(តៃប៉ិ)៖ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng នៅថ្ងៃចន្ទនេះបាននិយាយថា តៃវ៉ាន់កំពុងស្ថិតក្នុងដំណើរការចរចាលើកញ្ចប់សព្វាវុធដែលមានតម្លៃ ៥០០លានដុល្លារ ពីទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ២០២៣នេះ ដើម្បីជាការប៉ះប៉ូវជុំវិញការពន្យារពេលបញ្ជូនអាវុធរបស់អាមេរិកមកកាន់តៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣។

លោក Chiu Kuo-cheng បានឲ្យដឹងថាទីក្រុងវ៉ាស៊ីនតោន បាន និងកំពុងពិភាក្សាអំពីកញ្ចប់អាវុធ ជាមួយទីក្រុងតៃប៉ិ។ រដ្ឋមន្ត្រីការពារជាតិរូបនេះបានគូសបញ្ជាក់ប្រាប់សមាជិក សភាតៃវ៉ាន់ នៅពេលត្រូវបានសាកសួរអំពីកញ្ចប់ជំនួយយោធា យ៉ាងដូច្នេះថា «ការប្រើប្រាស់កញ្ចប់ថវិកាចំនួន ៥០០លានដុល្លារអាមេរិកខាងលើនេះ គឺសំដៅផ្តល់ឲ្យយើងនូវអាទិភាព ក្នុងការទទួលបានទំនិញភ្លាមៗ ករណីមានការពន្យារពេល ឬការដឹកជញ្ជូនមានភាពយឺតយ៉ាវណាមួយ ក្នុងដំណើរការទិញអាវុធ»

លោកបានបន្ថែមថា «វាគួរតែត្រូវបានអនុវត្តនៅឆ្នាំ២០២៣ ដោយកញ្ចប់ថវិកា ៥០០លានដុល្លារនេះមិនត្រូវបានរាប់បញ្ចូលក្នុងការលក់អាវុធពីមុននោះទេ ហើយថាតៃវ៉ាន់នឹងស្នើសុំ សភា ជាមុនក្នុងគោលដៅអាទិភាពរបស់ខ្លួន»។ យ៉ាងនេះក្តី លោក ឈូ មិនបានបញ្ជាក់លម្អិតអំពីប្រភេទអាវុធក្នុងកញ្ចប់យោធាថ្មីនេះទេ ដោយគ្រាន់តែនិយាយថា ព័ត៌មានលម្អិតនឹងត្រូវបញ្ជាក់ដោយភាគីទាំងពីរ ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គឺអ្នកផ្គត់ផ្គង់អាវុធដ៏ចម្បងរបស់តៃវ៉ាន់ ប៉ុន្តែការសម្រេចនៅក្នុងខែកញ្ញា ឆ្នាំ២០២២ បានឈានទៅមុខមួយជំហានទៀត ពោលគឺធ្វើឲ្យការផ្តល់ជំនួយ ផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកសម្រាប់តៃវ៉ាន់ កើនឡើងដល់ ៤.៥ពាន់លានដុល្លារត្រឹមក្នុងរយៈពេល ៤ឆ្នាំ៕