(ហ្ស៊េរុយសាឡិម)៖ មនុស្សយ៉ាងហោច ១២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល លើតំបន់ហ្កាហ្សា ដោយយោធាអ៉ីស្រាអែលអះអាងថា ការវាយប្រហាររបស់ខ្លួនមានគោលដៅលើសមាជិកចលនាប៉ាឡេស្ទីនអ៉ីស្លាមជីហាដ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣។

បើតាមយោធាអ៉ីស្រាអែល នៅក្នុងចំណោមអ្នកស្លាប់ទាំង១២នាក់ ក្នុងនោះមានមេបញ្ជាការជាន់ខ្ពស់ ៣រូបរបស់ចលនាប៉ាឡេស្ទីនអ៉ីស្លាមជីហាដ ខណៈក្រសួងសុខាភិបាលក្នុង តំបន់ហ្កាហ្សាបានឱ្យដឹងថាមនុស្ស ១២នាក់បានស្លាប់ និង២០នាក់រងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលដែលធ្វើឡើងនៅម៉ោងប្រហែល ៥ព្រឹកព្រលឹម ថ្ងៃអង្គារនេះ។ ចំណែកឯ ចលនាប៉ាឡេស្ទីនអ៉ីស្លាមជីហាដ ក៏បានទទួលស្គាល់ដែរថាមេបញ្ជាការជាន់ខ្ពស់៣រូប របស់ខ្លួន រួមទាំងប្រពន្ធ និងកូនរបស់ពួកគេ បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៉ីស្រាអែល។ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថាតើមានមនុស្សប៉ុន្មាននាក់ផ្សេងទៀតបានបាត់បង់ជីវិតនោះទេ។

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល នៅថ្ងៃអង្គារនេះបានអះអាងថាការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួនក្នុងតំបន់ហ្កាហ្សា គឺជាការឆ្លើយតបទៅនឹងការឈ្លានពានឥតឈប់ឈរ ពីសំណាក់ចលនាប៉ាឡេស្ទីនអ៉ីស្លាមជីហាដ ដែលបានបាញ់គ្រាប់រ៉ុក្កែត ១០២គ្រាប់លើភាគខាងត្បូងនៃប្រទេសអ៉ីស្រាអែលកាលពីជាងមួយសប្ដាហ៍មុន៕