(វ៉ាស៊ីនតោន)៖ រុស្ស៉ី និងអ៊ុយក្រែនសុទ្ធតែកំពុងត្រៀមលក្ខណៈប្រយុទ្ធដូចគ្នា សម្រាប់ដំណាក់កាលថ្មីមួយនៃសង្រ្គាមដែលបានអូសបន្លាយពេលច្រើនជាងមួយឆ្នាំមកនេះ ដោយទីក្រុងមូស្គូត្រៀមខ្លួនដើម្បីការពារ រីឯទីក្រុងកៀវកំពុងត្រៀមបើកការវាយបកដោយប្រើអាវុធទំនើបៗបានពីលោកខាងលិច។ ប៉ុន្តែក្រៅតែពីការត្រៀមលក្ខណៈ រឿងមួយដែលសំខាន់នោះគឺជា «ពេលវេលា»។ ពេលវេលាដែលក្រុមអ្នកវិភាគយល់ថាអំណោយផលសម្រាប់រុស្ស៉ី ជាជាងអ៊ុយក្រែន។

ក្នុងពេលបច្ចុប្បន្ន អ៊ុយក្រែនអាចកំពុងរងសម្ពាធពីបណ្ដាសម្ព័ន្ធមិត្តលោកខាងលិច ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនមើលឃើញថាប្រតិបត្តិការវាយបករបស់ អ៊ុយក្រែន ដែលកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ ជាដំណាក់កាលធ្វើតេស្ដមួយដ៏សំខាន់ថាតើអាវុធ ការបណ្ដុះបណ្ដាល និងគ្រាប់រំសេវដែលពួកគេបញ្ជូនឱ្យអ៊ុយក្រែន នារយៈពេលប៉ុន្មានខែចុងក្រោយនេះ អាចសម្រេចបាននូវជ័យជម្នះដ៏សំខាន់មួយបានដែរឬក៏យ៉ាងណា? បានន័យថាប្រសិនបើអ៊ុយក្រែនមិនអាចសម្រេចបាននូវជោគជ័យ ជាដុំកំភួនណាមួយទេ នោះវាអាចនឹងបង្កជាហានិភ័យនៃការធ្លាក់ចុះការគាំទ្រពីលោកខាងលិច ក៏ដូចជាជំរុញឱ្យការអំពាវនាវស្វែងរកសន្តិភាពជាមួយរុស្ស៉ីកាន់តែកើនឡើង ហើយចង់ ឬមិនចង់ ការចរចាទាំងដែលអ៊ុយក្រែនមិនមានជំហររឹងមាំ អាចបង្ខំឱ្យទីក្រុងកៀវធ្វើសម្បទានទឹកដី។ នៅក្នុងបទសម្ភាសន៍មួយកាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksiy Reznikov បានគូសបញ្ជាក់ដូច្នេះថា «នៅតាមបណ្ដាប្រទេសជាមិត្ត និងជាដៃគូរបស់យើងមានការរំពឹងទុកខ្ពស់ខ្លាំងពេក ពីប្រតិបត្តិការវាយបក...ហើយនេះឯងជាក្ដីកង្វល់មួយដ៏ធំរបស់ខ្ញុំ»

