(តេហេរ៉ង់)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយនៅថ្ងៃចន្ទនេះថា អ៊ីរ៉ង់ពិតជាយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហា និងការយល់ច្រឡំនៅក្នុងទំនាក់ទំនងរបស់ខ្លួន ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA ចុះផ្សាយនៅថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០២៣។

ការកត់សម្គាល់របស់លោក Nasser Kanaani បែបនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍មួយ ខណៈពេលដែលលោកកំពុងឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពី «ការដំឡើងឡើងវិញនូវកាមេរ៉ាឃ្លាំមើលរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)» នៅរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។

លោក Kanaani បាននិយាយថា ការដំឡើងកាមេរ៉ាឃ្លាំងមើលនេះ គឺស្ថិតនៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដែលសម្រេចបានមុននេះជាមួយទីភ្នាក់ងា ដោយសង្កត់ធ្ងន់ថាប្រទេសអ៊ីរ៉ង់កំពុងធ្វើដំណើរតាមផែនទីបង្ហាញផ្លូវ ដែលបានព្រមព្រៀងគ្នាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់អគ្គនាយក IAEA លោក Rafael Grossi ទៅកាន់ទីក្រុងតេហេរ៉ង់កាលពីដើមខែមីនា។

លោកបានបន្ថែមថា អ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយដែលគ្មានមូលដ្ឋាន អះអាងប្រឆាំងនឹងសកម្មភាពនុយក្លេអ៊ែរដោយសន្តិវិធីរបស់ប្រទេសនេះ ក្លាយជាឧបសគ្គចំពោះកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយ IAEA ឡើយ។

គួរបញ្ជាក់ថា ទីភ្នាក់ងារ IAEA កាលពីថ្ងៃពុធសប្តាហ៍មុនបានប្រកាសថាខ្លួន កំពុងដំឡើងកាមេរ៉ាឃ្លាំមើលរបស់ខ្លួនឡើងវិញនៅកន្លែងនុយក្លេអ៊ែរអ៊ីរ៉ង់។

ក្រុមប្រឹក្សាភិបាលរបស់ IAEA បានអនុម័តកាលពីខែវិច្ឆិកា នូវដំណោះស្រាយមួយដោយជំរុញឱ្យប្រទេសអ៊ីរ៉ង់ សហការជាមួយអ្នកស៊ើបអង្កេតរបស់ទីភ្នាក់ងារនេះ ទាក់ទងនឹង ដានអ៊ុយរ៉ាញ៉ូមដែលបានរកឃើញនៅទីតាំងមិនបានបញ្ជាក់ចំនួនបីរបស់អ៊ីរ៉ង់។

ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ លោក Grossi ទៅកាន់ទីក្រុងតេហេរ៉ង់ក្នុងខែមីនា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីអន្តរកម្មបន្ថែមទៀតដោយផ្អែកលើកិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ និងការបើកចំហកាន់តែខ្លាំងចំពោះការត្រួតពិនិត្យរបស់ ទីភ្នាក់ងារ IAEA៕