(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក គ្រោងនឹងប្រកាសផ្ដល់កញ្ចប់ជំនួយយោធាថ្មីមួយមានទំហំទឹកប្រាក់ ​១.២ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលក្នុងនោះរួមបញ្ចូលទាំង ប្រព័ន្ធការពារដែនអាកាស គ្រាប់រំសេវ និងមូលនិធិសម្រាប់ការបណ្ដុះបណ្ដាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ​AP នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន ​AP ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថានៅក្រោមកញ្ចប់ជំនួយយោធាថ្មី ខាងលើ អ៊ុយក្រែននឹងទទួលបានគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ សម្រាប់កាំភ្លើងធំ Howitzer មីស៊ីលប្រឆាំងយន្ដហោះដ្រូន និងមូលនិធិសម្រាប់ប្រព័ន្ធផ្កាយរណប រួមទាំងការបណ្ដុះបណ្ដាលផងដែរ។

គួរបញ្ជាក់ថា កញ្ចប់ជំនួយយោធាខាងលើដែលត្រូវបានគេរំពឹងថាអាចនឹងប្រកាសនៅថ្ងៃអង្គារសប្ដាហ៍នេះ នឹងត្រូវយកចេញពីមូលនិធិជំនួយសន្តិសុខសម្រាប់អ៊ុយក្រែន ដែល អនុញ្ញាតឱ្យរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ទិញអាវុធពីឧស្សាហកម្មអាវុធអាមេរិក ជាជាងដកអាវុធចេញពីឃ្លាំងស្ដុកអាវុធ៕