(សៅប៉ូឡូ)៖ នាយករដ្ឋមន្រ្តីហូឡង់ លោក ម៉ាក រូតតេ (Mark Rutte) នៅថ្ងៃអង្គារនេះបាននិយាយថានឹងដាក់ចេញនូវតម្រូវការ ដើម្បីការពារអ៊ុយក្រែនក្នុងការធ្វើសង្រ្គាមជាមួយរុស្ស៊ី នៅពេលជួបប្រធានាធិបតីប្រេស៉ីល លោក ល្វីស អ៉ីនណាស៉ីយ៉ូ លូឡា ដាស៉ីលវ៉ា (Luis Inacio Lula da Silva) ដែលជាអ្នកដែលធ្លាប់រិះគន់ចំពោះការបំពាក់អាវុធដល់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣។

លោក រូតតេ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទសប្តាហ៍នេះ ជាថ្ងៃទី១នៃដំណើរទស្សកិច្ចនៅប្រទេសប្រស៉ីល យ៉ាងដូច្នេះថា «យើងត្រូវតែជួយអ៊ុយក្រែនប្រយុទ្ធក្នុងសង្រ្គាមនេះ»។ លោក រូតតេ បាននិយាយថា លោកនឹងបកស្រាយប្រាប់លោក លូឡា អំពីសំណួរថា តើហេតុអ្វីការគាំទ្រអ៊ុយក្រែន មានសារសំខាន់ខ្លាំងសម្រាប់ហូឡង់ ក៏ដូចជាតំបន់អឺរ៉ុបទាំងមូល។ លោកនាយករដ្ឋមន្រ្តីហូឡង់ បានសង្កត់ធ្ងន់ដូច្នេះថា «ប្រសិនបើ លោក ពូទីន ទទួលបានជ័យជម្នះ ខ្ញុំគិតថារឿងរ៉ាវ នឹងមិនបញ្ចប់ត្រឹមនេះទេ។ ប្រជាជនមានការព្រួយបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ទាំងនៅទីក្រុងអាំស្ទែដាំ (Amsterdam) បែរឡាំង (Berlin) ប៉ារីស និងនៅអឺរ៉ុបទាំងមូល»

បើតាម លោក រូតតេ រដ្ឋាភិបាលហូឡង់ ក៏កំពុងពិចារណាជាមួយដៃគូសហភាពអឺរ៉ុបផ្សេងទៀត ដូចជាដាណឺម៉ាក អង់គ្លេស រួមទាំងសហរដ្ឋអាមេរិក ជុំវិញការផ្តល់យន្តហោះចម្បាំង F-16 ទៅឲ្យអ៊ុយក្រែន ប៉ុន្តែកិច្ចព្រមព្រៀងដំបូង គឺចាំបាច់តម្រូវឲ្យដៃគូទាំងអស់ធ្វើមុន ដូចដែលពួកគេបានធ្វើនៅពេលផ្គត់ផ្គង់រថក្រោះធុនធ្ងន់ដូច្នោះដែរ។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីហូឡង់កំពុងបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅប្រទេសប្រេស៉ីល អមដំណើរដោយគណៈប្រតិភូធុរកិច្ច សម្រាប់កិច្ចពិភាក្សាដែលផ្តោតលើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មប្រកបដោយនិរន្តរភាព ក៏ដូចជាការផ្លាស់ប្តូរថាមពល ជាពិសេសឧស្ម័នអ៉ីដ្រូសែន៕