(មូស្គូ)៖ ថៅកែក្រុមហ៊ុនទាហានស៉ីឈ្នួល Wagner រុស្ស៉ី លោក យ៉េវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) បាននិយាយនៅថ្ងៃអង្គារនេះថាទាហានរបស់ខ្លួនមិនទាន់ទទួលបាន គ្រាប់រំសេវ ដែលសន្យាផ្តល់ឲ្យពីទីក្រុងមូស្គូនៅឡើយទេ និងច្រានចោលការអត្ថាធិប្បាយកាលពីដំបូងដែលថាពួកគេចាប់ផ្តើមទទួលបានគ្រាប់រំសេវហើយនោះ។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣។

លោក ព្រីហ្គោហ្ស៉ីន បានគូសបញ្ជាក់តាមវីដេអូនៅលើបណ្តាញតេឡេក្រាម យ៉ាងដូច្នេះថា «អ្នកដែលគេកំណត់ឲ្យចាត់ចែងការដឹកជញ្ជូនគ្រាប់រំសេវ រហូតមកដល់ពេលនេះ ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ មិនបានបំពេញតាមការបញ្ជានោះទេ»។ លោក ព្រីហ្គោហ្ស៉ីន ដែលខំចំណាយកងកម្លាំងអស់រយៈជាច្រើនខែដើម្បីដណ្តើមយកទីក្រុងបាកមូត (Bakhmut) ស្ថិតនៅភាគខាងកើតអ៊ុយក្រែននោះ បានបន្ថែមថា លោកមិនចង់ធ្វើឱ្យល្អក់កករដល់ទិវាជ័យជម្នះដ៏ធំរបស់រុស្ស៉ី ដែលនឹងប្រារព្ធនៅម៉ោង ៧ព្រឹក ថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) នេះទេ ហើយថានឹងបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតនៅពេលក្រោយ។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃចន្ទសប្តាហ៍នេះ លោក ព្រីហ្គោហ្ស៉ីន បានអះអាងពីទិន្នន័យបឋមបង្ហាញថា មានការអនុញ្ញាតឲ្យកងទ័ពរបស់លោកទទួលបានគ្រាប់រំសេវហើយ ប៉ុន្តែព្រមានថាពួកគេមិន «ឃើញមានការអនុវត្តតាមបទបញ្ជា» នៅឡើយទេ៕