(ម៉ានីល)៖ មន្រ្តីទូតជាន់ខ្ពស់របស់ទីក្រុងម៉ានីល បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ប្រតិបត្តិការល្បាតរួមគ្នារវាងហ្វីលីពីននិងសហរដ្ឋអាមេរិក នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ប្រហែលនឹងចាប់ផ្តើមនៅប៉ុន្មានខែខាងមុខ ខណៈទីក្រុងវ៉ាស៉ីនតោនទើបតែចេញគោលការណ៍ណែនាំ​ស្តីពីការការពារទីក្រុងម៉ានីល ពីការវាយប្រហារនៅដែនសមុទ្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣។

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិក លោក ចូសេ ម៉ានូអែល រ៉ូមូលឌែស (Jose Manuel Romualdez) បាននិយាយថា ដំណើរការពិភាក្សាគ្នាកំពុងតែបន្តប្រព្រឹត្តទៅ ជុំវិញប្រតិបត្តិការល្បាតដែនសមុទ្ររួមគ្នារវាងហ្វីលីពីននិងអាមេរិក ដែលត្រូវបានប្រកាសដំបូង កាលពីខែកុម្ភៈ ឆ្នាំនេះ។ លោក រ៉ូមូលឌែស បានប្រាប់បណ្តាញសារព័ត៌មាន CNN Philippines ថា បើតាមការប៉ាន់ប្រមាណ ការល្បាតនោះគួរតែ​អាចចាប់ផ្តើម មិនយូរជាងត្រីមាសទី៣ នៃឆ្នាំ២០២៣ឡើយ។

កាលពីខែកុម្ភៈ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានប្រកាសថា រូបលោកហើយនិងប្រមុខការពារជាតិ​របស់ហ្វីលីពីន លោក កាលីតូ ហ្កាល់វេស (Carlito Galvez) បានយល់ព្រមចាប់ផ្តើមការល្បាតដែនសមុទ្ររួមគ្នាឡើងវិញនៅឯតំបន់​សមុទ្រចិនខាងត្បូង។ ការល្បាតនោះនោះត្រូវបានអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបានព្យាយាមស្វែងរកទំនាក់​ទំនងកក់ក្តៅជាមួយចិន បានសម្រេចផ្អាក ក្រោយលោកឡើងកាន់អំណាចកាលពីឆ្នាំ២០១៦។

គួរបញ្ជាក់ថា ចំណងទ្វេភាគីរវាងប្រទេសទាំងពីរ បាននិងកំពុងមើលឃើញភាពប្រសើរឡើងវិញ នៅក្រោមអាណត្តិប្រធានាធិបតីហ្វីលីពីន​បច្ចុប្បន្ន គឺលោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ (Ferdinand Marcos Jr) ដែលបានទៅជួបប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំលុងទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅទីក្រុងវ៉ាស៉ីនតោនកាលពីសប្តាហ៍មុន។ កំលុងពេលនោះ មន្ទីរបញ្ចកោណបានចេញគោលការណ៍​ណែនាំ ដែលរៀបរាប់នូវលក្ខខណ្ឌច្បាស់ៗនៃការប្តេជ្ញារបស់សហរដ្ឋអាមេរិក ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន ដែលបានផ្តោត​ជាពិសេសអំពីការវាយប្រហារនៅសមុទ្រចិនខាងត្បូង ក្នុងនោះរួមមានទាំងទៅលើកងកម្លាំងឆ្មាំសមុទ្រហ្វីលីពីន៕