(ប៉េកាំង)៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅប្រទេសចិន បាននិយាយនៅថ្ងៃអង្គារនេះថា ជំនួបតាមទូរស័ព្ទនារវាងប្រធានាធិបតី លោក ស៉ី ជិនពីង និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ពេលថ្មីៗនេះគឺជាជំហានវិជ្ជមានមួយ ហើយជំរុញឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចបានសន្តិភាព។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣។

លោក ហ័រហេ ថូឡេដូ អាល់ប៊ីញ៉ាណា (Jorge Toledo Albinana) បានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានីប៉េកាំង យ៉ាងដូច្នេះថា «យើងចង់ឲ្យប្រទេសចិនបន្តជួយបន្ថែមទៀត ដើម្បីឈានដល់សម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ ដែលពាក់ព័ន្ធនឹងការដកកងទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន»

លោក អាល់ប៊ីញ៉ាណា បានឲ្យដឹងថា មានការរំពឹងទុកអំពីការសន្ទនាកម្រិតខ្ពស់បន្ថែមទៀតនៅឆ្នាំ ២០២៣នេះ ដែលរួមមានកិច្ចពិភាក្សាជាយុទ្ធសាស្ត្រ រវាងប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក ចូសេព បូរ៉ែល (Josep Borrell) ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង (Qin Gang) ខណៈប្រធានបទដែលត្រូវពិភាក្សាផ្តោតលើពាណិជ្ជកម្ម សេដ្ឋកិច្ច កិច្ចការឌីជីថល និងបញ្ហាអាកាសធាតុ។

គួរបញ្ជាក់ថា ជំនួបពិភាក្សាគ្នាតាមទូរស័ព្ទរយៈពេលមួយម៉ោងនៃលោក ស៉ី ជាមួយលោក ហ្សេលេនស្គី ជាលើកដំបូងចាប់តាំងពី មានសង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន បានបំពេញនូវបំណងជាយូររបស់ទីក្រុងកៀវ ដែលខ្លួនស្វែងរកអស់រយៈពេលជាច្រើនខែ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក្នុងជំនួបនោះ លោក ស៉ី បានប្រាប់លោក ហ្សេលេនស្គី ថាប្រទេសចិននឹងបញ្ជូន អ្នកតំណាងពិសេសរបស់ខ្លួនទៅកាន់អ៊ុយក្រែន និងធ្វើការពិភាក្សាជាមួយគ្រប់ភាគីដែលស្វែងរកសន្តិភាព៕