នេះជាកង្វល់ដ៏ធំមួយនៅក្នុងចំណោមក្រុមមន្ត្រីកំពូលៗ របស់អ៊ុយក្រែន ដែលដឹងយ៉ាងច្បាស់ថាពេលវេលារបស់ខ្លួនកាន់តែខើចទៅៗ ហើយអ្វីដែលកាន់តែបារម្ភនោះគឺថាតើ ជ័យជម្នះក្នុងកម្រិតណាមួយ ទើបអាចឱ្យលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ពេញចិត្ត ឬអាចទទួលបាន? បើតាមលោក ហ្សេលេនស្គី នៅក្នុងបទសម្ភាសន៍ជាមួយ កាសែត Washingtonpost កាលពីពេលថ្មីៗនេះ បណ្ដាប្រទេសលោកខាងលិចមួយចំនួនប្រាប់រូបលោកផ្ទាល់ថាអ៊ុយក្រែនត្រូវតែឈ្នះនៅក្នុងប្រតិបត្តិការវាយបក ដ្បិតពួកគេ ត្រូវការយកជ័យជម្នះនេះទៅធ្វើជាឧទាហរណ៍បង្ហាញដល់ប្រជាជនរបស់ពួកគេ។ លោក ហ្សេលេនស្គី បាននិយាយថាលោកក៏មិនដឹងនោះដែរពីទំហំនៃជ័យជម្នះ ថាតើត្រូវ ដណ្ដើមឱ្យបានទឹកដី ១០គីឡូម៉ែត្រ ៣០គីឡូម៉ែត្រ ១០០គីឡូម៉ែត្រ ឬក៏១០០គីឡូម៉ែត្រ ឬក៏យ៉ាងណា? ប៉ុន្តែសម្រាប់រូបលោក ការដណ្ដើមយកទឹកដីពីរុស្ស៉ីមកវិញ សូម្បីតែ មួយចង្អាមក៏ដោយ ក៏វាជាជោគជ័យមួយដែរ។

នៅក្នុងប្រទេសរុស្ស៉ី លោក ពូទីន ជាការពិតណាស់ ក៏កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន តែលោកបានបង្ហាញរួចទៅហើយថារុស្ស៉ីបានត្រៀមខ្លួនជាស្រេចសម្រាប់ សង្រ្គាមរយៈពេលវែង ហើយទោះជាកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិចក៏ដោយ ក៏លោក ពូទីននៅតែមានលំហសេរីភាពពីសម្ពាធនយោបាយនៅក្នុងស្រុក តាមរយៈការប្រើនយោបាយកណ្ដាប់ដៃប្រឆាំងអ្នកដែលហ៊ានរិះគន់រូបលោក។ ណាមួយក្នុងពេលសេដ្ឋកិច្ចរុស្ស៉ីកំពុងជួបបញ្ហា សេដ្ឋកិច្ចលោកខាងលិចឯណោះវិញ ក៏មិនមានភាពល្អប្រសើរគួរឱ្យកត់សម្គាល់នោះដែរ។

លោក ពូទីន បានកែនកងទ័ពបន្ថែមជាង ៣០០,០០០នាក់ កាលពីខែកញ្ញា ឆ្នាំ២០២២ និងបានដាក់ចេញច្បាប់ថ្មីដែលអនុញ្ញាតឱ្យរុស្ស៉ីកែនទ័ពតាមប្រព័ន្ធតាមអ៉ិនធើណិត។ ដោយឡែក នៅក្នុងកិច្ចសន្ទនាជាលក្ខណៈឯកជនជាច្រើន រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Sergei Shoigu បានសន្យាកែនកងទ័ពបន្ថែមនៅពេលអនាគតក្នុងករណីចាំបាច់ ជាមួយការអះអាងថារុស្ស៉ីមានសមត្ថភាពកែនកងទ័ពរហូតដល់ទៅ ២៥លាននាក់។ លោក ពូទីនបានចាត់ទុកថាសង្រ្គាមរបស់លោកនៅអ៊ុយក្រែនជាអាទិភាពកំពូលមួយ និង អាយុជីវិតជាតិ ដោយលោកបានប្រាប់ប្រជាជនរុស្ស៉ីកំលុងសុន្ទរកថាអបអរសាទរឆ្នាំសកល២០២៣កន្លងទៅថា «យើងមានតែជម្រើសត្រូវប្រយុទ្ធ ហើយយើងត្រូវបន្តការ ប្រយុទ្ធប្រឆាំងនឹងលោកខាងលិចដែលមានបំណងកម្ទេចរុស្ស៉ី»។

