(បាងកក)៖ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ (Thaksin Shinawatra) បាននិយាយនៅថ្ងៃអង្គារនេះថា រូបលោក​នឹងវិលត្រឡប់ចូលស្រុកវិញ នៅខែកក្កដាខាងមុខ ក្រោយការរស់នៅដោយនិរទេសខ្លួនអស់រយៈពេល១៧ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣។

ទោះលោក ថាក់ស៉ីន ធ្លាប់បានធ្វើសន្យាស្រដៀងគ្នាជាច្រើនលើកនាពេលកន្លងមកក្តី ការអះអាងខាងលើរបស់លោក តាមរយៈបណ្តាញ Twitter គឺជាលើកដំបូងបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលលោកបានកំណត់នូវពេលវេលាជាក់លាក់មួយ។ លោក ថាក់ស៉ីន បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំចង់សុំការអនុញ្ញាតម្តងទៀត។ ខ្ញុំបានសម្រេចចិត្តថា នឹងត្រឡប់ចូលប្រទេសវិញ ដើម្បីជួបមុខចៅៗរបស់ខ្ញុំក្នុង​កំលុងខែកក្កដា ឆ្នាំនេះ មុនថ្ងៃខួបកំណើតរបស់ខ្ញុំ។ ខ្ញុំចង់បានការអនុញ្ញាត។ ខ្ញុំបានឃ្លាតឆ្ងាយ ពីគ្រួសារអស់រយៈពេល១៧ឆ្នាំហើយ។ ខ្ញុំកាន់តែចាស់ហើយ»។ យ៉ាងណាក្តី លោកអតីតនាយករដ្ឋមន្រ្តីថៃ មិនបានបកស្រាយថា តើរូបលោកចង់សុំការអនុញ្ញាតនោះពីនរណា​ឡើយ។

គួរបញ្ជាក់ថា លោក ថាក់ស៉ីន ដែលសព្វថ្ងៃមានអាយុ៧៣ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ ចាប់ពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០០៦ នៅពេលរដ្ឋាភិបាលលោក ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់។ លោកបានរស់នៅក្រៅប្រទេសរហូតមក ចាប់តាំងតែពីពេលនោះ លើកលែងតែកំលុងការត្រឡប់ចូកស្រុកមួយភ្លែត កាលពីីឆ្នាំ២០០៨។ លោកបានរងការចោទប្រកាន់ពីបទរំលោភអំណាច ដែលលោកអះអាងថា ជាការចោទធ្វើឡើងក្រោមចេតនានយោបាយ។ ការប្រកាសចូលស្រុកវិញខាងលើរបស់លោក ថាក់ស៉ីន កើតឡើង ខណៈដែលគណបក្សភឿថៃ ដែលមានកូនស្រីរបស់លោកកំពុងឈរ​ឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តី បន្តរក្សាគម្លាតនាំមុខធំក្នុងការស្ទង់មតិ មុនការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា។

កូនស្រីលោក ថាក់ស៉ីន គឺអ្នកនាង ផែថោងថាន ស៉ីណាវ៉ាត់ (Paetongtarn Shinawatra) ដែលមានអាយុ៣៦ឆ្នាំ ទើបតែសម្រាល​កូនទី២របស់អ្នកនាង​ កាលពីសប្តាហ៍មុន ដែលត្រូវជាចៅទី៧ និងជាចៅពៅគេបង្អស់របស់លោក ថាក់ស៉ីន។ នាពេលនោះ លោក ថាក់ស៉ីន ក៏បានប្រកាសផងដែរថា រូបលោកនឹងត្រឡប់មកប្រទេសថៃវិញ ក្នុងពេលឆាប់ៗ ព្រោះលោកចង់ចំណាយពេលមើលថែទាំចៅៗ ដោយសារតែវ័យកាន់តែចាស់ទៅហើយ៕