឹងមាំដដែលក្នុងការជួយផ្តល់ការគាំទ្រ​ដល់អ៊ុយក្រែន ទោះត្រូវបើពេលវេលាយូរប៉ុនណាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣។

ក្នុងសុន្ទរកថាទៅកាន់សមាជិកសភានៅឯសភាអឺរ៉ុប ក្នុងទីក្រុងស្រ្តាស់បួគ (Strasbourg) នៃប្រទេសបារាំង ដែលនៅជាប់ព្រំប្រទល់​ជាមួយអាល្លឺម៉ង់ លោក សូល បានលើកឡើងយ៉ាងដូច្នេះថា «ចម្ងាយប្រហែល២,២០០គីឡូម៉ែត្រ ពីភាគឦសានទីនេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានដឹកនាំការធ្វើព្យុហយាត្រាកងទ័ព រថក្រោះ និងមីស៉ីលរបស់លោក នៅថ្ងៃនេះ។ ពួកយើងមិនត្រូវកោតខ្លាចការ​​បង្ហាញសាច់ដុំយោធានេះឡើយ។ ចូរនាំគ្នាបន្តប្រកាន់ជំហរឱ្យរឹងមាំដដែល ក្នុងការគាំទ្ររបស់យើងសម្រាប់អ៊ុយក្រែន ទោះប្រើពេលយូរ​ប៉ុនណាក៏ដោយ»

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ រុស្ស៉ីបានប្រារព្ធខួបទិវាជ័យជម្នះរបស់សហភាពសូវៀត លើណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោក​លើកទី២ ដោយមានការរៀបចំពិធីព្យុហយាត្រាយោធា នៅឯរដ្ឋធានីមូស្គូ។ សព្វាវុធរុស្ស៉ីដែលបានចូលរួមក្នុងព្យុហយាត្រានោះ រួមមាន រថពាសដែក BTR-82A, ប្រព័ន្ធមីស៉ីលបាលិស្ទីគនុយក្លេអ៊ែរតាក់ទិច Iskander, ប្រព័ន្ធការពារដែនអាកាស S-400 ហើយនិង​ប្រព័ន្ធមីស៉ីលបាលិស្ទីគយុទ្ធសាស្រ្ត ICBM Yars ជាដើម៕