នៅត្រង់ចំណុចនេះដែរ លោក Thomas E. Graham ជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន Council on Foreign Relations និងធ្លាប់ជានាយកជាន់ខ្ពស់ម្នាក់ទទួលបន្ទុកកិច្ច ការរុស្ស៉ីនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៧ បានលើកឡើងថាលោក ពូទីនបានគិតគូរទុកជាមុនថារុស្ស៉ីអាចទ្រាំបានយូរជាងលោកខាងលិច។
លោក Graham បានសង្កត់ធ្ងន់ដូច្នេះថា «មែនទែនទៅ ខ្ញុំគិតថាវាជាការគណនារបស់វិមានក្រឹមឡាំងដែលជឿជាក់ថារុស្ស៉ីអាចទ្រាំបានយូរជាងលោកខាងលិច»។ លោក បន្ថែមថា រុស្ស៉ីមានការយល់ឃើញបែបនេះគឺដោយសារតែការបោះឆ្នោតនៅតាមបណ្ដាប្រទេសលោកខាងលិច។ ពោលគឺគ្មាននរណាម្នាក់ដឹងនោះទេថានឹងមានរឿងអ្វីកើត ឡើងនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤ នោះគឺថាតើប្រធានាធិបតីអាមេរិកថ្មី ជាមនុស្សដែលគាំទ្រអ៊ុយក្រែនដូចលោក ចូ បៃដិន ឬក៏ជាមនុស្សដែល ជំទាស់នឹងការផ្ដល់ជំនួយយោធាយ៉ាងសន្ធឹកសន្ធាប់សម្រាប់អ៊ុយក្រែន ដូចជាលោក ដូណាល់ ត្រាំ។

យុទ្ធសាស្ត្រអូសបន្លាយពេលវេលានេះ ធ្លាប់ត្រូវបានលោក ពូទីន ប្រើប្រាស់នាពេលកន្លងមកដែរ។ នៅក្នុងប្រទេសស៊ីរី និងលីប៊ី​ លោក ពូទីន បានរង់ចាំអស់រយៈពេល ជាច្រើនឆ្នាំ ដើម្បីចាប់យកឱកាស និងផលប្រយោជន៍ នៅពេលបណ្ដារដ្ឋាភិបាលលោកខាងលិចបាត់បង់ការផ្តោត ឬផ្លាស់ប្ដូរអាទិភាពរបស់ខ្លួន នៅពេលទាក់ទង គោលនយោបាយការបរទេស។

គួរបញ្ជាក់ថា បើទោះជាអ៊ុយក្រែន មានការព្រួយបារម្ភចំពោះការថយចុះការគាំទ្ររបស់លោកខាងលិចក៏ដោយ ក៏ការគាំទ្រសម្ព័ន្ធមិត្តលោកខាងលិចនៅតែមានភាពរឹងមាំ ទាំង ការផ្ដល់ជំនួយអាវុធ ការបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៉ី។ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg ក៏ធ្លាប់បាន លើកឡើងដែរថាបក្សសម្ព័ន្ធយោធាមួយនេះត្រូវតែគាំទ្រដល់អ៊ុយក្រែនសម្រាប់សង្រ្គាមរយៈពេលវែង។ ចំណែកឯ នៅទីក្រុងវ៉ាស៊ីនតោនវិញ លោក ចូ បៃដិនបានប្ដេជ្ញាថា សហរដ្ឋអាមេរិកនឹងបន្តផ្ដល់គាំទ្រ ដរាបណាអ៊ុយក្រែននៅតែត្រូវការ មិនថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែនមានលទ្ធផលបែបណានោះទេ។

ក៏ប៉ុន្តែ លោក បៃដិនខ្លួនឯងនឹងត្រូវចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤ ដែលអាចនឹងជះឥទ្ធិពលដល់ការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន ប្រសិនបើប្រជាជនអាមេរិកបោះឆ្នោតគាំទ្រលោក ដូណាល់ ត្រាំ ដែលជាមនុស្សម្នាក់តែងតែរិះគន់ការផ្ដល់ជំនួយយោធាពីសំណាក់រដ្ឋបាលលោក បៃដិន សម្រាប់ទីក្រុងកៀវ និងធ្លាប់ព្រលយសម្ដីនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Fox news ថាលោក ពូទីន នឹងគ្រប់គ្រងអ៊ុយក្រែនទាំងមូល៕