(ប្រ៊ុចសែល)៖ នាយកប្រតិបត្តិសហភាពអឺរ៉ុបបានស្នើឱ្យដាក់ក្នុងបញ្ជីខ្មៅ លើក្រុមហ៊ុនចិនមួយចំនួន និងទប់ស្កាត់ការនាំចេញទៅកាន់ប្រទេសនានា ដែលត្រូវបានគេមើលឃើញថា មានជាប់ពាក់ព័ន្ធក្នុងការបំពានលើការរឹតបន្តឹងពាណិជ្ជកម្មរបស់រុស្ស៊ី ក្រោមការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុងមូស្គូ សម្រាប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០២៣។

ប្រភពការទូតជាច្រើនបាននិយាយថា ប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង២៧ នឹងមានការពិភាក្សាជាលើកដំបូងនៅថ្ងៃពុធ លើសំណើរបស់អង្គភាពគោលនយោបាយការបរទេសរបស់គណៈកម្មការអឺរ៉ុបលើរឿងនេះ។

ប្រភពបាននិយាយថា សំណើនេះផ្តោតលើការប្រយុទ្ធប្រឆាំងនឹងការគេចវេសពីការរឹតបន្តឹងពាណិជ្ជកម្មដែលមានស្រាប់តាមរយៈប្រទេសទីបី បន្ទាប់ពីសហភាពអឺរ៉ុបបានកំណត់ប្រទេសចិន តួកគី អារ៉ាប់រួម ក៏ដូចជាបណ្តាប្រទេសនៅអាស៊ីកណ្តាល និកូកាស៊ីស ជាប្រទេសជាប់ការសង្ស័យដ៏មានសក្តានុពល។

ក្រុមអ្នកការទូតដែលដឹងអំពីសំណើនេះបាននិយាយថា ក្រុមហ៊ុនចិនចំនួនប្រាំពីរនឹងទទួលរងការបង្កកទ្រព្យសម្បត្តិនៅក្នុងសហភាពអឺរ៉ុប ដែលជាអ្វីដែលនឹងក្លាយជាដំបូងសម្រាប់ប្លុកនេះក្នុងការដាក់ទណ្ឌកម្មលើប្រទេសចិន ចំពោះការចោទប្រកាន់ពីតួនាទីរបស់ទីក្រុងប៉េកាំងនៅក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា ប្រទេសចិនកំពុងជំរុញសហភាពអឺរ៉ុបកុំឱ្យប្រកាន់យក «ផ្លូវខុស» ហើយថា ខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន៕